បរធនបាលកិច្ចចំនួន១៧ទាក់ទាញទុនវិនិយោគចំនួន២៥៦លានដុល្លារអាមេរិកពីក្រៅប្រទេស

0

ដោយៈ សុផារី

ភ្នំពេញៈ វិស័យបរធនបាលកិច្ច បានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨ ហើយផ្តើមមានសន្ទុះខ្លាំងនៅឆ្នាំ២០២០។ រហូតមកដល់ខែមីនាឆ្នាំ២០២៣ បរធនបាលកិច្ច ដែលបានចុះបញ្ជីនៅនិយ័តករមានចំនួន១៧ គិតជាទឹកប្រាក់ចំនួន២៥៦លានដុល្លារអាមេរិក។

នេះបើតាមការបញ្ជាក់ដោយលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា” ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បរធនបាលកិច្ចគឺជាកិច្ចការ ក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់អ្នកដទៃ ដើម្បីប្រើប្រាស់ជាប្រយោជន៍ នៃបុគ្គលឬសាធារណៈ ឬក្នុងវិស័យអ្វីមួយ។ បរធនបាលកិច្ច គឺជាដំណើរនៃការថែរក្សាប្រាក់ ទ្រព្យ មូលនិធិ ជាដើម របស់ម្ចាស់ដើម (បរធនបាលទាយក) ដោយអ្នកផ្តល់សេវាកម្ម (បរធានបាល) មុននឹងសម្រេចផ្ទេរប្រាក់ ឬមូលនិធិទាំងនោះទៅកាន់បុគ្គល សាធារណៈ ឬក្នុងវិស័យអភិវឌ្ឍន៍អ្វីមួយ (អត្តគាហកៈ) ស្របទៅបទបញ្ញត្តិនិងខ្លឹមសារដែលមានចែង។

លោកសុខ ដារ៉ា បានបញ្ជាក់ថា ក្នុងនោះបរធនបាលកិច្ចហិរញ្ញវត្ថុបានចុះបញ្ជី ដែលជាប្រតិបត្តិការនៃការចាត់ចែង គ្រប់គ្រង ថែរក្សាសមត្ថភាពមូលនិធិដៃគូអភិវឌ្ឍន៍ និងអនុមណ្ឌល ដែលបច្ចុប្បន្នកំពុងធ្វើការគ្រប់គ្រងចាត់ចែងនៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានចំនួន៩ បានចុះបញ្ជី ក្នុងទំហំបរធនប្រហែល១៥០លានដុល្លាអាមេរិក។

បន្ថែមពីនេះ មានបរធនបាលកិច្ច៨ មានបរធនបាលកិច្ចសាធារណៈ១ គឺបរធនបាលកិច្ចគន្ធបុប្ផា បរធនបាលកិច្ចពាណិជ្ជកម្ម៤ បរធនបាលកិច្ចបុគ្គលចំនួន៣ ដែលបានចុះបញ្ជី ក្នុងទំហំបរធនចំនួន១០១លានដុល្លាអាមេរិក។

លោកសុខ ដារ៉ាបានបន្ថែមថា “បរធនបាលកិច្ចមួយចំនួនទៀតក៏បានស្ថិតក្នុងនិតិវិធីចុះបញ្ជីផងដែរ។ ដំណាក់កាលនេះ ជាដំណាក់កាលធ្វើនិយ័តកម្មតួអង្គពាក់ព័ន្ធដូចជា បរធនបាល ជាបុគ្គលកាន់អាជ្ញាប័ណ្ណ ការផ្ទៀងផ្ទាត់លើលក្ខខណ្ឌគុណវុឍិ អនុវត្តបន្ថែមលើកាតព្វកិច្ចផ្តល់របាយការណ៍ រាយការណ៍ និងអនុលោមទៅតាមលក្ខខណ្ឌ នៃការធ្វើប្រតិបត្តិការក្នុងនាមជាបរធនបាល”។

សម្រាប់គោលដៅ ក្នុងឆ្នាំ២០២២ និយតករនឹងជម្រុញបរធនបាលកិច្ចដែលបានចុះបញ្ជីទាំងស្ដិតក្នុងនិតិវិធី ទាំងស្ថិតក្នុងនិតិវិធីសាកសួរព័ត៌មាន ឱ្យកើនឡើងរហូតដល់២០០ភាគរយ ស្មើនឹង៣០០ជាង។ បន្ថែមលើសនេះ លោករំពឹងថាតួអង្គបរធនបាល នឹងមានការកើនឡើងក្នុងរង្វង់៥០ រាប់ទាំងក្រុមហ៊ុននិងបរធនបាលឯករាជ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here