ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ បានប្រមើលមើលឃើញថា ទីផ្សារមួយចំនួននៃអចលនទ្រព្យ នឹងមានការប្រែប្រួលច្រើននៅរយៈពេល៥ឆ្នាំខាងមុខ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីដើមសប្តាហ៍នេះថា នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ទីផ្សរអាផាតម៉ិននឹងមានការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់កើនឡើង ស្របពេលការប្រកួតប្រជែង កាន់តែតានតឹងជាងមុន។ ចំណែកការវិនិយោគបុរី នៅតែមានផលចំណេញខ្ពស់ ស្របពេលទីផ្សារខុនដូអ្នកវិនិយោគទទួល បានផលចំណេញតិចជាងមុន ប៉ុន្តែតម្រូវការកើនឡើងខ្ពស់។
លោកបន្តថា “ពីមុនអ្នកសាងសង់ខុនដូលក់ រកផលចំណេញបានមួយគុណនឹងពីរឬគុណនឹងបី ប៉ុន្តែដោយសារការប្រកួតប្រជែងកើនឡើង បានធ្វើឲ្យផលចំណេញធ្លាក់ចុះ”។ លោកបន្តថា “ជាមួយគ្នានេះ ការិយាល័យជួលតូចៗប្រឈមនឹងបញ្ហាផងដែរ ដោយសារទីផ្សារនឹងវិវត្តន៍កាន់តែច្រើន”។
លោកឧកញ៉ាបានបន្តថា អ្នកវិនិយោគការិយាល័យជួល ត្រូវធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទាំងខុនដូ ផ្សារទំនើប ការិយាល័យជួលរួមបញ្ចួលគ្នា ពិសេសមានទីតាំងនៅកណ្តាលរាជធានី”។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមើលឃើញផងដែរថា ទីផ្សារបុរីសម្រាប់តម្លៃខ្ពស់នឹងប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់់កើនឡើងច្រើន ប៉ុន្តែសម្រាប់បុរីដែលមានតម្លៃមធ្យមចុះ មិនរងផលប៉ះពាល់នោះទេ។
លោកបន្តថា “ទីផ្សារដីធ្លីនៅតំបន់ជាយក្រុងនឹងបន្តកើនឡើង ហើយតំរូវការខុនដូនឹងកើនឡើង ហើយអ្វីដែលជាការលេចធ្លោ នឹងមានការទិញ វិនិយោគផ្សារហ៊ុននឹងកើនឡើង ប៉ុន្តែវាទាមទារបទពិសោធន៍ និងភាពច្បាស់លាស់នៃទីផ្សារ”៕