ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ទីផ្សារអចលនវត្ថុកម្ពុជាបានកើនឡើងនូវការប្រកួតប្រជែង ជាស្វ័យប្រវត្តិ នៅពេលក្រុមហ៊ុនកើតឡើងកាន់តែច្រើន និងការចូលមកដល់នៃក្រុមហ៊ុនអន្តរជាតិនានាមកកាន់ទីផ្សារដែលទើបរីកចម្រើន តែមានភាពផុយស្រួយនេះ។
ថ្មីៗនេះ លោកបណ្ឌិតគីម ហ៊ាងអគ្គនាយកក្រុមហ៊ុន Khmer Real Estate បានទិញMaster Franchise ក្រុមហ៊ុនអចលនទ្រព្យយក្សអាមេរិកមួយមកកាន់ទីផ្សារនេះ ខណៈក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក ដូចជា Century21, ERA, CBRE, knight Frank ជាដើមបានចូលមកកាន់ទីផ្សារនេះរួចទៅហើយ។
តើក្រុមហ៊ុនថ្មីនេះចាប់យក និងមានវិធីសាស្រ្តចូលទីផ្សារបែបណា លោកគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងថា Keller Williams Realty គឺជាក្រុមហ៊ុនអចលនទ្រព្យដែលរកបានប្រាក់ចំណូលច្រើនជាងគេនៅ សហរដ្ឋអាមេរិក និងក្នុងពិភពលោកនៅឆ្នាំ ២០១៧ គឺបានរហូតដល់ជាង១០០០លានដុល្លារ និងមានភ្នាក់ងារសរុបចំនួន១៦៥ ៦៤២ នាក់ទូទាំងពិភពលោក។
លោកបន្តថា “ខ្ញុំបានទៅសហរដ្ឋអាមេរិកជាច្រើនលើក ដើម្បីសិក្សាពីសក្តានុពល និងវិធីសាស្ត្ររបស់ក្រុមហ៊ុន អចលនទ្រព្យជាច្រើននៅទីនោះ សម្រាប់យកមកជួយអភិវ ឌ្ឍធនធានមនុស្ស និងវិស័យអចលនទ្រព្យនៅកម្ពុជា”។
លោកគីម ហ៊ាងបានបន្តថា “សម្រាប់ការទិញសិទ្ធិ Master Franchise នេះគឺខ្ញុំមិនត្រឹមតែមានបំណងក្នុងការពង្រីកដៃគូអាជីវកម្មឲ្យ បានទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពេលថ្ងៃអនាគតខ្ញុំក៏អាចពង្រីកទៅដល់ប្រទេសជិត ខាងក្នុងតំបន់អាស៊ានផងដែរ”។
បើតាមលោក គីម ហ៊ាង បានឲ្យដឹងថា សម្រាប់ការលក់សិទ្ធិបន្តដំណាក់កាលដំបូង លោកនឹងមិនលក់ឲ្យក្រុមហ៊ុនច្រើននោះទេ ដោយក្នុងរាជធានីភ្នំពេញអាចមានចំនួនពី ៣ ទៅ៥។ ចំណែកតាមបណ្តាខេត្តគឺក្នុង១ គឺលោកអនុញ្ញាត្តឲ្យមានតែ១ប៉ុណ្ណោះ។ លក្ខខណ្ឌដែលអាចទិញអាជីវកម្មពីក្រុមហ៊ុននេះបាន គឺជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមាន បទពិសោធការងារផ្នែកអចលនទ្រព្យយ៉ាងតិចចំនួន៣ឆ្នាំ និងមានបុគ្គលិកផ្នែកលក់យ៉ាងតិច ២០ នាក់ឡើងទៅ។
អ្វីដែលក្រុមហ៊ុននេះត្រូវធ្វើ ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន លោក គីម ហ៊ាង បានឲ្យដឹងថ Keller Williams Cambodia នឹងបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនជារៀងរាល់ខែហើយ នៅក្នុងឆ្នាំ ២០២២ ខាងមុខក្រុមហ៊ុន Keller Williams Cambodia គ្រោងបើកវិទ្យាស្ថានសម្រាប់បណ្តុះបណ្តាលដល់មនុស្សទូទៅដែលមានបំណង សិក្សាពីជំនាញនានាទាក់ទងនឹងវិស័យអចលនទ្រព្យផងដែរ ដែលវិទ្យាស្ថាននេះមានឈ្មោះថា The Institute of Keller Williams Cambodia។
លោកបន្តថា “ក្នុងនាមជាម្ចាស់អាជីវកម្ម KW នៅកម្ពុជា (Regional Operating Principal) របស់ក្រុមហ៊ុន Keller Williams Cambodia ខ្ញុំរំពឹងថាក្រុមហ៊ុននឹងមានដំណើរការទៅមុខយ៉ាងរលូនហើយតាមរយៈ នេះវានឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាព រីកចម្រើនថែមទៀតក្នុងកម្រិតមួយខ្ពស់ជាងនេះ”៕