កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិននៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ

0

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា  កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន នៅមុនថ្ងៃទី១២ ខែសីហាខាងមុខនេះដែលគណៈកម្មសហភាពអឺរ៉ុប សម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ដែលផ្តល់ដល់កម្ពុជាប្រមាណ២០ភាគរយ។

លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌ ការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជាចិន ឆ្នាំ២០១៩២០២៣ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសចិន ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ។

លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិននេះ មានន័យ២យ៉ាងទំាងសេដ្ឋកិច្ច និងនយោបាយ។ លោកបន្តថា ក្នុងន័យសេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែអភិវឌ្ឍន៍រីកចម្រើន។ ចំពោះន័យនយោបាយវិញ វាជាសារមួយបញ្ជាក់ទៅកាន់សហភាពអឺរ៉ុបថា កម្ពុជាមានច្រកសេដ្ឋកិច្ច ពិសេសមួយថែមទៀតក្រៅពីសហភាពអឺរ៉ុប

លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះឱ្យដឹងថា សម្ដេចហ៊ុន សែន នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងធ្វើការពិភាក្សាផ្សេងៗទៀតដើម្បីបង្កើនល្បឿនក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ។

លោកបន្តថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅដោយផ្ទាល់ដើម្បីធ្វើជាអធិបតី នៅក្នុងកិច្ចចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ខណៈដែលកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងរៀបចំព    ន្លឿនការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូង

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០កន្លងមកនេះ ។ ភាគីទាំងពីរបានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណីក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុង     រយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។

តាមផែនការគណៈកម្មការសភាពអឺរ៉ុប ការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុប ដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងកន្លងមកនេះថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ  និងការជំនួសមកវិញ ជាមួយនឹងពន្ធស្តង់ដាររបស់សហភាពអ៊ឺរ៉ុប  នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងដែលបានជ្រើសរើស និងរាល់ទំនិញសម្រាប់ការធ្វើដំណើរនិងស្ករសរ។

សេចក្តីប្រកាសដដែលបន្តថា ការដកនេ មានចំនួនប្រហែល១ភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេវិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ។

ការព្រមានដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់គណៈសហភាពអឺរ៉ុបនេះ បានធ្វើផលិតផលនាំចេញរបស់កម្ពុជាប្រមាណ៤០មុខ រួមមានសម្លៀកបំពាក់កាត់ដេរ សម្ភារៈធ្វើដំណើរ វ៉ាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក២០ភាគរយនោះ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងកន្លងមកនេះថា រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រួយបារម្ភពីការដក ឬព្យួរនូវប្រព័ន្ធអនុគ្រោះពន្ធEBA ពីសំណាក់គណៈកម្មសភាពអឺរ៉ុបនោះទេ ខណៈដែលកម្ពុជាបានត្រៀមខ្លួនជាស្រេច ចំពោះបញ្ហានេះ  ដោយបានដាក់ចេញនូវគោលនយោបាយផ្សេងៗ ទប់ទល់ទៅនឹងបញ្ហាញនេះ ។

សម្តេចតេជោហ៊ុន សែនបន្តថាប្រព័ន្ធអនុគ្រោះពន្ធEBAនេះ មុននឹងក្រោយ គង់តែគេដកនោះទេ នៅពេលដែលប្រទេសកម្ពុជានការរីកចំរើន។ សម្តេចបន្តថា ម្យ៉ាងទៀត កម្ពុជាក៏មិនយកអធិបតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយនឹងជំនួយនោះដែរ

សមាគមរោងចក្រកាត់ដេរកកម្ពុជា(GMAC) និងស្ថាប័ននានាកាលពីកន្លងមកនេះ បានសរសេរលិខិតទៅគណៈកម្មការសភាពអឺរ៉ុប កុំឱ្យមានការព្យួរឬដកប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ខណៈដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងទទួលរងនូវវិបត្តិនៃជំងឺ Covid-19 ដែលឈមទៅនឹងបញ្ហាសេដ្ឋកិច្ច និងការនាំចេញនានា។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុគ្រោះ ដោយមិនជាប់ពន្ធនាំចូលនិងកូតា។

EBA ជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់ នឹងត្រូវទទួលបាននូវការអនុគ្រោះ មិនជាប់ពន្ធនាំចូលនិងកូតាប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផល ប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេសអង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here