ដោយៈសុខុម
អន្តរជាតិ: ការដួលរលំនៃរដ្ឋាភិបាលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ (Taliban) បានកើតឡើងក្នុងពេលតែមួយប៉ប្រិចភ្នែក ដែលសូម្បីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងកាប៊ុល នឹងស្មានមិនដល់។
នៅរសៀលថ្ងៃអាទិត្យ ទី១៥ សីហា ឆ្នាំ២០២១ ប្រធានាធិបតីអាហ្វហ្គានីស្ថាន គឺលោក Ashraf Ghani បានរត់ភៀសខ្លួនចេញពីមាតុប្រទេស ហើយក្រុមសកម្មប្រយុទ្ធតាលីបង់ ជិតដណ្ដើមបានការកាន់កាប់ប្រទេសទាំងមូលជាថ្មីឡើងវិញនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានបញ្ជាឱ្យបញ្ជូនកងទ័ពបន្ថែមរាប់ម៉ឺននាក់បន្ថែមដើម្បីជួយជម្លៀសមន្ត្រីការទូតអាមេរិក និងមនុស្សសំខាន់ៗផ្សេងទៀតចេញពីរដ្ឋធានីកាប៊ុល ដោយសុវត្ថិភាព។
ក្រោយពេលដកចេញអស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ ក៏បានចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន ទាំងមូលយ៉ាងស្រួល ក្រោយការប៉ះទង្គិចគ្នាផ្នែកប្រដាប់អាវុធរប៉េះរប៉ោះ។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យពលរដ្ឋខ្មែរ នឹកឃើញដល់ព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ជាពេលដែលកងទ័ពខ្មែរក្រហម បានចូលកាន់កាប់ក្រុងភ្នំពេញ និងឈានទៅដល់ការសម្លាប់រង្គាលពលរដ្ឋខ្មែរ អស់រាប់លាននាក់ មុនមានការរំដោះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ងាកមកអាហ្វហ្គានីស្ថានវិញ សង្គ្រាមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមភេរវកម្មអាល់កៃដា (Al-Qaeda) នៅក្នុងប្រទេសនេះបានចាប់ផ្ដើមកាលពីប្រមាណ២០ឆ្នាំមុន។
រយៈពេល២០ឆ្នាំមិនមែន២០ថ្ងៃនោះឡើយ តែចុងក្រោយ ប្រទេសអាហ្វហ្គានីស្ថាន នៅតែធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងយុគអន្ធកាល ដែលអាចមានវាសនាដូចកម្ពុជាក៏ថាបាន។ កត្តានេះបានធ្វើឱ្យមជ្ឈដ្ឋានទូទៅចោទជាសំណួរថា តើការឈរជើងរបស់កងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថាន រយៈពេល២០ឆ្នាំមកនេះ ដើម្បីជួយពង្រឹងវិស័យយោធា ឬដើម្បីលួចធនធានធម្មជាតិរបស់ប្រទេសនេះ? តើប្រមូលយកធនធានធម្មជាតិ ក្នុងប្រទេសនេះអស់ហើយ ទើបសហរដ្ឋអាមេរិក សម្រេចដកទ័ពចេញឬយ៉ាងណា?។
មតិមួយចំនួនលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក ពិតជាមានបំណងជួយប្រទេសនេះ និងខិតខំពង្រឹងសមត្ថភាពប្រយុទ្ធរបស់កងទ័ពអាហ្វហ្គានីស្ថាន ឱ្យអស់ពីចិត្តពីថ្លើមក្នុងរយៈពេល២០ឆ្នាំមកនេះប្រាកដមែន ម្លេះកងទ័ពជាតិនៃប្រទេសនេះ មានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ដែលក្រុមសកម្មប្រយុទ្ធ និងក្រុមភេរវកម្មមិនអាចវាយដណ្ដើមកាន់កាប់ប្រទេសបាន ដោយងាយស្រួលដូចបកចេកបែបនេះឡើយ។
មតិបានលើកឡើងទៀតថា សហរដ្ឋអាមេរិក ប្រហែលមិនមែនចូលធ្វើសង្គ្រាមដើម្បីការពារប្រជាជន និងទឹកដីអាហ្វហ្គានីស្ថាន ដោយសុចរិតនោះឡើយ ពោលគឺមានបំណងផ្សេងតាំងពីដំបូង នោះគឺដើម្បីប្រមូលយកផលប្រយោជន៍ ព្រោះប្រទេសនេះសម្បូរទៅដោយធនធានធម្មជាតិ។ ហើយនេះប្រហែលជាសហរដ្ឋអាមេរិក សម្រេចដកទ័ពចេញ ក្រោយពីលួចយកធនធានធម្មជាតិរបស់ប្រទេសនេះអស់ក៏មិនដឹង។
យោងតាមការស្រាវជ្រាវបង្ហាញថា ប្រទេសនេះសម្បូរដោយធនធានធម្មជាតិ ជាពិសេសធនធានរ៉ែសំខាន់ៗ ដូចជា រ៉ែមាស រែទង់ដែង រ៉ែដែក រ៉ែស័ង្កសី ថ្មម៉ាប ត្បូង និងធនធានរ៉ែជាច្រើនទៀតរាប់មិនអស់។
