តើរដ្ឋាភិបាលកម្ពុជាដាក់ទិសដៅអាទិភាពអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

0

ដោយ សុជាតា

ភ្នំពេញៈ ស្របពេលដែលសង្គម សេដ្ឋកិច្ចសកលបន្តស្ថិត ក្នុងភាពមិនប្រាកដប្រជាខ្ពស់ ដោយការអូសបន្លាយនៃជំងឺកូវីដ ១៩ កម្ពុជាក៏អាចនឹងទទួលបាននូវកាលានុវត្តភាពមួយចំនួនវិញដែរ។

ការណ៍នេះអាស្រ័យលើសមត្ថភាព និងលទ្ធភាពកម្ពុជា ក្នុងការចេះបត់បែន និងតាមទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់ និងពិភពលោក ក៏ដូចជាការចេះប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយ សម្រាប់លើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច និង កែលម្អបរិស្ថានវិនិយោគ ដើម្បីទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលអាចនឹងហូរចេញពីតំបន់មានជម្លោះពាណិជ្ជកម្ម និងមានអស្ថេរភាពនយោបាយ ព្រមទាំងការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ចូលមកម្ពុជា។

ក្នុងន័យនេះការបោះជំហានលើគន្លងប្រក្រតីភាពថ្មី ផ្សារភ្ជាប់នឹងការផ្លាស់ប្តូរនិម្មា​បនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ព្រមទាំងការបន្តគ្រប់គ្រងផលប៉ះពាល់ នៃការរីករាលដាលជំងឺកូវដ១៩ គឺទិសដៅគោលនយោបាយចម្បង និងជាយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងឆ្នាំ ២០២២ និង ឆ្នាំបន្តបន្ទាប់។

អគ្គបណ្ឌីតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការឈ្វេងយល់អំពីការកសាងក្របខណ្ឌក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រា​ប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ និង គ្រោងនឹងដាក់ចេញនូវ ផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ ១៩ សម្រាប់ ២០២១ ២០២៣ ក្នុងគោលបំណង អូសទាញកំណើនសេដ្ឋកិច្ចអោយត្រឡប់ទៅខិតជិត កំណើនសក្តានុពលប្រកចីរភាប និង បរិយាបន្ន តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្ម រឹងមាំដែលមានសមត្ថភាពនាំចេញខ្ពស់  និងផ្សារភ្ជាប់កាន់ខ្លាំងក្លាជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។

ផែនការអាទិភាពដែលបានដាក់ចេញរួមមានដូចជា ទី ១.ការស្តារឡើងវិញ ដោយកសាងមូលដ្ឋានរឹងមាំ សម្រាប់ស្តារសេដ្ឋកិច្ចអោយវិលទៅស្ថិតលើមាគ៌ា នៃកំណើនឡើងវិញ ទី២.ការកែទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ពន្ធដែលមានការធ្វើប្រសើរឡើងវិញនូវបរិយាកាស និង កិច្ចសម្រួលពាណិជ្ជកម្ម និងទី៣ ការកសាងភាពធន់ ដោយពង្រឹងការតៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ រឺស្ថានភាពស្រដៀងគ្នាដែលផ្ទុះឡើងនាពេលអនាគត ដោយផ្គោតលើការអភិវឌ្ឍប្រព័ន្ធ សុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំ មានប្រសិទ្ធិភាព។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាជិត១០០០លានដុល្លារអាមេរិក សម្រាប់ប្រយុទ្ឋជំងឺកូវីដ១៩ផងដែរ នៅឆ្នាំ២០២២ខាងមុខ ខណៈ​សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន៤,៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here