ក្រុមហ៊ុន​ជប៉ុន​គ្រោង​ដាក់ទុន​មហាសាល​រុករក​រ៉ែ​នៅ​តំបន់​ត្រួតស៊ីគ្នា​កម្ពុជា-ថៃ

0

ភ្នំពេញ៖ ក្រុមហ៊ុន​អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​គ្រោង​ដាក់ទុន​មហាសាល ដើម្បី​រុករក​រ៉ែ​និង​ឧស្ម័ន​នៅ​តំបន់​ឈូង​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា និង​ប្រទេស​ថៃ ប្រសិនជា​ប្រទេស​ទាំងពីរ​ឯកភាព​ឈានដល់​កិច្ចព្រមព្រៀង​រួម។

លោក​អ៊ី​ជី ហា​ជីវ៉ា​រ៉ា (Eiji Hagiwara) មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​អ៊ី​ដឹ​ម មី​ត​ស៊ុយ កូ​សាន​បាន​ថ្លែង​លើកឡើង​នៅក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ប្រទេស​ថៃ​ក្នុងពេល​បច្ចុប្បន្ន គឺមាន​ការផ្លាស់ប្តូរ​ជាច្រើន ព្រោះ​ឧស្ម័ន​ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​នៅមាន​សល់​តិច​តូច​ណាស់ ដែល​អាច​នាំ​ឲ្យ​ប្រទេស​ថៃ​ជួបនឹង​បញ្ហា​ជាមិនខាន ក្នុងនោះ​បើតាម​ការគ្រោងទុក​រប​ស់លោក​ផ្ទាល់ ប្រទេស​ថៃ​មិនអាច​ពន្យា​ពេល​តំបន់​ទាមទារ​ត្រួត​ស៊ី​គា្ន (OCA) បានយូរ​ទៀត​នោះឡើយ ប្រសិនបើ​ភាគី​ថៃ​ងាក​មកសុំ​ចរចារ​តំបន់​នេះ​វិញ  ក្រុមហ៊ុន​របស់លោក​នឹង​បោះទុន​ទ្រព្យសម្បត្តិ ដែលមាន​ក្នុង​ក្រុមហ៊ុន​ទាំងអស់ សម្រាប់​ការវិនិយោគ​ប្រេងកាត​នៅក្នុង​តំបន់​នោះ។

លោក ស៊ុយ សែម បាន​បញ្ជាក់ជូន​ប្រតិភូ​ជប៉ុន​ថា កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងពេល​លោក​ប្រាក់​យុ​ទ្ឋ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​អញ្ជើញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានចេញ​សេចក្តី​ថ្លែង​ការរួម​មួយ ដើម្បី​ជម្រុញ​យន្តការ​នេះ​ឲ្យ​បាន​លឿន នៅក្នុង​តំបន់​ប្រេងកាត​ត្រួតស៊ីគ្នា​នោះ។

លោក​បន្តថា ភាគី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង នឹង​ឈានទៅដល់​ការចរចារ​ម្តង​ជា​ពីរដង​រួចមកហើយ ក្នុងនោះ​ភាគី​ថៃ​ហាក់​សំដែង​នូវ​ការទទួលយក ប៉ុន្តែ​ជា​លទ្ធផល​គឺ​ពុំ​បានចេញ​ជា​ផ្លៃ​ផ្ការ​នោះឡើយ ដោយ​អ្នកបច្ចេកទេស​ថៃ តែងតែ​ទាញយក​បញ្ហា​ព្រំដែន គឺ​ចង់​ឲ្យ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​កំណត់​ព្រំ​ជាមុន។ ដោយឡែក​កម្ពុជា​វិញ គឺ​ចង់ទុក​រឿង​ព្រំដែន​ដោះស្រាយ​ជា​ក្រោយ ដែល​ធ្វើ​ឲ្យ​ការជជែក​វែកញែក​មិនបាន​ត្រូវ​គ្នា​ឡើយ ហើយ​បញ្ហា​នេះ​បាន​បន្ត​ទុក​មកដល់​សព្វថ្ងៃនេះ ប៉ុន្តែ​ភាគី​កម្ពុជា​នៅ​រងចាំ​ចរចារ​ជានិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់ (OCA) នេះ​ឲ្យ​ចេញ​ជា​រូបរាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here