តើ​ទីផ្សារ​ទិញ​លក់​អចលនវត្ថុ​កំពុង​វិវត្តន៍​ដូចម្ដេច ខណៈ​ជំងឺ​កូ​វីដ១៩កំពុង​អូសបន្លាយ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ កាន់តែ​ធ្ងន់ធ្ងរ​ជាង​កាលពី​អំឡុង ត្រីមាស​ទី១ដើមឆ្នាំ២០២១ បើទោះជា​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ ការទិញ​លក់​អចលនវត្ថុ​មួយចំនួន​នៅតែ​បន្ត​មាន ប៉ុន្តែ​ចូលមក​ដល់​ត្រីមាស​ទី២ ទីផ្សារ​មួយ​នេះ​កាន់តែ​ស្ងប់ស្ងាត់​ខ្លាំង និង​ឈានទៅរក​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ ប្រសើ​ន​បើ​បញ្ហា​រាលដាល​នៃ​ជំងឺ​នៅតែ​បន្ត ហើយ​រដ្ឋាភិបាល​ផ្អាក​ចរាចរណ៍​នៅតាម​តំបន់​មួយចំនួន​បន្ថែមទៀត។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DEYTHMEY Real Estate លោ​កវិន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ចាប់តាំងពី​ផ្ទុះឡើង​នូវ​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍ កាន់តែខ្លាំង​រហូតដល់​មានការ​ផ្អាក​ចរាចរណ៍​នៅ​តំបន់​នានា ក៏ដូចជា ចេញចូល​ខេត្ត​ក្រុង​មួយចំនួន​បានធ្វើឱ្យ​ទីផ្សារ​នៃ ការទិញ​លក់​មានការ​ធ្លាក់ចុះ​ស្ទើរ ដល់​កម្រិត​សូន្យ​ក្នុង​រយៈពេល​ប្រមាណ១ខែ​ចុង​ក្រោយនេះ។

លោក​បាន​បន្តថា “នៅក្នុង​ត្រីមាស​ទី១ដើមឆ្នាំ២០២១នេះ បើទោះជា​មាន​ព្រឹត្តិការណ៍២០កុម្ភៈ ប៉ុន្តែ​ការទិញ​លក់​មួយចំនួន ជាពិសេស​ផ្នែក​ដីធ្លី​បើទោះជា​មិន​មមាញឹក​ក៏មានមួយៗដែរ ប៉ុន្តែ​ចាប់តាំងពី​ចូលដល់​ត្រីមាស​ទី២នេះ​គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង” ។

លោក​បន្តថា និយាយ​ទៅក្នុង​រយៈពេល១ខែ​ចុងក្រោយ​ខែ​នេះ កុំថាឡើយ​ការទិញ​ដីធ្លី​ក្នុង​ទ្រង់ទ្រាយ​ធំ និង​មធ្យម សូម្បីតែ​គម្រោង​ដី​ឡូ​តិ៍ ក៏​ស្ទើរតែ​គ្មាន​ភ្ញៀវ​សួរនាំ​ផង ព្រោះ​នៅក្នុង​ដំណាក់កាល​នេះ មនុស្ស​ភាគច្រើន​មិនអាច​ចេញ​ដើរ​ក្រៅ ឬ​ប្រកប​អាវ​កម្ម​ដើម្បី​រកចំណូលបាន​នោះទេ ដូច្នេះ​ពួកគេ​ទុក​លុយ​សម្រាប់​ប្រើប្រាស់ ឬ​ផ្គត់ផ្គង់​គ្រួសារ​ដែលជា​រឿង​ចាំបាច់​ជាមុនសិន។

លោក​បន្តថា “ខ្ញុំ​ជឿថា​ក្នុង​ពេលនេះ បើទោះជា​អ្នកមាន​លុយ​ច្រើន ក៏​គេ​មិន​ចង់​បញ្ចេញ​ទិញ​នោះដែរ លើកលែងតែ​មើលឃើញ​ពី​ឱកាស​ចំណេញ​ច្រើន ដែល​ម្ចាស់​អចលនវត្ថុ​មួយចំនួន​តូច​បង្ខំចិត្ត​លក់​ចេញ ក្នុងតម្លៃ​ទាប​បំផុត​ទើប​ពួកគេ​បញ្ចេញ​លុយ​ទិញ​ទុក​លក់​យកចំណេញ​នៅ​ឆ្នាំ​បន្ទាប់ ឬ​ក្រោយ​បញ្ចប់​បញ្ហា​កូ​វី​ដដែល​កំពុង​រាតត្បាត​នេះ” ។

លោកស្រី​អាន សុធី​តា ជា​អតីត​នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អន្តរជាតិ ដែលមាន​ជំនាញ​ច្បាស់​ផ្នែក​ទីផ្សារ​អចលនទ្រព្យ បាន​មានប្រសាសន៍​ក្នុង​ដំណាក់​នេះ អ្នកវិនិយោគ​អចលនទ្រព្យ​ភាគច្រើន មិន​ចង់​បញ្ចេញ​កញ្ចប់​ថវិកា​វិនិយោគ​នោះឡើយ លើកលែងតែ​អ្នក​អភិវឌ្ឍន៍​ដែល​នៅ​បន្ត​គម្រោង​ចាស់​តែប៉ុណ្ណោះ។

លោកស្រី​បញ្ជាក់ថា “ទិន្នន័យ​នៃ​ការទិញ​លក់ ឬ​កំណើន​នៃ​ការផ្គត់ផ្គង់​ផ្នែកផ្សេងៗ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅពេលនេះ ខ្ញុំ​មិនបាន​ដឹង​ច្បាស់​នោះទេ ព្រោះ​ខ្ញុំ​បាន​សម្រាក​ពី​ទីផ្សារ​មួយ​នេះ​មួយរយៈ​ហើយ” ។

កាលពីពេល​កន្លងទៅ លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍ថា “ដោយសារតែ​បញ្ហា​ជំងឺឆ្លង​កំពុងតែ​ប្រឈម​ខ្លាំង ហើយម្នាក់ៗក៏​កំពុង​ព្យាយាម អនុវត្តន៍​តាម​ការណែនាំ​របស់​រា​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺឆ្លង ដូច្នេះ​ពួកគេ​ភាគច្រើន នៅ​ក្នុងផ្ទះ​កាត់បន្ថយ​ការចេញ​ក្រៅ ដែល​ធ្វើឱ្យ​សកម្មភាព​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ ដែល​ធ្លាប់តែ​សកម្ម​ត្រូវបាន​កាត់បន្ថយ ដូច្នេះ​វា​នឹង​ធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ភាពស្ងប់ស្ងាត់​បន្តិច​ហើយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here