ដោយៈគង់ សូរិយា
ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នថ្លែងថា កម្ពុជារំពឹងសម្រេចបានកំនើនសេដ្ឋកិច្ច៤,០ភាគរយនៅឆ្នាំ២០២០ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រួមនឹងវត្តមានវីរុសបំប្លែងថ្មីDelta បានធ្វើឲ្យកំណើនកម្ពុជានៅឆ្នាំនេះ អាចសម្រេចបានកំនើនមកនៅត្រឹម២,៤ភាគរយ។
លោកអគ្គបណ្ឌិតសភាចារ្យបានថ្លែងក្នុងសិក្ខាសាលា ស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ ជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាតាមរយៈវីដេអូZoomនាព្រឹកថ្ងៃទី១៧ សីហានេះថា ដូចបណ្តាប្រទេសនានានៅលើសកលលោក ដែលឆ្នាំ២០២០ ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជួបការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឲ្យកំណើនសេដ្ឋកិច្ច បានធ្លាក់ចុះក្នុងអត្រា-៣,១ភាគរយ ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកល ដែលបង្ករឡើងដោយជំងឺកូវីដ១៩។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានបន្តថា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤លានដុល្លារ។
លោកបន្តថា “ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្ន មិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរ ប្រកបដោយភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល”។
ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា ទោះបីជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាយើងប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើងនៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាត់បន្ថយផល់ប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចឱ្យស្ថិតក្នុងកម្រិតទាប។
លោកជំទាវបន្តថា “អ្វីដែលពិសេស និងគួរឱ្យកត់សម្គាល់នោះគឺ ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងដោយសារជំងឺនេះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយមិនបានទទួលការព្យាបាល បានថែទាំងអ្នកកើតជំងឺកូវីដដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាជនឱ្យបានយ៉ាងតិច១០លាននាក់នៅក្នុងឆ្នាំនេះ”។
លោកជំទាវឃួន សុដារីបានបន្តថា យុទ្ធសាស្ត្រវ៉ាក់សាំងនេះ បានទទួលជោគ ជ័យគួរឱ្យកត់ សម្គាល់ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតនេះ ដោយសារតែមានការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋរបស់យើង៕