ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ាន: ការពន្លឿនការចាក់វ៉ាក់សាំងនិងគោលនយោបាយហិរញ្ញវត្ថុជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងវិលត្រឡប់ទៅរកកំណើនវិជ្ជមានវិញនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការពន្លឿនការចាក់វ៉ាក់ជូនប្រជាជន និងការដាក់ចេញកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ និងការបិទខ្ទប់តំបន់បង្ហាញពីបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ក៏ដូចជាតម្រូវការចាក់វ៉ាក់សាំងលឿនជាងមុន និងវិធានការនិងគោលនយោបាយដែលមានភាពបត់បែនបាន ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកបណ្ឌិត Seung Hyun Luke Hong អ្នកជំនាញសេដ្ឋកិច្ចនៅឯការិយល័យស្រាវជ្រាវសេដ្ឋកិច្ច AMRO បានមានប្រសាសន៍ថា “ទោះបីជាមានការរំខាននៅក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដោយសារការបិទខ្ទប់ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង៤,០ភាគរយនៅក្នុងឆ្នាំ ២០២១នេះ ដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យផលិតកម្ម និងការគាំទ្រដោយការជំរុញសារពើពន្ធ”។

លោកបានថ្លែងបន្តថា ការកើនឡើងថ្មីៗក្នុងករណីឆ្លងចូលសហគមន៍ជំរុញឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ពីរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាត និងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទទួលបានជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចំពោះកញ្ចប់ថវិកាជាង៨០០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្ដល់សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ គឺនៅតែបន្ដបែងចែកថវិកាជូនទៅគណៈកម្មាធិការ តាមក្រសួងស្ថាប័នរៀងៗខ្លួនដដែល។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា បើសិនជាទឹកប្រាក់៨០០លានដុល្លារ ដែលសម្រាប់ជួយដោះស្រាយ បញ្ហាវិបត្តិជំងឺកូវីដ១៩ មិនគ្រប់គ្រាន់ទេនោះ រាជរដ្ឋាភិបាលនឹងបន្ដត្រៀមបម្រុងថវិកាបន្ថែមទៀត។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពីការការធ្វើវិចារណកម្ម (ចំណាយឲ្យសមហេតុសមផល) និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១។

ការធ្វើវិចារណកម្ម ចំណាយថវិកាឡើងវិញនេះ ក្នុងបុព្វហេតុសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយ បញ្ហាជាអាទិភាពនាពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវី៧-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here