ដោយៈគង់ សូរិយា
ភ្នំពេញៈ គំរោងកែលំអរផ្លូវជាតិលេខ៤១ បានស្ថិតក្នុងដំណាក់កាលអាទិភាពរបស់រដ្ឋាភិបាល ខណៈការស្នើសុំជំនួយ លើការស្ថាបនាផ្លូវនេះបានធ្វើរួចហើយ ប៉ុន្តែការស្ថាបនានាពេលណា មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ ឧសភានេះថា គំរោងកែលំអរនិងស្ថាបនាផ្លូវជាតិលេខ៤១ ស្ថិតក្នុងគំរោងអាទិភាព ដែលនឹងធ្វើឡើងបន្ទាប់ពីផ្លូវជាតិលេខ៣ស្ថាបនារួច ដែលគ្រោងបញ្ចប់នៅខែកញ្ញាខាងមុខ ប៉ុន្តែដោយសារជំងឺកូវីដ ការបញ្ចប់ការស្ថបនាផ្លូវជាតិលេខ៣អាចពន្យាពេលខ្លះ។
លោកបន្តថា “ផែនការអាទិភាពរបស់ក្រសួង ក៏គ្រោងធ្វើការកែលំអរផ្លូវជាតិលេខ៣៣ផងដែរ ប៉ុន្តែការចាប់ផ្តើមនៅពេលណា វាអាស្រ័យលើទំហំថវិកាដែលទម្លាក់ចុះមក។
ផ្លូវជាតិលេខ៤១ មានប្រវែងប្រមាណ១០០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤នៃទីប្រជុំជនស្រុកអង្គស្នូល ទៅភ្ជាប់ជាមួយផ្លូវជាតិលរខ៣។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវជាតិលេខ៤១នឹងត្រូវកែលំអរបែបណា លោកមិនទាន់ទទួលបានព៌តមានលំអិត និងប្លង់នៅឡើយ តែយ៉ាងណាគំរោងផ្លូវនេះអាចពង្រីកជាពីរគន្លងរថយន្តទៅមកនៅតំបន់ខ្លះ និងចាក់កៅស៊ូពង្រីកខ្លះ ប៉ុន្តែអ្វីៗស្ថិតនៅលើថ្នាក់ដឹកនាំជាអ្នកសម្រេចនៅពេលចុងក្រោយ៕