ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមបានបង្ហើបពីរាជធានី ខេត្តមួយចំនួន ដែលការទិញលក់ដីធ្លីបន្តកើនឡើងក្នុងអំឡុងពេលនេះ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៧ សីហាកន្លងមកថា សកម្មភាពទិញលក់ដីធ្លី នៅតែមានភាពសកម្មជាងគេក្នុងវិស័យអចលនទ្រព្យ ដែលសកម្មភាពទាំងនោះ បានកើតមានច្រើននៅស្រុកពញាឮ ស្រុកកណ្តាលស្ទឹង ស្រុកមុខកំពូលក្នុងខេត្តកណ្តាល។ ចំណែកនៅរាជធានីភ្នំពេញ តំបន់ជាយៗក្រុងក៏មានចរន្តទិញលក់កើនឡើងជាច្រើនផងដែរ ហើយតម្លៃដីធ្លីមិនបានចុះថ្លៃនោះទេ លើកលែងតែម្ចាស់ដីត្រូវការលុយប្រញាប់ ឬមានការជាប់គាំងលំហូរសាច់ប្រាក់។
លោកបន្តថា “ខេត្តកំពត កែប មណ្ឌកគិរី ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តតាកែវ ក៏មានសកម្មភាពទិញលក់កើនឡើងផងដែរ បើទោះបីជាកម្ពុជាកំពុងមានការរាតត្បាតដោយសារជំងឺកូវីដ១៩ក្តី”។ លោកបន្តថា “អ្នកមានលទ្ឋភាព នៅតែបន្តប្រមូលទិញដីច្រើននៅឡើយ ដោយសារពេលនេះ ជាពេលវេលាដែលពួកគាត់អាចចចាតម្លៃបានល្អ”។
លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាក៏ដោយ បើនិយាយពីវិស័យនេះទាំងមូលនៅតែជួបបញ្ហាឡើយ ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឲ្យអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ មិនទាន់បានចូលមកកាន់កម្ពុជានៅឡើយ។
លោកបន្តថា “ការវិនិយោគដីធ្លីនៅកម្ពុជាមានផលចំណេញខ្ពស់ បើធៀបនឹងការវិនិយោគលើផ្នែកដទៃទៀត ដោយសាររដ្ឋាភិបាលបានបន្តផែនការពង្រីកទីក្រុង ការកើនឡើងនូវប្រជាពលរដ្ឋ ការរីកចម្រើនសេដ្ឋកិច្ច និងលំហូរទុនវិនិយោគពីបរទេសនឹងបន្តកើនឡើងខ្ពស់នាពេលអនាគត”៕