អ្នកជំនាញ៖ ឆ្នាំ២០២១ ជា​ពេលវេលា​ល្អ​សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍ក្នុង​វិស័យ​អចលនទ្រព្យ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ទាប់ពី​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងដំណំ ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល​ដែល​បណ្តាលមកពី​ជំងឺឆ្លង​នៅក្នុង​ឆ្នាំ២០២០ សម្រាប់​ឆ្នាំ២០២១នេះ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ចំពោះ​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់​វិនិយោគ ក៏ដូចជា​ធ្វើការ​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​បំផុត។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ឆ្នាំ២០២១ គឺជា​ពេលវេលា​មួយ​ដែល​ស័ក្ដិសម​បំផុត សម្រាប់​អ្នក​ដែលមាន​ដើមទុន និង​ចរន្ត​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ ឬ​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​នៅ​អំឡុង​ចុងឆ្នាំ២០២១ ឬ​ដើមឆ្នាំ២០២២ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​ត្រូវបាន​បញ្ចប់​ក្រោយ​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សាកល។

លោក​បន្តថា “ពេលនេះ​នៅតាម​បណ្តា​ប្រទេសធំៗមួយចំនួន ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​ជាបណ្តើរៗ ហើយនឹង​បន្ត​នាំ​ចែកចាយ​ទៅតាម​បណ្តា​ប្រទេសផ្សេងៗ ដែល​ក្នុងនោះ​កម្ពុជា ក៏​ត្រៀម​នឹង​នាំយកមក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដែរ។លោក​បន្តថា“ដូច្នេះ​ក្រោយពេល​មានការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​សាកល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ពេលនោះ​ដំណើរការ​នៃ​ចរន្ត​សេដ្ឋកិច្ច​នឹង​ចាប់ផ្តើម​ឡើងវិញ ហើយ​ទីផ្សារ​អចលនទ្រព្យ​ក៏​នឹង​ផ្តើម​វិល​ទៅរក​ភាពល្អប្រសើរ​វិញ​ដែរ” ។

លោក​សុខ​នី​ម​បាន​បន្តថា នៅក្នុង​ឱកាស​នេះ​សម្រាប់​អ្នក​លុយ​គ្រប់គ្រាន់ គួរ​ទិញ​ដី ឬ​ផ្ទះ​ទុក លក់ ឬ​ជួល​យកចំណេញ​ក្រោយពេល តម្លៃ​ចាប់ផ្តើម​ឡើងថ្លៃ​នៅ​ឆ្នាំក្រោយ ឬ​ឆ្នាំ​បន្ទាប់។ ដោយឡែក​សម្រាប់​អ្នក​ដែលមាន​លុយ​ជា​កញ្ចប់ គួរ​ទិញ​គម្រោង​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ និង​ស្ថិត​ទីតាំង​ល្អ ព្រោះ​ខុន​ដូ​បាន​ផ្តល់ឱកាស ក្នុង​ការបង់​រំលស់​រយៈពេល​យូរ ហើយ​ក្រោយ​ការបញ្ចប់​គម្រោង អាច​លក់​ចេញ​វិញ​បាន​តម្លៃ​ថ្លៃ ឬ​អាច​ជួល​បាន​ក្នុងតម្លៃ​ខ្ពស់។ ប៉ុន្តែ​មុនពេល​ទិញ​ត្រូវ​ប្រាកដថា ទិញ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ដែលមាន​កេរ្តិ៍​ល្អ​ត្រឹមត្រូវ ជៀសវាង​ទិញ​ចំ​គម្រោង​ស្អុយ មិន​ដំណើរ​រលូន ដែល​អាច​បង្ក​ជាការ​ខាតបង់។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ   Key Real Estate លោក សន សៀ​ប បាន​មាន​លើកឡើងថា នៅក្នុង​ឆ្នាំ២០២១នេះ សម្រាប់​ខេត្ត​ដែលមាន​សក្ដានុពល​ក្នុង​ទិញ​ដី​វិនិយោគ ឬ​អភិវឌ្ឍន៍​គម្រោងផ្សេងៗ គួរ​សម្លឹង​ទៅកាន់​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន២ គឺ​ខេត្តកំពត និង​ខេត្ត​កែប ដែលមាន​សក្ដានុពល​ផ្នែក​ទេសចរណ៍។

លោក​បាន​បន្តថា “ខេត្ត​កែប និង​ខេត្តកំពត បាន​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព ពី​សំណាក់​ទេសចរ​ក្នុងស្រុក ជាពិសេស​ក្រោយពេល​ផ្លូវជាតិ​លេខ៣ ត្រូវបាន​បញ្ចប់​ការសាងសង់​នោះ វា​នឹង​កាន់តែ​ជំរុញ​ឱ្យ​ទេសចរ​ធ្វើដំណើរ​ទៅកាន់​តំបន់​កម្សាន្ត​នានា នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងពីរ​នេះ” ។

លោក​បន្តថា សម្រាប់​ការវិនិយោគ ក្នុង​វិស័យ​ដីធ្លី​នៅក្នុង​ខេត្ត​ទាំង២នេះ គឺ​នៅ​មានឱកាស​ទទួលបាន​ចំណេញ ដោយសារតែ​វិសាលភាព​នៃ​ដី​ទំនេរ​នៅមាន​ច្រើន ហើយ​តម្លៃ​ក៏មាន​ទាន់​ឡើង​ខ្ពស់​ខ្លាំង​នោះដែរ ដូច្នេះ​ឱកាស​វិនិយោគ នៅតែមាន​ជាពិសេស​ដី​ដែល​ស្ថិតនៅតាម​តំបន់​ជិត​ភ្នំ តំបន់​ជាប់​ព្រែក ដែល​ស័ក្ដិសម​នឹង​ការអភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត ឬ​លំនៅដ្ឋាន​លំហែរ។ ប៉ុន្តែ​សម្រាប់​ការទិញ​ដី​ទុក ក៏​មិនសូវ​ទទួលបាន​ផល​ច្រើន ដែល ទាល់តែ​ទិញ​សម្រាប់​គម្រោង​អភិវឌ្ឍ ទៅជា​តំបន់​ទេសចរណ៍​កែច្នៃផ្សេងៗ ទើប​អាចមាន​សក្ដានុពល​ល្អ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here