រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​បិទផ្លូវ​ចូល​ក្រុង​លើ​កំណាត់​ផ្លូវជាតិ​លេខ៤

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ដោយសារតែ​ភាព​ប្រឈម​នឹង​ស្ថានភាព​ជន់​លិច នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ដែល​កំពុង​រង​នូវ​ការ​ជន់​លិច រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ប្រកា​សបិទ​ផ្អាក​ការធ្វើ​ចរាចរណ៍​ផ្លូវ​ចូល​ក្រុង​ជា​បណ្តោះអាសន្ន ចាប់ពី​ចំណុច​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល រហូតដល់​ចំណុច​ដ​ណ្ឌ​អូ​ឌឹ​ម ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

អភិបាលខណ្ឌ​កំបូល លោក ឃឹម ស៊ុន​សូ​ដា បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១៥ ខែតុលា​ឆ្នាំ០២០នេះ​ថា ដោយសារ​ស្ថានភាព​ទឹក​នៅ​បន្ដ​ហូរ កាត់​ផ្លូវជាតិ​លេខ៤កាន់តែខ្លាំង រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យ​បិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ចាប់តាំងពី​ចំណុច​ផ្សារ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល រហូតដល់​ចំណុច​អូ​ឌឹ​ម ជិត​ផ្លូវដែក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

ស្ថានភាព​នៃ​ការ​ជន់​លិច​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ដែល​បណ្តាលមកពី​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​អូ​ឌឹ​ម មាន​រយៈពេល​ប្រមាណ១សប្ដាហ៍​ហើយ ដែល​រហូតមកដល់​ល្ងាច​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ​នៅ​មិនទាន់​ស្រក​ចុះ​នៅឡើយ ពោល​នៅមាន​សភាព​ជន់​លិច​ខ្លាំង​ដដែល ដោយពេល​ខ្លះ រថយន្ដទាបៗ ឬ​ម៉ូតូ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ​មិនអាច​ចរាចរណ៍​បានឡើយ។

ជាមួយគ្នានេះ​ផងដែរ លោក​ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល​ក៏បាន​ក្រើន​រំលឹកថា រហូតមកដល់​ពេលនេះ ទឹក​បន្ដ​ជន់​លិច​ខ្លាំង​នៅ​ផ្លូវជាតិ​លេខ៤ ចំណុច​អូ​ឌឹ​ម រហូត​ជិត​ដល់​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​សម្រាប់​បងប្អូន​ដែល​គ្រោង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៤ចេញ​ឬ​ចូល​ភ្នំពេញ សូម​វៀង​តាមផ្លូវ​ផ្សេង​ដែល​ធ្វើដំណើរ​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here