អ្នកជំនាញៈការវិនិយោគអគារការិយាល័យគួរផ្តោតលើអគារពាណិជ្ជកម្មចម្រុះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈអ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា និន្នាការវិនិយោគអគារការិយាល័យ គួរតែមានភាពបត់បែន ស្របពេល​ការប្រកួតប្រជែងមានការកើនឡើង។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៩ មិនាកន្លងមកថា ដោយសារនិន្នាការប្រែប្រួលនៃទីផ្សារនេះ និងតម្រូវការប្រើប្រាស់ចម្រុះកើនឡើង អ្នកវិនិយោគសាងសង់ អគារការិយាល័យសម្រាប់ជួល គួរតែមានភាពបត់បែន និងវិនិយោគគំរោងដែលមានភាពចម្រុះ ដូចជា មានសណ្ឋាគារ អាផាតម៉ិន ខុនដូ និងផ្សារទំនើបជាដើម។

អ្នកស្រីបានបន្តថា “និន្នាការវិនិយោគបែបនេះ បានកើតមាននៅសឹង្ហ​បុរី ប្រទេសថៃជាដើម ដែលរបត់បែបនេះ ផ្តល់ឲ្យអ្នកវិនិយោគនូវការប្រើប្រាស់ទុនច្រើន និងដីមានតម្លៃសមរម្យ”។ អ្នកស្រីបន្តថា “ការវិនិយោគមជ្ឈមណ្ឌលការិយាល័យ និងអគារពាណិជ្ជកម្មចម្រុះបែបនេះ គួរតែងាកទៅកាន់ទីក្រុងរណបនានា ខណៈដីកណ្តាលក្រុង មិនមានទំហំសមល្មមនោះទេ”។

អ្នកស្រីអាន សុធីតាបានបន្តថា ដោយសារលំហូរទុនវិនិយោគពីបរទេ​សនៅមា​នកម្រិត បានធ្វើឲ្យទំហំតម្រូវការអគារការិយាល័យធ្លាក់ចុះ ពិសេ​សតម្លៃក៏មានការធ្លាក់ចុះ ក្នុងរង្វង់១០ទៅ១៥ភាគរយផងដែរ ដែល​បញ្ហានេះ បណ្តាលមកពីការប្រកួតប្រជែងកើនឡើង ការផ្គត់ផ្គង់ក្នុងទីផ្សារកាន់តែច្រើនជាងមុន។

ចំណែកលោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រ​សាសន៍ឲ្យដឹងផងដែរថា និន្នាការទីផ្សារការិយាល័យ ពិតជាបត់ទៅរករបត់បែបនេះ ព្រោះការមានអគារការិយាល័យ តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ព្រោះអ្នក​ប្រើប្រាស់ ត្រូវការសេវាកម្មដែលផ្តល់ភាពងាយស្រួលដល់ពួកគេ ដូចជាផ្សារទំនើប កន្លែងហាត់ប្រាណពេលចេញពីធ្វើការ អាផាតម៉ិន ខុនដូជាដើម។

លោកបន្តថា “ហេតុនេះអ្នកវិនិយោគគួរតែគិតពីបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឲ្យគំរោងរបស់ខ្លួនបានទទួលជោគជ័យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here