តើផ្នែកអ្វីខ្លះនៃវិស័យអចលនទ្រព្យនឹងមានភាពប្រែប្រួលខ្លាំងនៅពេលខាងមុខ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ បានប្រមើ​លមើលឃើញថា ទីផ្សារមួយចំនួននៃអចលនទ្រព្យ នឹងមានការប្រែប្រួលច្រើននៅរយៈពេល៥ឆ្នាំខាងមុខ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីដើមសប្តាហ៍នេះថា នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ទីផ្សរអាផាតម៉ិននឹងមានការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់កើនឡើង ស្របពេលការប្រកួតប្រជែង កាន់តែតានតឹងជាងមុន។ ចំណែ​កការវិនិយោគបុរី នៅតែមានផលចំណេញខ្ពស់ ស្របពេលទីផ្សារខុនដូអ្នកវិនិយោគទទួល បានផលចំណេញតិចជាងមុន ប៉ុន្តែតម្រូវការកើនឡើងខ្ពស់។

លោកបន្តថា “ពីមុនអ្នកសាងសង់ខុនដូលក់ រកផលចំណេញបានមួយគុណនឹងពីរឬគុណនឹងបី ប៉ុន្តែដោយសារការប្រកួតប្រជែងកើនឡើង បានធ្វើឲ្យផលចំណេញធ្លាក់ចុះ”។ លោកបន្តថា “ជាមួយគ្នានេះ ការិយាល័​យជួលតូចៗប្រឈមនឹងបញ្ហាផងដែរ ដោយសារទីផ្សារនឹងវិវត្តន៍កាន់តែច្រើន”។

លោកឧកញ៉ាបានបន្តថា អ្នកវិនិយោគការិយាល័យជួល ត្រូវធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទាំងខុនដូ ផ្សារទំនើប ការិយាល័យជួលរួមបញ្ចួលគ្នា ពិសេសមានទីតាំងនៅកណ្តាលរាជធានី”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមើលឃើញផងដែរថា ទីផ្សារបុរីសម្រាប់តម្លៃខ្ពស់នឹងប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់់កើនឡើងច្រើន ប៉ុន្តែសម្រាប់បុរីដែលមានតម្លៃមធ្យមចុះ មិនរងផលប៉ះពាល់នោះទេ។

លោកបន្តថា “ទីផ្សារដីធ្លីនៅតំបន់ជាយក្រុងនឹងបន្តកើនឡើង ហើយតំរូវការខុនដូនឹងកើនឡើង ហើយអ្វីដែលជាការលេចធ្លោ នឹងមានការទិញ វិនិយោគផ្សារហ៊ុននឹងកើនឡើង ប៉ុន្តែវាទាមទារបទពិសោធន៍ និងភាពច្បាស់លាស់នៃទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here