ដោយៈ ចំណាន
ភ្នំពេញៈ លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី Dr. Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងលោក Janes Imanuel Ginting នាយកអង្គការWWF ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះអង្គការWWF ដែលបានចូលរួមគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ជាពិសេសការជំរុញអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ព្រមទាំងបានអបអរសាទរលោក ជេនណេស អ៊ីម៉ាញូអែល ហ្គីនហ្គីន ក្នុងឱកាសទទួលតួនាទីជានាយកអង្គការ WWF ប្រចាំកម្ពុជា។
លោកបានជម្រាបជូនគណៈប្រតិភូ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ដោយបានដាក់ចេញ “គោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០” និងបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំ “វេទិកាជាតិអេកូទេសចរណ៍”។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ មិនត្រឹមតែជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពិពិធកម្មគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយដ៏សំខាន់ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ព្រមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។
ជាមួយគ្នានេះ លោកហួត ហាក់បានគូសរំលេចថា ក្រសួងទេសចរណ៍បាន និងកំពុងពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញសំខាន់ៗ រួមមាន បដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ការឆុងកាហ្វេ ការចម្អិនម្ហូប និងភេសជ្ជៈ ការរៀបចំផ្ទះស្នាក់សហគមន៍ និងស្តង់ដារទេសចរណ៍ផ្សងព្រេងក្នុងព្រៃ។
ក្នុងឆ្នាំ២០២៥ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍ចំនួន២៤ ដែលមានសិក្ខាកាមប្រមាណ១,០០០នាក់ និងក្នុងឆមាសទី១ ឆ្នាំ២០២៦ បានបណ្តុះបណ្តាលសហគមន៍ចំនួន ១៣ ដែលមានសិក្ខាកាម ៧០០ នាក់។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងភាពជាដៃគូ និងលទ្ធភាពរៀបចំ អនុស្សរណៈនៃការយោគយល់គ្នា (oU) រវាងក្រសួងទេសចរណ៍ និងអង្គការWWF ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ជាពិសេសលើការអភិវឌ្ឍ ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕























