Hattha top Banner

ជប៉ុន​គ្រោង​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​នាពេលខាងមុខ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ធំ​របស់​ជប៉ុន​ជាច្រើន​បាននិងកំពុង​មក​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​ពី​កម្ពុជា និង​គ្រោង​ចាប់ផ្តើម​គំរោង​វិនិយោគ​របស់​ពួកគេ​កាន់តែច្រើន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ លើ​វិស័យ​ជាច្រើន​រួមមាន វិស័យ​ឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សេវាកម្ម និង​ហិរញ្ញវត្ថុ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក យ៉ូ​ស៊ី កុន​ដូ (Yoshio Kondo) អគ្គ​នាយក្រុម​ហ៊ុន​ប្រូ​ឃេ​ស អេ​ស៊ា (Procast Asia) របស់​ជប៉ុន​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា អ្នកវិនិយោគ​ជប៉ុន​បានបង្ហាញ​ចំណាប់អារម្មណ៍​ជាច្រើន ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​នាពេលខាងមុខឆាប់ៗនេះ នៅក្នុង​វិស័យ​ខាងលើ។ លោក​បន្តថា ក្រុម​អ្នកវិនិយោគ​ទាំងនេះ បានធ្វើការ​សិក្សា​រួចហើយ​នាពេល​កន្លងមក តាមរយៈ​ពត៌មាន ហើយ​ពេលនេះ ពួកគេ​មក​ដើម្បី​ធ្វើ​វិនិយោគ​លើក​វិស័យ​ឧស្សាហកម្ម  វិស័យ​វេជ្ជសាស្ត្រ វិស័យ​ហិរញ្ញវត្ថុ និង​សេវាកម្ម។

ប្រធាន​ក្រុម​ប្រតិភូ​សមាគម​ថូ​កៃ​ហ្សៃ​លោក Tou Kaizaikai បាន​លើកឡើងថា ការអញ្ជើញ​ដល់​កម្ពុជា​ពេលនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន ហើយ​នៅ​ថ្ងៃ​អនាគត​ខាងមុខ ក្រុមការងារ​របស់​ជ​ប៉ុន​នឹងធ្វើ​ការវិនិយោគ​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ជប៉ុន​ចង់​ធ្វើការ វិនិយោគ​នៅ​កម្ពុជា ដោយសារ​មើលឃើញថា ប្រទេស​កម្ពុជា​នាពេល​អនាគត​មានការ​រីកចម្រើន​ខ្លាំង។

សមាគម ថូ​កៃ​ហ្សៃ មាន​ទីតាំងនៅ​តំបន់​ណា​កូ​យ៉ាក់ ខេត្ត​អៃ​ជិ ប្រទេស​ជប៉ុន ជា​តំបន់​មានការ​រីកចំរើន​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម។ សមាគម​នេះ​មាន​ក្រុមហ៊ុនធំៗមាន​សមាជិក​ជាង ៣០០ក្រុមហ៊ុន។

សេដ្ឋវិទូ​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋានសំខាន់ៗ សម្រាប់ធ្វើ​ការវិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ ដែល​បច្ចុប្បន្ននេះ​អ្នកវិនិយោគ​ជប៉ុន​បាន​វិនិយោគ​សាងសង់​ខុន​ដូ សណ្ឋាគារ អា​ផាត​ម៉ិ​ន ការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីលាន​វាយ​កូន​ហ្គោល ក៏ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​នានា។លោក​បន្តថា តាមរយៈ​មូលដ្ឋាន​ចាំបាច់​ទាំងនេះ គឺជា​ភាពចាំបាច់​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​នាពេល​អនាគត​កាន់តែច្រើន​ថែមទៀត។

លោក​បន្តថា “ការបើក​ជើងហោះហើរ​ត្រង់​របស់​អាកាសចរណ៍ ANA កាលពី​ចុង​ឆ្នាំមុន គឺជា​ប្រវត្តិសាស្ត្រ​នៃ​ការភ្ជាប់​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ជប៉ុន កម្ពុជា​ឲ្យ​កាន់តែ​រ៉ឹង​មាំ​ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here