ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រុមហ៊ុនធំរបស់ជប៉ុនជាច្រើនបាននិងកំពុងមកធ្វើការសិក្សាស្វែងយល់បន្ថែមពីកម្ពុជា និងគ្រោងចាប់ផ្តើមគំរោងវិនិយោគរបស់ពួកគេកាន់តែច្រើននៅកម្ពុជានាពេលខាងមុខនេះ លើវិស័យជាច្រើនរួមមាន វិស័យឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សេវាកម្ម និងហិរញ្ញវត្ថុ។

-->
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារជាមួយលោក យ៉ូស៊ី កុនដូ (Yoshio Kondo) អគ្គនាយក្រុមហ៊ុនប្រូឃេស អេស៊ា (Procast Asia) របស់ជប៉ុនកាលពីម្សិលម៉ិញនេះថា អ្នកវិនិយោគជប៉ុនបានបង្ហាញចំណាប់អារម្មណ៍ជាច្រើន ក្នុងការវិនិយោគនៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ នៅក្នុងវិស័យខាងលើ។ លោកបន្តថា ក្រុមអ្នកវិនិយោគទាំងនេះ បានធ្វើការសិក្សារួចហើយនាពេលកន្លងមក តាមរយៈពត៌មាន ហើយពេលនេះ ពួកគេមកដើម្បីធ្វើវិនិយោគលើកវិស័យឧស្សាហកម្ម វិស័យវេជ្ជសាស្ត្រ វិស័យហិរញ្ញវត្ថុ និងសេវាកម្ម។
ប្រធានក្រុមប្រតិភូសមាគមថូកៃហ្សៃលោក Tou Kaizaikai បានលើកឡើងថា ការអញ្ជើញដល់កម្ពុជាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមដើម្បីផ្លាស់ប្តូរព័ត៌មាន ហើយនៅថ្ងៃអនាគតខាងមុខ ក្រុមការងាររបស់ជប៉ុននឹងធ្វើការវិនិយោគនៅកម្ពុជា។ លោកបានបញ្ជាក់ថា មូលហេតុដែលជប៉ុនចង់ធ្វើការ វិនិយោគនៅកម្ពុជា ដោយសារមើលឃើញថា ប្រទេសកម្ពុជានាពេលអនាគតមានការរីកចម្រើនខ្លាំង។
សមាគម ថូកៃហ្សៃ មានទីតាំងនៅតំបន់ណាកូយ៉ាក់ ខេត្តអៃជិ ប្រទេសជប៉ុន ជាតំបន់មានការរីកចំរើនខ្លាំងលើវិស័យឧស្សាហកម្ម។ សមាគមនេះមានក្រុមហ៊ុនធំៗមានសមាជិកជាង ៣០០ក្រុមហ៊ុន។

សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ជប៉ុនបានវិនិយោគលើមូលដ្ឋានសំខាន់ៗ សម្រាប់ធ្វើការវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ ដែលបច្ចុប្បន្ននេះអ្នកវិនិយោគជប៉ុនបានវិនិយោគសាងសង់ខុនដូ សណ្ឋាគារ អាផាតម៉ិន ការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីលានវាយកូនហ្គោល ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុនានា។លោកបន្តថា តាមរយៈមូលដ្ឋានចាំបាច់ទាំងនេះ គឺជាភាពចាំបាច់សម្រាប់ទាក់ទាញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជានាពេលអនាគតកាន់តែច្រើនថែមទៀត។
លោកបន្តថា “ការបើកជើងហោះហើរត្រង់របស់អាកាសចរណ៍ ANA កាលពីចុងឆ្នាំមុន គឺជាប្រវត្តិសាស្ត្រនៃការភ្ជាប់ទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជប៉ុន កម្ពុជាឲ្យកាន់តែរ៉ឹងមាំថែមទៀត”៕