សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមហានិភ័យដ៏ធំបំផុត ដែលគ្មានអ្នកលើកយកមកនិយាយ

0

សុខុម

ញូវយ៉ក: មនុស្សរហូតដល់ទៅជិត៤០០លាននាក់ក្នុងទីក្រុងចំនួន៤៥ ក្នុងប្រទេសចិន កំពុងស្ថិតក្រោមការបិទខ្ទប់ទាំងស្រុង ឬបិទខ្ទប់ផ្នែកខ្លះ ដែលជាផ្នែកមួយនៃគោលនយោបាយគ្មានកូវីដ-១៩ ដាច់ខាតដ៏តឹងរ៉ឹងរបស់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា។

ផ្អែកតាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura Holdings បង្ហាញថា ទីក្រុងទាំងនោះបូកបញ្ចូលគ្នាមានទំហំ៤០% ឬស្មើនឹង៧,២ពាន់ពាន់លានដុល្លារអាមេរិក នៃ GDP ប្រចាំឆ្នាំសរុបរបស់ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។

ក្រុមអ្នកវិភាគបានធ្វើការព្រមានឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យដ៏ធំធេង និងគ្រោះថ្នាក់បំផុតដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈម។ ទោះជាយ៉ាងណា អ្នកវិភាគទាំងនោះលើកឡើងថា បណ្ដាវិនិយោគិនហាក់មិនកំពុងធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវថា តើសេដ្ឋកិច្ចពិភពលោកអាចនឹងសំយ៉ុងក្បាលចុះធ្ងន់ធ្ងរកម្រិតណាឡើយ។

លោក Lu Ting អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ចិន និងជាសហការីនៅក្រុមហ៊ុន Nomura Holdings បានលើកឡើងកាលពីសប្តាហ៍មុនថា “ទីផ្សារនានាទូទាំងពិភពលោកប្រហែលនៅតែមើលស្រាលចំពោះផលប៉ះពាល់នេះ ពីព្រោះរវល់តែផ្ដោតយកចិត្តទុកដាក់លើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកខ្លាំងពេក”។

ការព្រួយបារម្ភបំផុត គឺការបិទខ្ទប់គ្មានកាលបរិច្ឆេទកំណត់នៅក្រុងសៀងហៃ ដែលមានប្រជាជន២៥លាននាក់ និងជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញដ៏សំខាន់មួយរបស់ប្រទេសចិន។

ការធ្វើចត្តាឡីស័កនៅទីនោះបានបណ្ដាលឱ្យខ្វះខាតស្បៀងអាហារ ការមិនទទួលបានសេវាថែទាំវេជ្ជសាស្ត្រត្រឹមត្រូវ និងសូម្បីឈានទៅដល់ការសម្លាប់ចោលសត្វចិញ្ចឹមទៀតផង។ ហើយទន្ទឹមនេះ វាក៏ធ្វើឱ្យទីក្រុងកំពង់ផែដ៏ធំបំផុតរបស់ពិភពលោកមួយនេះខ្វះបុគ្គលិកធ្វើការផងដែរ។

កំពង់ផែក្រុងសៀងហៃ ដែលបានគ្រប់គ្រងជាង២០%នៃចរាចរណ៍ទំនិញរបស់ប្រទេសចិន ក្នុងឆ្នាំ២០២១ គឺកំពុងតែជាប់គាំងហើយពេលនេះ។ ស្បៀងអាហារផ្គត់ផ្គង់ដែលជាប់ក្នុងតុងតឺន័រ និងមិនបានក្លាស្សេកំពុងតែស្អុយរលួយ។

ទន្ទឹមនេះបណ្ដាក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បានលុបចោលជើងហោះហើរទាំងអស់ មិនថាជើងហោះហើរចេញ និងចូលក្នុងទីក្រុងនេះ ហើយជាង៩០%នៃរថយន្តដឹកទំនិញនាំចេញ និងទំនិញនាំចូលគឺជាប់គាំងទាំងអស់។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលចិន សម្រាប់ឆ្នាំ២០២១ បង្ហាញថា ទីក្រុងសៀងហៃ ផលិតបាន៦%នៃទំនិញនាំចេញទាំងអស់របស់ប្រទេសចិន ហើយការបិទរោងចក្រនានាទាំងក្នុង និងជុំវិញទីក្រុងនេះកំពុងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែស្ទះបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here