ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ដោយសារតែការផ្ទុះរីករាលដាលនូវជំងឺកូវីដ១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ កំពុងធ្វើឱ្យមានផលប៉ះពាល់ ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ២០២១ បានតម្រូវឱ្យរាជរដ្ឋាភិបាល ត្រូវធ្វើវិចារណកម្មចំណាយ(រៀបចំផែនការចំ ណាយឡើងវិញ)ថវិកាឡើងវិញ ក្នុងគោលបំណងសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយបញ្ហាជាអាទិភាព នាពេលបច្ចុប្បន្ន។
យោងតាមសារាចរណែនាំស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ក្រសួងស្ថាប័នរដ្ឋបាលកណ្ដាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព ជាក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការរបស់រាជរដ្ឋាភិបាល នូវវិធានការសម្រាប់អនុវត្តការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ ២០២១។
សារាចរណែនាំដដែលនេះបានឱ្យដឹងថា ការធ្វើវិចារណកម្មថវិកាឆ្នាំ២០២១ ត្រូវបាន លើកលែងសម្រាប់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ទាំងអស់ ដែលកំពុងមានភារកិច្ចច្រើន ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឹកូវីដ១៩ ព្រមតាំងផ្ដល់ការលើកលែងវិចារណកម្មថវិកា ចំណាយចរន្តរបស់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមផ្ទាល់ក្នុងសកម្មភាពទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងផ្ដល់ភាពទន់ភ្លន់ដល់ក្រសួងទាំងបីនេះ អាចធ្វើនិយ័តកម្មឥណទានផ្ទៃក្នុងឱ្យអស់លទ្ធភាព តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ដើម្បីបំពេញតម្រូវការចាំបាច់ ផ្នែកអន្តរាគមន៍ដែលពាក់ព័ន្ធនឹងវិបត្តិកូវីឌ១៩ ដើម្បីជៀសវាងការស្នើសុំបន្ថែមឥណទាន។
ចំណែកវិធានការនៃការធ្វើវិចារណកម្មចំណាយចរន្តថ្នាក់ជាតិ ត្រូវបានដាក់ឱ្យអនុវត្តលើចំណាយមិនមែនបន្ទុកបុគ្គលិក ដោយកាត់ព្យួរចំណាយទៅតាមកម្រិតភាគរយដែលបានកំណត់ លើមូលដ្ឋានឥណទានថវិកា៥០ភាគរយ នៃឥណទានអនុម័តដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ចំពោះមុខសញ្ញាចំណាយមួយចំនួនដែលមិនទាន់ចាំបាច់ ឬមិនចាំបាច់ខ្លាំង ។
ក្នុងសារាចរណែនាំបានបញ្ជាក់ថា ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយដែលបានដាក់ចេញ ត្រូវបានគិតគូររៀបចំឡើង ក្នុងក្របខណ្ឌនៃការធានាប្រក្រតីភាពនៃស្ថាប័នរដ្ឋ និងរក្សាលំនឹងជីវភាពប្រជាជន ទន្ទឹមនឹងការសន្សំធនធានថវិកាដើម្បីបង្វែរទៅបំបេញឱ្យសេចក្តីត្រូវការចាំបាច់ និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃកូវីដ១៩ ពិសេសក្នុងអំលុងពេលនៃការអនុវត្តការបិទខ្ទប់នៅទីតាំងភូមិសាស្ត្រមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងជនងាយរងគ្រោះ៕