ដោយ សុខុម
ហុងកុង: ក្នុងបណ្ដាទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ី ភាពទាក់ទាញរបស់សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១៤ កុម្ភៈ។
លទ្ធផលនៃការស្ទង់មតិអ្នកវិនិយោគក្នុងតំបន់ដែលចុះផ្សាយដោយក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអាមេរិក CBRE កាលពីខែមករា ដើមឆ្នាំ២០២២ នេះបង្ហាញថា សិង្ហបុរី បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតទី៣ ប្រចាំតំបន់អាស៊ី សម្រាប់ការវិនិយោគឆ្លងដែន បន្ទាប់ពីក្រុងតូក្យូ និងក្រុងសៀងហៃ។
គុណសម្បត្តិយូរអង្វែងដែលរួមមានស្ថិរភាពនយោបាយ គោលនយោបាយបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្ម និងតម្លាភាព ហេដ្ឋារចនាសម្ព័ន្ធល្អ និងការទទួលបានមូលធនដែលបានពង្រឹងឋានៈរបស់សិង្ហបុរី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ជាដើម ត្រូវបានឆ្លុះបញ្ចាំងកាន់តែច្បាស់តាមរយៈវិធីសាស្រ្តប្រាកដនិយមរបស់រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩។
នៅពេលសេដ្ឋកិច្ចពិភពលោកបើកឡើងវិញបូករួមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ និងការព្យាបាលដែលមានលក្ខណៈទូលំទូលាយអនុញ្ញាតឱ្យប្រទេសនានាចាប់ផ្តើមព្យាបាលវីរុសកូវីដ-១៩ ជាវីរុសឆ្លងរាតត្បាតដោយតំបន់ ឬ ត្រាំត្រែង “Endemic” សិង្ហបុរី កំពុងសម្របខ្លួនទៅតាមពេលវេលា។ សេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០២១ ដែលគាំទ្រគោលជំហររៀនរស់ជាមួយកូវីដ-១៩ បានជួយពង្រឹងឋានៈរបស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
ទន្ទឹមនេះ ក្រុងហុងកុង កំពុងតែពង្រឹងគោលនយោបាយទប់ស្កាត់មិនឱ្យមានវីរុសកូវីដ-១៩ ដាច់ខាតដែលបានធ្វើឱ្យក្រុងនេះឯកោពីពិភពលោកទាំងមូល។ ការរឹតបន្តឹងកាន់តែខ្លាំងកំពុងជះផលប៉ះពាល់យ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញឋានៈរបស់ក្រុងហុងកុង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេប្រចាំតំបន់អាស៊ី។
កាលពីថ្ងៃពុធ សប្តាហ៍មុន ក្រុមហ៊ុនវាយតម្លៃកម្រិតគុណភាពឥណទានអាមេរិក Fitch Ratings បានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ហុងកុង សម្រាប់ឆ្នាំ២០២២ នេះមកនៅត្រឹមតែ១,៥%ប៉ុណ្ណោះ។ ក្រុមហ៊ុននេះព្រមានថា ទិន្នផលសេដ្ឋកិច្ចរបស់ក្រុងហុងកុង នឹងមិនលើសកម្រិតក្នុងឆ្នាំ២០១៨ ឡើយរហូតដល់ឆ្នាំ២០២៣ ដែលធ្វើឱ្យក្រុងនេះស្ថិតក្នុងចំណោមសេដ្ឋកិច្ចទទួលបានទិន្នផលអន់ថយបំផុតដែលក្រុមហ៊ុននេះបានដាក់ចំណាត់ថ្នាក់។
ហេតុនេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយដែលមជ្ឈដ្ឋានសាធារណជនធ្វើការវាយតម្លៃខុសគ្នាស្រឡះជុំវិញទិន្នផលសេដ្ឋកិច្ច និងទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យក្រុងហុងកុង ដែលបិទខ្ទប់ជិតឈឹង និងទីផ្សារអចលនទ្រព្យសិង្ហបុរី ដែលកាន់តែបើកទូលាយ។
ទោះជាយ៉ាងណា វិស័យអចលនទ្រព្យនៅហុងកុង សមនឹងទទួលបានការជឿទុកចិត្តច្រើនជាងនេះសម្រាប់ការងើបឡើងវិញគួរឱ្យភ្ញាក់ផ្អើល ទាំងក្នុងពេលដាក់ខ្លួនឯងឱ្យនៅឯកោដើម្បីទប់ស្កាត់ការរីករាលវីរុសកូវីដ-១៩។ វិស័យអចលនទ្រព្យនៅហុងកុង អាចធ្វើដូច្នេះបានរហូតមក ក្រោយស៊ូទ្រាំនឹងវិបត្តិសេដ្ឋកិច្ចក្នុងស្រុក និងក្រៅស្រុកក្នុងរយៈពេល៧ឆ្នាំមកនេះ។
យោងតាមការព្យាករបង្ហាញថា សិង្ហបុរី នឹងទទួលបានទិន្នផលសេដ្ឋកិច្ចល្អប្រសើរជាងប្រទេសផ្សេងៗនៅក្នុងតំបន់អំឡុងវិបត្តិកូវីដ-១៩។ ទោះជាយ៉ាងណា ក្រុងហុងកុង ទទួលបានទិន្នផលល្អប្រសើរលើសពីការរំពឹងទុក។
នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យអាមេរិក CBRE លទ្ធផលបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា មិនមែនសិង្ហបុរី នោះឡើយដែលជាទីក្រុងពេញនិយមបំផុតទី៣ នៅអាស៊ី សម្រាប់ការវិនិយោគឆ្លងដែន ប៉ុន្តែវាគឺក្រុងហុង ដែលជាប់ចំណាត់ថ្នាក់លេខ៦ ទៅវិញទេ៕