ដោយៈ ប៊ី
ភ្នំពេញៈ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានកើនឡើងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ ដែលឆ្លុះបញ្ចាំងពីតម្រូវការទីផ្សារអន្តរជាតិនៅពេលប្រទេសធំៗ នៅជុំវិញពិភពលោក ចាប់ផ្តើមងើបឡើងវិញនៃសេដ្ឋកិច្ច។
ការនាំចេញផលិតផលសរុបរបស់កម្ពុជាមានតម្លៃ៣,៨០៥ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ចុងក្រោយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
របាយការណ៍បានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលទៅអាមេរិកគិតជាទឹកប្រាក់១,៨ពាន់លានដុល្លារ ៧២០លានដុល្លារទៅកាន់សហគមន៍អឺរ៉ុប ១៣៤លានដុល្លារទៅអង់គ្លេស ៣៣៣លានដុល្លារទៅចិន ២៩៨លានដុល្លារទៅទីផ្សារអាស៊ាន ២៩៥លានដុល្លារទៅជប៉ុន និងនៅសល់ទៅកាន់ទិសដៅនាំចេញផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ការនាំចូលរបស់កម្ពុជាក្នុងកំឡុងពេលនេះ កើនឡើងដែលឆ្លុះបញ្ចាំងពីតម្រូវការវត្ថុធាតុដើមសម្រាប់ផលិតផលិតផលសម្រេច សម្រាប់នាំចេញ។
ចាប់ពីខែមករា ដល់ខែមីនា ការនាំចូលទំនិញពីបរទេសបានកើនឡើង៣០ភាគរយ។
ការនាំចេញរបស់កម្ពុជាភាគច្រើនគឺសម្លៀកបំពាក់ ទំនិញកសិកម្ម និងផលិតផលឧស្សាហកម្ម ខណៈការនាំចូលភាគច្រើនគឺយានយន្តគ្រឿង ម៉ាស៊ីន ប្រេង សម្ភារៈសំណង់ វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ និងអាហារ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ២០២២ ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូ ពាណិជ្ជកម្មសំខាន់ៗ ជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នៅឆ្នាំនេះ។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,១% ក្នុងឆ្នាំ២០២១ និង៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃឧស្សហកម្មធនស្រាល ផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Sunniya Durrani-Jamal បានថ្លែងថា រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗ ដែលបានកើតឡើង ហើយយើងរំពឹងថា សេដ្ឋកិច្ចនឹងវិលត្រឡប់មក រកកំណើនវិញក្នុងឆ្នាំ២០២១។
លោកស្រីបានថ្លែងទៀតថា “កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែមឲ្យបានដិតដល់”៕