ភ្នំពេញ៖ ក្រុមហ៊ុនអ៊ីដឹម មីតស៊ុយ កូសាន ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនគ្រោងដាក់ទុនមហាសាល ដើម្បីរុករករ៉ែនិងឧស្ម័ននៅតំបន់ឈូងសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងប្រទេសថៃ ប្រសិនជាប្រទេសទាំងពីរឯកភាពឈានដល់កិច្ចព្រមព្រៀងរួម។
លោកអ៊ីជី ហាជីវ៉ារ៉ា (Eiji Hagiwara) មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនអ៊ីដឹម មីតស៊ុយ កូសានបានថ្លែងលើកឡើងនៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកាលពីម្សិលម៉ិញនេះថា ប្រទេសថៃក្នុងពេលបច្ចុប្បន្ន គឺមានការផ្លាស់ប្តូរជាច្រើន ព្រោះឧស្ម័នដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសថៃសព្វថ្ងៃ គឺនៅមានសល់តិចតូចណាស់ ដែលអាចនាំឲ្យប្រទេសថៃជួបនឹងបញ្ហាជាមិនខាន ក្នុងនោះបើតាមការគ្រោងទុករបស់លោកផ្ទាល់ ប្រទេសថៃមិនអាចពន្យាពេលតំបន់ទាមទារត្រួតស៊ីគា្ន (OCA) បានយូរទៀតនោះឡើយ ប្រសិនបើភាគីថៃងាកមកសុំចរចារតំបន់នេះវិញ ក្រុមហ៊ុនរបស់លោកនឹងបោះទុនទ្រព្យសម្បត្តិ ដែលមានក្នុងក្រុមហ៊ុនទាំងអស់ សម្រាប់ការវិនិយោគប្រេងកាតនៅក្នុងតំបន់នោះ។