ដោយ៖ សូរិយា
ភ្នំពេញ៖ រដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរយៈពេលជាង៣ខែ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដីព្រៃលិចទឹកតំបន់៣ក្នុងទំហំ៦៣.៤១៨,២០ហិចតា ត្រូវបានប្រជាពលដ្ឋ ១៥.១២០គ្រួសារស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ ខណៈដែនព្រៃលិចទឹកសរុប៦៤៧.៤០៤ហិចតាស្ថិតជុំវិញបឹងទន្លេសាប។
នៅក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២២ ខែមីនានេះ លោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រោយបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ស្តីពីការចុះពិនិត្យស្រាវជ្រាវទប់ស្កាត់ការកាប់ទន្ទ្រាឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប។
ក្រុមការងារអន្តរក្រសួង និងក្រុមការងារខេត្តបានចុះពិនិត្យស្រាវជ្រាវទប់ស្កាត់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបចំនួនគ្រួសារដែលបានវាស់គឺ ៨.៨៦០គ្រួសារ គិតទំហំផ្ទៃដីដែលបានវាស់ជាក់ស្តែង ៨៧.០៤២,៤៥ហិចតា។ ក្នុងនោះគ្រួសារដែលបានប្រគល់ដីជូនរដ្ឋវិញមានចំនួន ១៥.១២០គ្រួសារ ស្មើទំហំដី ៦៣.៤១៨,២០ហិចតា។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រព្រឹត្តខុសជាមួយនឹងអាជ្ញាធរដែលគាត់លួចបន្លំទៅយកដីកម្មសិទ្ធិរបស់សាធារណៈ ជាពិសេសដីបាតបឹងទន្លឹសាបសូមប្រគល់ជូនរដ្ឋវិញ។
ព្រៃលិចទឹក មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ក្រៅពីនោះនឹងផ្តល់ជាទីជម្រក ជាប្រភពផ្តល់ចំណី ជាកន្លែងពងដល់ពពួកមច្ឆាជាតិ ជារបាំងការពារខ្យល់ព្យុះ ទប់ស្កាត់ការហូរច្រោះដី ផ្តល់ជាឱសថ និងកែលម្អគុណភាពទឹក ដី ព្រមទាំងចូលរួមបម្រើដល់វិស័យទេសចរណ៍ទៀតផង។
យោងតាមអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ស្តីពីការកំណត់ដែនព្រៃលិចទឹកចំនួនសរុប៦៤៧ ៤០៦ហិចតា នៅក្នុងខេត្តចំនួន៦ ដូចជា ខេត្តកំពង់ធំ១៣៥ ១២៧ហិចតា ពោធិ៍សាត់៩៥ ៤៥១ហិចតា បាត់ដំបង២០៦ ៩៥៣ហិចតា សៀមរាប១២២ ២៨៩ហិចតា បន្ទាយមានជ័យ១២ ០៤៧ហិចតា និងខេត្តកំពង់ឆ្នាំង ៧៥ ៥៣៩ហិចតាជុំវិញបឹងទន្លេសាប (តំបន់៣)៕