ទីផ្សារអចលនទ្រព្យទូទាំងពិភពលោកហាក់នៅទ្រឹង ខណៈតម្លៃចេះតែបន្តហក់ឡើងខ្ពស់

0

ដោយៈសុខុម

អន្តរជាតិៈ ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ មិនងាយនឹងផុតរលត់ឆាប់ៗឡើយ ប៉ុន្តែតម្លៃអចលនទ្រព្យនៅតែបន្តហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅតាមទីក្រុងមួយចំនួន ដូចជា ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ទីក្រុងប៉ារីស នៃប្រទេសបារាំង និងទីក្រុងវែនឃូវើ (Vancouver) នៃប្រទេសកាណាដា និងប្រទេសនូវែលសេឡង់ ជាដើម។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២៥ សីហា។

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី SRX Property បាននិយាយកាលពីសប្ដាហ៍មុនថា ឆ្លងទៅម្ខាងផ្លូវដែក Causeway ក្នុងប្រទេសម៉ាឡេស៊ី ការលក់ខុនដូមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ទិន្នន័យអចលនទ្រព្យ នៅលើគេហទំព័ររបស់ក្រុមហ៊ុនខាងលើនេះបានបង្ហាញថា ចំនួននៃការលក់ខុនដូបានកើនឡើង២២.៥%ក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ២ខែជាប់ៗគ្នា ហើយតម្លៃបានបន្តហក់ឡើងខ្ពស់ ដោយសារមនុស្សសម្រុកនាំគ្នាទិញ។

កាលពី៣សប្តាហ៍មុន អាផាតម៉ិនមួយដែលមាន៥បន្ទប់នៅតំបន់ Bishan ក្នុងប្រទេសសិង្ហបុរី លក់បានថ្លៃដល់ទៅប្រមាណ៩៦៤.០០០ដុល្លារអាមេរិក ដោយបំបែកកំណត់ត្រាចាស់ ប្រមាណ៩៣៧.០០០ដុល្លារអាមេរិក។

សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីសប្តាហ៍មុនថា ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ទទួលបានរំហូរចំណាយខ្ពស់ រហូតដល់ទៅ២៤,៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំនេះ។

ទោះជាយ៉ាងណា លោក Foo Gee Jen នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ី CBRE | WTW បានព្យាករថា ការងើបឡើងនៃទីផ្សារអចលនទ្រព្យ នឹងនៅតែមានសន្ទុះយឺតសន្សឹមៗ។

ទន្ទឹមនេះ លោកStanley Toh នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ី LaurelCap Sdn Bhd រំពឹងថា នៅពេលបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ត្រូវបានដោះស្រាយ ទីផ្សារអចលនទ្រព្យនឹងស្ទុះងើបឡើងវិញយ៉ាងរហ័ស។ លោកបានបន្តថា ពលរដ្ឋអាស៊ី ចូលចិត្តទិញអចលនទ្រព្យទុកជាការវិនិយោគរយៈពេលវែង ហើយប្រជាជនម៉ាឡេស៊ី នឹងសម្រុកទិញអចលនទ្រព្យតាមគ្នា នៅពេលឃើញគេចាប់ផ្ដើមទិញ។

ទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យទាំង៣រូបនេះបានគូសបញ្ជាក់ថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ប្រសិនបើទីផ្សារអច​លនទ្រព្យចង់ងើបឡើងវិញឆាប់រហ័ស។

ប្រទេសនានាដូចជាសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម ជាដើមនាំមុខប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI)។ ហើយប្រទេសទាំងនេះ ក៏នៅតាមមិនទាន់បណ្ដាប្រទេសជិតខាងរបស់ខ្លួនផងដែរ ទាក់ទងនឹងការត្រៀមខ្លួនរួចរាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here