ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនថាទោះជាស្ថិត នៅក្នុងអំឡុងពេលទីផ្សារ កំពុងមានភាពរីកចម្រើន មានតម្រូវការខ្ពស់ ឬស្ថិតនៅក្នុងបរិបទ ដែលកំពុងកើតមានវិបត្តិដូចពេលបច្ចុប្បន្ននេះនោះទេ សម្រាប់អ្នកដែលរកស៊ីពិតប្រាកដ និងមានចំណេះដឹងស្គាល់ពីទីផ្សារអចលនទ្រព្យច្បាស់ ពួកគេនៅតែមានឱកាសចំណេញដដែល។
មានការលើកឡើងជាច្រើនថា ស្ថិតនៅក្នុងកាលៈទេសៈ ដែលកំពុងគំរាមកំហែងដោយវិបត្តិនាពេលបច្ចុប្បន្ននេះ មុខជំនួញអាជីវកម្មជាច្រើន រាប់ទាំងទីផ្សារអចលនទ្រព្យផងដែរបានជួបនឹងបញ្ហារាំងស្ទះ និងទទួលរងនូវការខាតបង់ជាខ្លាំង។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌី ដែលជាអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងជាអ្នកមានមុខជំនួញ ក្នុងដៃប្រមាណ១០ក្រុមហ៊ុននោះបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា សម្រាប់អ្នករកស៊ីពិតប្រាកដ មានបទពិសោធន៍ មានចំណេះដឹងពាក់ព័ន្ធទៅនឹងមុខជំនួញ ដែលកំពុងធ្វើពិតប្រាកដ ភាពប្រឈមនឹងការខាតបង់គឺមានតិចបំផុត។
លោកបន្តថា ប៉ុន្តែចំពោះអ្នកដែលទទួលរងនូវការខាតបង់ ឬក្ស័យទុនដោយសារតែវិបត្តិសង្គម ដែលជាព្រឹត្តិការណ៍ក្នុងរយៈពេលខ្លីនេះ ក៏ព្រោះអ្នកទាំងនោះភាគច្រើនមិនស្គាល់ច្បាស់ពីទីផ្សាររបស់ខ្លួន ហើយមិនមានផែនការអាជីវកម្ម រួមជាមួយស្ថិរភាពនៃចរន្តសាច់ប្រាក់បម្រុងទុក។
លោកបានបញ្ជាក់ថា “ខ្ញុំទទួលស្គាល់ថាវិបត្តិកូវីដ១៩ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទីផ្សារវិស័យជាច្រើន ដែលក្នុងនោះទីផ្សារអចលនទ្រព្យ ក៏រងផលប៉ះពាល់ខ្លះដែរ” ។ លោកបន្តថា “ប៉ុន្តែសម្រាប់អ្នកជំនួញ ឬអ្នករកស៊ីនៅក្នុងទីផ្សារអចលនទ្រព្យពិតប្រាក មានចំណេះដឹង និងបទពិសោធន៍ហាក់មិនប៉ះពាល់នោះទេ ផ្ទុយទៅវិញពួកគេអាចឆក់យកឱកាសដែលកំពុងមានវិបត្តិនេះ ប្រែក្លាយទៅជាឱកាសចំណេញ” ។
អ្វីដែលសំខាន់ គឺត្រូវពិចារណាពីតំបន់ណាមួយ ដែលត្រូវចាប់អនុវត្តក្នុងជំហានបន្ទាប់តែប៉ុណ្ណោះ ដែលនេះធ្វើឲ្យលោកយល់ថា ទោះក្នុងកាលៈទេសៈបែបណានោះទេ ឱ្យតែយើងមានផែនការច្បាស់ ស្គាល់ពីតម្រូវការទីផ្សារពិតប្រាកដ និងការតាំងចិត្តចាប់អនុវត្តន៍ ភាគរយជោគជ័យនឹងមានច្រើន។
ជាមួយនឹងការលើកឡើង ពីការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ដោយគ្មានក្ដីបារម្ភខាងលើនេះ លោកម៉ាន ច័ន្ទឌី ក៏បានពន្យល់បន្ថែមផងដែរថា មិនមែនចំពោះតែទីផ្សារអចលនទ្រព្យនោះទេ អ្នកផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងវិស័យដទៃទៀត ក៏ត្រូវតែមានផែនការ និងការឈ្លាសវៃក្នុងការចាប់យកឱកាសដូចគ្នា។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់អ្នកបើកអាជីវកម្មចំណីអាហារ ដែលផ្គត់ផ្គង់តម្រូវការ នៅតែមួយកន្លែងរង់ចាំអតិថិជនមកទិញ។ លុះក្នុងគ្រា ដែលកំពុងជួបបញ្ហាដូចបច្ចុប្បន្ន មនុស្សភាគច្រើនមិនសូវចេញក្រៅផ្ទះ ដូច្នេះការរង់ចាំអតិថិជនមកទិញដល់ទីតាំងគឺប្រឈមនឹងការក្ស័យធន ដូច្នេះត្រូវតែផ្លាស់ប្ដូរឥរិយាបថ ដោយការផ្គត់ផ្គង់តម្រូវការដល់ទីតាំងអតិថិជនផ្ទាល់ ដោយគ្រាន់តែបូកបន្ថែមកម្រៃសេវា បន្តិចបន្តួចតែប៉ុ ណ្ណោះ។
លោកបន្ថែមថា “អ្នកដែលចេះបត់បែន និងចេះឆ្លៀតឱកាស នៅតែអាចយកប្រាក់ចំណេញបានគ្រប់ពេល” ៕