ដោយៈ គង់ សូរិយា
ភ្នំពេញៈ សក្តានុពលអចលនទ្រព្យ ភាគខាងត្បូងរាជធានីភ្នំពេញនៅតែបន្តមានការចាប់អារម្មណ៍ពីអ្នកជំនាញ និងវិនិយោគិនជាតិ និងអន្តរជាតិ ស្របពេលជប៉ុននឹងជួយដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។
ការចាប់អារម្មណ៍ ចំពោះតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បានបន្តកើនឡើងដោយសារតែការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និង តម្លៃដីសមរម្យ។ តំបន់នេះ បានក្លាយទៅជាទីតាំងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ចាប់ពីលំនៅដ្ឋានស្នាក់នៅ រហូតដល់ជាតំបន់ឧស្សាហកម្ម។
លោក Jame Hodge អគ្គនាយកគ្រប់គ្រងនៃភ្នាក់ងារវាយតម្លៃអចលនទ្រព្យ CBRE បានលើកឡើងថា ដោយសារតែការអភិវឌ្ឍ ភូមិសាស្រ្តជុំវិញរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ភាគខាងត្បូង គឺជារឿងដែលមិនអាចជៀសផុតបាន ជាមួយនឹងគម្រោងអភិវឌ្ឍទ្រទ្រាយធំៗ ធ្វើអោយទីតាំងភាគខាងត្បូង គឺមេដែកឆក់សម្រាប់អ្នកវិនិយោគ។
គម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ មានដូចជាមហាវិថី ហ៊ុន សែន ព្រមទាំងការអភិវឌ្ឍព្រលានយន្តហោះថ្មី បានធ្វើអោយមានសកម្មភាពបំប៉ោងតម្លៃដីធ្លី នៅតំបន់ភាគខាងត្បូងនេះ។
របាយការណ៍របស់ CBRE ក្រោមចំណងជើងថា អនាគតរាជធានីភ្នំពេញ តំបន់ភាគខាងត្បូង និងលើសពីនេះ បានទស្សន៍ទាយពីសក្តានុពលតំបន់នេះ ដែលអាចអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសជាតិទាំងមូល។
និន្នាការអភិវឌ្ឍ រូមបញ្ចូលការពង្រីកតំបន់ សួនឧស្សាហកម្ម ផលិតកម្ម តម្លៃដីសមរម្យ។
លោក Lawrence lenonce អ្នកជំនាញនៃក្រុមហ៊ុន CBRE បានបញ្ជាក់ថា មានការស៊ើបអង្កេតពីសក្តានុពលនៃឧស្សាហកម្ម និងភស្តុភារតំបន់ដែលអាចកើតឡើង ព្រមទាំងចង្វាក់ផលិតកម្ម ស្របពេលដែលការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅកាន់តំបន់នេះផងដែរ។ ជាងនេះទៀត នឹងមានការសាងសង់ទីក្រុងថ្មី ដែលអាចអភិវឌ្ឍទៅជាតំបន់ស្នាក់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។
លោកបន្ថែមទៀតថា “ប្រសិនបើអ្នកអភិវឌ្ឍទទួលជោគជ័យ នៅតំបន់ភាគខាងត្បូងនេះ ពួកគេនឹងផ្លាស់ប្តូរទីក្រុងទាំងមូល ក្នុងទ្រង់ទ្រាយធំ”។
បើទោះបីជាផែនការមេ ត្រូវបានកំណត់ជាតំបន់អភិវឌ្ឍ និងហេដ្ឋារចនាសម្ពន្ធនានា ត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខនៃទីផ្សារ និងបរិស្ថានក៏ដោយ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តនៃសេដ្ឋកិច្ចសង្គម នគរូបនីយកម្មបានមានប្រសាសន៍ថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យរាជធានីនេះ កាន់តែរីកធំឡើង ដោយសារកំនើនប្រជាសាស្រ្ត និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលជំរុញឲ្យភាគខាងត្បូង និងទិសដទៃទៀតនៃរាជធានីភ្នំពេញប៉ោងឡើង។
លោកបន្តថា ហេតុនេះទើបសាលាបារាំងចុងបូព៌ា និងរដ្ឋបាលរាជធានីភ្នំពេញកាលពីឆ្នាំ២០១៩បានសិក្សារួមគ្នា លើការរៀបចំផែនការអភិវឌ្ឍន៍បែបបៃតង និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានសមស្រប ដើម្បីបញ្ចៀសវិបត្តិចរាចរណ៍នាពេលអនាគត។
លោកយិន លាងគង់បានបន្តថា ការរីកចម្រើននិងផែនការពង្រីករាជធានីភ្នំពេញក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា នៅឆ្នាំដំណាច់ឆ្នាំ២០៣៥របស់រដ្ឋាភិបាល ក៏ជាផ្នែកមូយដ៏សំខាន់ ដែលធ្វើឲ្យរាជធានីភ្មំពេញកាន់តែធំ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនឹងកាន់តែមានភាពប្រសើរឡើងផងដែរនាពេលអនាគត៕