ទោះជាយ៉ាងណា ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្វើឱ្យសហរដ្ឋអាមេរិក រងភាពអាម៉ាស់ និងសោកស្ដាយមិនតិចនោះឡើយ ហើយជាពិសេសគឺការរិះគន់ធ្ងន់ៗចំពោះប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។
*ការសន្យារបស់លោក ចូ បៃឌិន ថានឹងដកទ័ពចេញពីអាហ្វហ្គានីស្ថាន
ចំពោះអ្នករិះគន់លោកយល់ថា ការសម្រេចរបស់ប្រធានាធិបតីរូបនេះ នៅក្នុងការបញ្ចប់សង្គ្រាមក្នុងប្រទេសនេះ ដែលជាសង្គ្រាមអូសបន្លាយវែងបំផុត របស់សហរដ្ឋអាមេរិក បានបំផ្លាញការខិតខំប្រឹង និងការបូជាលះបង់រយៈពេល២០ឆ្នាំមកនេះ ហើយបានត្រួសត្រាយផ្លូវនាំទៅរកមហន្តរាយផ្នែកមនុស្សធម៌ ដោយពួកគេបានចោទសួរថា តើគួរជឿទុកចិត្តសហរដ្ឋអាមេរិក បានដោយរៀបណា?។
ប៉ុន្តែសម្រាប់មនុស្សជាច្រើន ដែលដឹងច្បាស់ពីសង្គ្រាមនេះ ពោលគឺពលរដ្ឋអាហ្វហ្គានីស្ថាន ទាហាន និងរដ្ឋបុរសមានមន្ទិលជាយូរមកហើយ ចំពោះទស្សនៈរបស់លោក ចូ បៃឌិន ដែលយល់ថា រដ្ឋាភិបាលក្រុងកាប៊ុល មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារសន្តិសុខរបស់ប្រទេសដោយខ្លួនឯង ព្រោះលោកធ្លាប់បានលើកឡើងជាយូរមកហើយថា សហរដ្ឋអាមេរិក គួរតែដកទ័ពចេញពីប្រទេសនេះ តាំងពីលោកកាន់តំណែងជាអនុប្រធានាធិបតីម៉្លេះ។
សរុបមក ការសម្រេចចិត្តរបស់លោក នៅក្នុងការដកទ័ពចេញពីប្រទេសនេះគឺគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ។ កាលពីកាន់តំណែងជាអនុប្រធានាធិបតីក្រោមលោក បារ៉ាក់ អូបាម៉ា លោកតែងតែទទូចថា សង្គ្រាមក្នុងប្រទេសនេះ គួរតែត្រូវបានកំណត់ក្នុងបេសកកម្មរបស់ខ្លួន ពោលគឺមិនត្រូវពង្រីកពាសពេញផ្ទៃប្រទេសឡើយ។
កាលពីនៅជាសមាជិកព្រឹទ្ធសភា នៅក្នុងរដ្ឋ Delaware ក្នុងឆ្នាំ២០០១ លោកបានចូលរួមការបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីអនុម័តការប្រើប្រាស់កម្លាំងយោធា នៅអាហ្វហ្គានីស្ថាន។ ប៉ុន្តែលោកជំទាស់នឹងការដាក់ពង្រាយកងទ័ពបន្ថែមទៀត ដែលលោក អូបាម៉ា បានអនុញ្ញាតក្នុងឆ្នាំ២០០៩។
លោក Brett Bruen អតីតមន្ត្រីការទូតបានប្រាប់សារព័ត៌មាន BBC ថា “លោក ចូ បៃឌិន ពិតជាមានភាពច្បាស់លាស់ ចំពោះបញ្ហាប្រទេសអាហ្វហ្គានីស្ថាន។ លោកបាននិយាយហើយថា យើងគួរតែដកខ្លួនចេញពីទីនោះ (អាហ្វហ្គានីស្ថាន)”។
*មហាយក្សចិន គាំទ្រក្រុមតាលីបង់
មជ្ឈដ្ឋានមួយចំនួនយល់ថា មូលហេតុដែលក្រុមតាលីបង់ អាចវាយដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន បានយ៉ាងឆាប់រហ័សស្របពេលសហរដ្ឋអាមេរិក សម្រេចដកទ័ពចេញនេះ គឺដោយសារមហាយក្សចិន ជាខ្នងបង្អែកដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធនេះ។
កាលពីថ្ងៃទី១៤ សីហា ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយរូបភាពមួយសន្លឹកដ៏គួរឱ្យភ្ញាក់ផ្អើល។ រូបថតមួយសន្លឹកដែលផ្សាយកាលពីខែមុន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នេះបង្ហាញពីលោក វ៉ាង យី(Wang Yi) រដ្ឋមន្រ្តីក្រសួងការបរទេសចិន ឈរប្រកៀកស្មាជាមួយមន្ត្រីជាន់ខ្ពស់ នៃក្រុមសកម្មប្រយុទ្ធតាលីបង់។
ចាប់តាំងពីពេលនោះមក មជ្ឈដ្ឋានអន្តរជាតិយល់ថា មហាយក្សចិន ប្រហែលជាបានចាប់ផ្ដើមត្រៀមលក្ខណៈជាសម្ងាត់ ដោយប្រាប់ឱ្យពលរដ្ឋចិន ទទួលយកការពិតថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងត្រូវទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ ជារបបស្របច្បាប់ក្នុងពេលឆាប់ៗខាងមុខ៕