ដោយៈសុខុម
ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី បានប្រកាសចាប់ផ្តើមការងារសាងសង់លើគម្រោងថាមពលសូឡា ឬពន្លឺព្រះអាទិត្យអណ្តែតទឹកកម្លាំង១៤៥មេហ្គាវ៉ាត់ (MW) ដែលជាគម្រោងធំជាងគេបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នេះយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៣ សីហា។
ការប្រកាសចាប់ផ្តើមការងារសាងសង់លើគម្រោងនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុនអគ្គិសនីឥណ្ឌូនេស៊ី ដែលគ្រប់គ្រងដោយរដ្ឋ Perusahaan Listrik Negara (PLN) និងក្រុមហ៊ុនថាមពល Masdar នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានព្រមព្រៀងផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងនេះកាលពីថ្ងៃអង្គារ ទី៣ សីហា។
ប្រទេសឥណ្ឌូនេស៊ី ដែលជាសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានបំណងបង្កើនការផលិតថាមពលរបស់ខ្លួន ដែលបានពីប្រភពកកើតឡើងវិញឱ្យឈានដល់២៣%នៅត្រឹមឆ្នាំ២០២៥ ហើយរដ្ឋាភិបាលបានប្ដេជ្ញាថា ប្រទេសនេះនឹងព្យាយាមងាកចេញពីថាមពល ដែលទទួលបានពីការដុតធ្យូងថ្ម ដើម្បីសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅត្រឹមកម្រិតសូន្យនៅត្រឹមឆ្នាំ២០៦០។
លោក Zulkifli Zaini នាយកប្រតិបត្តិក្រុមហ៊ុនអគ្គិសនី PLN បានថ្លែងក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញកាលពីថ្ងៃអង្គារកាលពីដើមសប្ដាហ៍នេះថា “តាមរយៈការទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនេះ យើងអាចចាប់ផ្តើមដំណាក់កាលសាងសង់បានភ្លាមៗ”។
លោកបានបន្ថែមទៀតថា “យើងមានសុទិដ្ឋិនិយមថា ដោយមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ គម្រោងដែលមិនជះផលប៉ះពាល់ដល់បរិស្ថាននេះ នឹងអាចចាប់ផ្តើមដំណើរការអាជីវកម្មតាមកាលកំណត់”។
ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអគ្គិសនីPLN និងក្រុមហ៊ុនក្រៅស្រុក Masdar លើគម្រោង រោងចក្រថាមពលសូឡាបណ្ដែតទឹក Cirata ក្នុងខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៊ី ខាងលើនេះគឺជាគម្រោងធំបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយគ្រោងនឹងចាប់ផ្ដើមដំណើរអាជីវកម្មនៅខែវិច្ឆិកា ឆ្នាំ២០២២។
ក្រុមហ៊ុន Masdar បានចេញសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា ហិរញ្ញប្បទាននៃគម្រោងនេះ ត្រូវបានរៀបចំឡើងតាមរយៈធនាគារជប៉ុនSumitomo Mitsui Banking ធនាគារបារាំងSociete Generale និងធនាគារអង់គ្លេស Standard Chartered Bank។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់បន្ថែមថា ការសាងសង់គម្រោងនេះកំពុងដំណើរការ៕