ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន KRISENERGY Co, Ltd បានប្រកាសចាប់ផ្តើមរុករករ៉ែប្រេងកាតថ្មីមូយ ស្ថិតក្នុងតំបន់មួយដែលគេឲ្យឈ្មោះថា ប្លុកអប្សរា ខណៈក្រុមហ៊ុននេះកំពុងធ្វើសកម្មភាពទាញយកប្រេងកាតនៅតំបន់ប្លុក A ដែលអាចនឹងទាញយកប្រេងនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ ២០២០ខាងមុខនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន គ្រីសអេនើជី និងជាប្រធានក្រុមហ៊ុនគ្រីសអេនើជី ប្រចាំប្រទេសកម្ពុលោក Kelvin Tang ជាបានអោយដឹងនាព្រឹកថ្ងៃទី២៦ តុលានេះថា ថាសេចក្តីសម្រេចចិត្តវិនិយោគ ចុងក្រោយគឺជាការបោះ ជំហានមួយទៀត ក្នុងការដើរ ទៅមុខ សម្រាប់ ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរាទៅតាម ពេល វេលាដែលបានកំណត់ទុក ក្រោយពីមានការចុះហត្ថលេខាជាផ្លូវការលើ កិច្ចព្រមព្រៀងប្រេងកាត ដែល បានធ្វើឡើងកាលពីចុងខែសីហា កន្លងទៅនេះ។
-->

លោកបន្តថា ក្រុមការងារបច្ចេកទេស និងផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន កំពុងរៀបចំការដាក់ដេញថ្លៃចាំបាច់ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ បរិក្ខារ និងសេវាកម្មផ្សេងៗ ។ ទន្ទឹមគ្នានេះដែរ ការពិភាក្សាជាមួយភាគីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងគម្រោង ថ្មីនេះក៏កំពុងប្រព្រឹត្តិទៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយហានិភ័យលើផ្នែកប្រតិបត្តិការនិងនិងការប្រើប្រាស់ទុនរបស់ក្រុមហ៊ុន។
បច្ចុប្បន្បក្រុមហ៊ុនគ្រីសអេនើជី គឺ ជាប្រតិបតិ្តករក្នុងប្លុក A កម្ពុជា ដែលកាន់កាប់ភាគហ៊ុន៩៥% តំណាងឲ្យរាជរដ្ឋា ភិបាលកម្ពុជា ហើយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាន់កាប់ភាគហ៊ុនចំនួន៥% ។
តំបន់កិច្ចសន្យាប្លុក A កម្ពុជា មានទំហំ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រកម្ពុជាក្នុងតំបន់ឈូងសមុទ្រ ថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ ម៉ែត្រទៅ៨០ម៉ែត្រ ។ជាមួគ្នានេះដំណាក់កាល1A នៃការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរា ដែលស្ថិតនៅក្នុងប្លុកA កម្ពុជា ក្នុងឈូងសមុទ្រថៃគ្រោងនឹងបង្កើត ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន២៤ ដែលបញ្ជូនសន្ទនីយ៍ (fluid) ដែលបូមបានក្នុងបរិមាណ៣ម៉ឺនបារែលក្នុងមួយថ្ងៃ ទៅកាន់នាវាផលិតកម្មមួយ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មប្រេង ដោយញែកយកឧស្ម័នប្រេង និងទឹកចេញពីគ្នា ។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍនៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា ការទទួលបានផលប្រេងជារឿងអបអរសាទរមួយ សម្រាប់កម្ពុជា ដែលផ្តល់ឲ្យរដ្ឋាភិបាលមានលទ្ឋភាពក្នុងការចំណាយលើការវិនិយោគប្រទេស ប៉ុន្តែកម្ពុជាមិនទាន់មានច្បាប់និងបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងធនធានរ៉ែឲ្យមានប្រសិទ្ឋិភាពនៅឡើយ ហេតុនេះការរៀបចំច្បាប់ឲ្យបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យប្រាកដថាការគ្រប់គ្រងចំណូលបានពីធនធានរ៉ែមានប្រសិទ្ឋិភាព និងតម្លាភាព៕