រដ្ឋាភិបាលចេញអាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន២៨៧ក្រុមហ៊ុន

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល១១ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជាបានដាក់ឱ្យអនុវត្តប្រកាសស្ដីពី ការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ កាលពីឆ្នាំ២០១០ រហូតមកដល់ត្រឹមដំណាច់ឆ្នាំ ២០២១នេះ ក្រសួងនិងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានផ្ដល់អាជ្ញាបណ្ណ ជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋានចំនួន២៨៧ក្រុមហ៊ុន។

លោកជូ វណ្ណៈអគ្គនាយកនៃននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹង ក្នុងសិក្ខាសា​លាផ្សព្វផ្សាយប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ដែ​លរៀបចំ ដោយសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជានាព្រឹកថ្ងៃទី៧ កុម្ភៈនេះថា ក្រុមហ៊ុនទាំងនោះ បានចេញគម្រោងវិនិយោគចំនួន៤០៨គម្រោង និងមានទុនវិនិយោគសរុបប្រមាណ៧ពាន់លានដុល្លារអាមេរិក ។

លោកបន្តថា ក្នុងចំណោមគម្រោងទាំងអស់ គម្រោងអភិវឌ្ឍដែលមានលក្ខណៈជាបុរីមានចំនួន២៣០គម្រោង គម្រោងអភិវឌ្ឍប្រភេទជាអគារសហកម្មសិទ្ធិមានចំនួន១៥២គម្រោង គម្រោងជាផ្សារមានចំនួន២គម្រោង គម្រោងជាដីឡូត៏ មានចំនួន១គម្រោង និងគម្រោងចម្រុះមានចំនួន២៣គម្រោង។ ដោយឡែកលំនៅឋានប្រភេទផ្ទះល្វែង មានសរុបចំនួន៥២.១២៦ផ្ទះ លំនៅឋានប្រភេទវីឡា មានសរុបចំនួន១៣.៨៨៨វីឡា លំនៅឋានប្រភេទខុនដូ មានចំនួន១០៤.៩៧៥យូនីត តូបអាជីវកម្មមានចំនួន៨១២តូប និងដីឡូត៏មានចំនួន១៨៩ឡូត៏ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញមានគម្រោងអាជីវកម្ម អភិវឌ្ឍន៍ដីឡូត៏ច្រើន ប៉ុន្តែគម្រោងអភិវឌ្ឍដីឡូត៏ទាំងនោះ ពុំបានស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនិយ័តករអចលវត្ថុនិងបញ្ចាំឡើយ ។

លោកជូ វណ្ណៈបានបន្ថែមថា បច្ចុប្បន្នក្រៅពីការអភិវឌ្ឍអចលនវត្ថុបែបលំនៅឋាន យើងពិនិត្យឃើញថា អាជីវកម្មពុះដីឡូត៏លក់ក៏មានសកម្មភាពរីកចម្រើនហួសពីការស្មានផងដែរ។ ការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ ជាមួយនឹងការគ្រប់គ្រងមិនបានល្អ អាចបង្កឱ្យមាននូវហានិភ័យនៅក្នុងការគ្រប់គ្រង លើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៏នេះ។

ដោយហេតុនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចចិត្តធ្វើការកែសម្រួលបទប្បញ្ញត្តិ នៃការគ្រប់គ្រងវិស័យអចលនវត្ថុ ជាបន្តបន្ទាប់សំដៅធានាពង្រឹងនូវការគ្រប់គ្រង តាមរយៈការធ្វើប្រតិភូកម្មនូវយន្តការគ្រប់គ្រងមយចំនួន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្តដែលជាសេនាធិការរបស់ក្រសួង ដើម្បីជួយពិនិត្យមើលបណ្ដាអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុបែបលំនៅឋាន និងអាជីវកម្មអភិវឌ្ឍដីឡូត៏ខ្នាតតូចមួយចំនួន ហើយក៏អនុវត្តនូវយន្តការបែបនេះ ដើម្បីពង្រឹងការគ្រប់គ្រង ឱ្យដល់មូលដ្ឋានថ្នាក់ក្រោមជាតិ និងដើម្បីផ្ដល់ឱកាសឱ្យអ្នកប្រកបអាជីវកម្មខ្នាតតូច បានទទួលសេវានៅជិតខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលា ធ្វើដំណើរវែងឆ្ងាយទៅក្រសួងឬនិយ័តករដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here