ឧកញ៉ានួន រិទ្ធីបង្ហើបពីគន្លឹះមួយចំនួនក្នុងការពិចារណាមុនសម្រេចចិត្តទិញផ្ទះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញបាន និងកំពុងស្វែងរកទិញលំនៅ​ឋានសម្រាប់ស្នាកនៅ និងមានប្រជាពលរដ្ឋមួយចំនួនផងដែរ បានទិញផ្ទះហើយក៏លក់ចេញវិញនិងអាចជាខកបំណង ហើយក៏មានពលរដ្ឋមួយចំនួនទៀត ដែលទិញផ្ទះបង់រំលស់ មិនបានប៉ុន្មានផងក៏ជួបវិបត្តិហិរញ្ញវត្ថុ និងត្រូវការលក់ចេញទាំងខាត។

ថ្ងៃនេះយើងនឹងលើកយកពីចំនុចគន្លឹះមួយចំនួន ពីអ្នកជំនាញអចលនទ្រព្យសម្រា​ប់ជាការពិចារណាមុននឹងសម្រេចចិត្តទិញផ្ទះ ។

លោកឧកញ៉ានួន រឹទ្ធ អគ្គនាយកក្រុមហ៊ុន KFA បានបង្ហាញពីគន្លឹះមួយចំនួនសម្រាប់អ្នក ដែលមានតម្រូវការទិញផ្ទះមុននឹងសម្រេចចិត្តទិញ ដោយបានមានប្រសា​សន៍ថា មុននឹងសម្រេចចិត្តផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយ អ្នកទិញត្រូវទៅដល់ការិយា​ល័យរបស់ក្រុមហ៊ុនអភិវឌ្ឍន៍និងសួរនាំពីច្បាប់នានា បើសិនជាក្រុមហ៊ុននោះយើងមិនដែលស្គាល់ ត្រូវសួររកពីអាជ្ញាប័ណ្ណ លក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍នោះ ហើយសួរថាតើបុរីនោះមានប្លង់រឹងត្រឹមត្រូវដែរទេ ឬក៏បានបំបែកប្លង់ត្រឹមត្រូវរួចហើយឬនៅ ជៀសវាងមានបញ្ហាដូចក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនកន្លងមក ។

លោកឧកញ៉ាបន្តថា “អ្វីដែលសំខាន់ត្រូវដឹងថា តើអ្នកណាជាអ្នកអភិវឌ្ឍន៍ ហើយអ្នកអភិវឌ្ឍន៍រូបនោះ មានប្រវត្តិបែបណា ធ្លាប់មានបញ្ហាលើការអភិវឌ្ឍដែរទេ ឬក៏បង្កផលប៉ះពាល់ដល់សង្គមឬក៏អតិថិជនកន្លងទៅទេ”។ លោកបន្តថា “បើសិនជាបុគ្គលនោះ ធ្លាប់មានរឿងអាស្រូវឬបង្កផលប៉ះពាល់ យើងត្រូវពិចារណាម្ដងទៀត ហើយបើទោះបីជាក្រុមហ៊ុនលក់លំនៅឋានតម្លៃទាបជាងទីផ្សារក៏ដោយ ក៏មិនគួរប្រថុយដែរ”។

លោកបន្តថា “វារឿងល្អមួយដែរ នៅពេលបច្ចុប្បន្ននេះ ដែលច្បាប់ថ្មីមិនអនុញ្ញាត  ឱ្យម្ចាស់បុរី ឬអ្នកអភិវឌ្ឍន៍យកប្លង់ដីទៅបញ្ចាំ ឬដាក់នៅធនាគារ ពីព្រោះកន្លងទៅ មានម្ចាស់បុរីមួយចំនួនយកប្លង់ទៅដាក់នៅធនាគារ និងកំពុងសាងសង់ស្រាប់តែ ក្រុមហ៊ុនមានទំនាស់ផ្ទះក្នុង ឬមានទំនាស់ប្តីប្រពន្ធ ធ្វើឱ្យគ្មានអ្នកណាទទួលខុសត្រូវលើសំណង់ នាំឱ្យធនាគារត្រូវរឹបអូសយកប្លង់នោះ”។

សម្រាប់អ្នកដែលទិញផ្ទះដោយបង់រំលស់នោះ គឺត្រូវគិតពីចំណូលនិងចំណាយប្រចាំខែរបស់ខ្លួន ថាតើអាចរ៉ាប់រងនឹងបង់រំលស់ប្រចាំខែបានដែរទេ ពីព្រោះបច្ចុប្បន្នមានអ្នកទិញផ្ទះបង់រំលស់ជាច្រើនបានទិញហើយ តែបានប៉ុន្មានឆ្នាំក៏ជួបបញ្ហាហិរញ្ញវត្ថុមិនអាចរ៉ាប់រងបានក៏លក់ទៅក្រុមហ៊ុនអភិវឌ្ឍ ឬទៅអ្នកទី៣ក្នុងតម្លៃទាបជាងទីផ្សារ។

ការទិញផ្ទះដោយបង់រំលស់ ត្រូវបានអ្នកជំនាញហិរញ្ញវត្ថុ និងអ្នកជំនាញអចលនទ្រព្យបានលើកឡើងថា មិនគួរឱ្យលើសពី៣០ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួននោះឡើយ បើពុំនោះ នឹងអាចជួបបញ្ហាហិរញ្ញវត្ថុនៅថ្ងៃណាមួយមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here