ដោយៈសុខុម
អន្តរជាតិៈ ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ មិនងាយនឹងផុតរលត់ឆាប់ៗឡើយ ប៉ុន្តែតម្លៃអចលនទ្រព្យនៅតែបន្តហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅតាមទីក្រុងមួយចំនួន ដូចជា ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ទីក្រុងប៉ារីស នៃប្រទេសបារាំង និងទីក្រុងវែនឃូវើ (Vancouver) នៃប្រទេសកាណាដា និងប្រទេសនូវែលសេឡង់ ជាដើម។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី២៥ សីហា។
ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី SRX Property បាននិយាយកាលពីសប្ដាហ៍មុនថា ឆ្លងទៅម្ខាងផ្លូវដែក Causeway ក្នុងប្រទេសម៉ាឡេស៊ី ការលក់ខុនដូមានសន្ទុះកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ទិន្នន័យអចលនទ្រព្យ នៅលើគេហទំព័ររបស់ក្រុមហ៊ុនខាងលើនេះបានបង្ហាញថា ចំនួននៃការលក់ខុនដូបានកើនឡើង២២.៥%ក្នុងខែកក្កដា បន្ទាប់ពីធ្លាក់ចុះ២ខែជាប់ៗគ្នា ហើយតម្លៃបានបន្តហក់ឡើងខ្ពស់ ដោយសារមនុស្សសម្រុកនាំគ្នាទិញ។
-->

កាលពី៣សប្តាហ៍មុន អាផាតម៉ិនមួយដែលមាន៥បន្ទប់នៅតំបន់ Bishan ក្នុងប្រទេសសិង្ហបុរី លក់បានថ្លៃដល់ទៅប្រមាណ៩៦៤.០០០ដុល្លារអាមេរិក ដោយបំបែកកំណត់ត្រាចាស់ ប្រមាណ៩៣៧.០០០ដុល្លារអាមេរិក។
សារព័ត៌មាន Bloomberg បានចុះផ្សាយកាលពីសប្តាហ៍មុនថា ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ទទួលបានរំហូរចំណាយខ្ពស់ រហូតដល់ទៅ២៤,៣ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំនេះ។
ទោះជាយ៉ាងណា លោក Foo Gee Jen នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ី CBRE | WTW បានព្យាករថា ការងើបឡើងនៃទីផ្សារអចលនទ្រព្យ នឹងនៅតែមានសន្ទុះយឺតសន្សឹមៗ។
ទន្ទឹមនេះ លោកStanley Toh នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ី LaurelCap Sdn Bhd រំពឹងថា នៅពេលបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ត្រូវបានដោះស្រាយ ទីផ្សារអចលនទ្រព្យនឹងស្ទុះងើបឡើងវិញយ៉ាងរហ័ស។ លោកបានបន្តថា ពលរដ្ឋអាស៊ី ចូលចិត្តទិញអចលនទ្រព្យទុកជាការវិនិយោគរយៈពេលវែង ហើយប្រជាជនម៉ាឡេស៊ី នឹងសម្រុកទិញអចលនទ្រព្យតាមគ្នា នៅពេលឃើញគេចាប់ផ្ដើមទិញ។
ទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យទាំង៣រូបនេះបានគូសបញ្ជាក់ថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ប្រសិនបើទីផ្សារអចលនទ្រព្យចង់ងើបឡើងវិញឆាប់រហ័ស។
ប្រទេសនានាដូចជាសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងវៀតណាម ជាដើមនាំមុខប្រទេសម៉ាឡេស៊ី ទាក់ទងនឹងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI)។ ហើយប្រទេសទាំងនេះ ក៏នៅតាមមិនទាន់បណ្ដាប្រទេសជិតខាងរបស់ខ្លួនផងដែរ ទាក់ទងនឹងការត្រៀមខ្លួនរួចរាល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ៕