តើ​ឆ្នាំ​២០៣០​ចំនួន​ប្រជាពលរដ្ឋ​នៅ​រាជធានី​កើន​ឡើង​ដល់​ប៉ុន្មាន? ​ផ្តល់​ប្រយោជន៍​អ្វី​ដល់​វិស័យអចលនទ្រព្យ?​

ដោយៈ ចំណាន

   ភ្នំពេញៈ នៅឆ្នាំ២០៣០ ចំនួនប្រជាជននៅទីក្រុងភ្នំពេញកើនដល់២,៩លាននាក់ ហើយឆ្នាំ២០៣៥ កើនដល់ប្រមាណ៣,៤លាននាក់។

ចំណែកចំនួនប្រជាពលរដ្ឋចេញ ចូលមកពីតាមបណ្តាខេត្តទូទាំងប្រទេសមួយថ្ងៃនៅឆ្នាំ២២០៦ មានចន្លោះ២០០,០០០ ទៅ៤០ម៉ឺននាក់ ឆ្នាំ២០៣០ កើនដល់ចន្លោះពី២៥ម៉ឺន ទៅ៤៥ម៉ឺននាក់ និងឆ្នាំ២០៣៥ កើនដល់ចន្លោះ៣០ម៉ឺន ទៅ៥០ម៉ឺននាក់។

ការសិក្សាមួយកាលពីមុនរបស់ជប៉ុនស្តីពី ការដឹកជញ្ជូនក្នុងទីក្រុង បានព្យាករណ៍ថា នឹងមានការធ្វើដំណើរប្រហែល៦,៩៧ លានជើងក្នុងមួយថ្ងៃ នៅក្នុងតំបន់ ដែលបានកំណត់សម្រាប់ការសិក្សានោះ នៅត្រឹមឆ្នាំ ២០៣៥។ តួលេខនេះរាប់បញ្ចូលរាល់ការធ្វើដំណើរទាំងអស់នៅក្នុងតំបន់សិក្សា មិនមែនរាប់បញ្ចូលតែអ្នកដែលធ្វើដំណើរមកពីខេត្តផ្សេងៗនោះទេ។

ចលនាប្រជាជនចេញ-ចូលរាជធានីភ្នំពេញប្រចាំថ្ងៃ ឆ្នាំ២០២៦, ២០៣០ និង២០៣៥ សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជា វាមានសារៈសំខាន់ណាស់ ក្នុងការបែងចែករវាងអ្នកដែលរស់នៅ ក្នុងរាជធានីភ្នំពេញ អ្នកដែលធ្វើដំណើរចូលមករាជធានីជារៀងរាល់ថ្ងៃ និងអ្នកដែលធ្វើដំណើរចេញ-ចូលរាជធានីពីបណ្តាខេត្តផ្សេងៗ។

ការសិក្សាបានរកឃើញថា រាជធានីភ្នំពេញទាក់ទាញកម្មករ និស្សិត អាជីវករ មន្ត្រីរាជការ ភ្ញៀវទេសចរ និងអ្នកដែលមកបំពេញការងារពាណិជ្ជកម្ម។ ចលនាប្រចាំថ្ងៃទាំងនេះ បង្កើតឱ្យមានតម្រូវការលើផ្នែកលំនៅឋាន ការដឹកជញ្ជូន ការលក់រាយ សេវាកម្មម្ហូបអាហារ ការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម។

សម្រាប់គោលបំណងរៀបចំផែនការទីក្រុង និងវិស័យអចលនទ្រព្យ។ ពួកវាមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ តាមរយៈការស្ទង់មតិលើអ្នកធ្វើដំណើរប្រចាំថ្ងៃ ឬការរាប់ចំនួនមនុស្សជាក់លាក់ ដែលឆ្លងកាត់ព្រំប្រទល់រាជធានីភ្នំពេញនោះទេ។

ដូច្នេះ មិនគួរយកតួលេខទាំងនេះទៅយោងថា ជាការពិតដែលបានបញ្ជាក់ច្បាស់លាស់នោះទេ។

ហេតុអ្វីបានជារឿងនេះសំខាន់ សម្រាប់វិស័យអចលនទ្រព្យ
តម្រូវការលំនៅឋាន និងការជួល កម្មករដែលធ្វើដំណើរពីចម្ងាយអាចជ្រើសរើសរកលំនៅឋាន ដែលនៅជិតរោងចក្រ ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងជួយបង្កើនតម្រូវការសម្រាប់លំនៅឋានដែលមានតម្លៃសមរម្យ និងការជួលលំនៅឋាន។

វិស័យលក់រាយ និងសេវាកម្ម អ្នកដែលធ្វើដំណើរចេញ-ចូលជារៀងរាល់ថ្ងៃ បង្កើតបានជាអតិថិជនសក្តានុពលសម្រាប់ផ្សារ ភោជនីយដ្ឋាន ហាងលក់ទំនិញទូទៅ និងអាជីវកម្មសេវាកម្មផ្សេងៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវដែលមានចរាចរណ៍មមាញឹក។

ច្រករបៀងឧស្សាហកម្ម និងភស្តុភារកម្ម កំណើនការងារ និងការតភ្ជាប់ផ្នែកដឹកជញ្ជូន អាចជួយជំរុញតម្រូវការនៅជុំវិញតំបន់ឧស្សាហកម្ម ជាពិសេសនៅកន្លែង ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សេវាសាធារណៈ និងការបង្កើតការងារក្នុងពេលដំណាលគ្នា។

ផែនការដឹកជញ្ជូនរបស់កម្ពុជា បានកំណត់នូវច្រករបៀងចរាចរ​ណ៍សំខាន់ៗ ដែលចេញពីទីក្រុងភ្នំពេញ រួមមានផ្លូវជាតិលេខ ១, ២, ៣, ៤, ៥, ៦ និង ៧៕

ការ​ស្តារ​កំណាត់​ផ្លូវជាតិលេខ៣​ត្រពាំងរពៅ ​ទៅកាន់​វាសរេញ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនចិន​

ដោយៈ ចំណាន

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន China Highway Engineering Consulting Corporation (CHECC) ក្នុងការសិក្សាគម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)។

កិច្ចប្រជុំនេះដឹកនាំដោយលោកសួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន China Highway Engineering Consulting Corporation នៃប្រទេសចិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងជួបពិភាក្សា និងផ្លាស់ប្ដូរយោបល់លើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងគម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដើម្បីអាចឱ្យគម្រោងនេះមានលទ្ធភាព ក្នុងការអនុវត្តការងារលើកកម្រិតក្នុងពេលឆាប់ៗ៕

ក្រុមហ៊ុន​ចិនធំ​មួយ​គ្រោង​វិនិយោគ​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទីរ​នៅ​​កម្ពុជា​ និង​ពង្រីក​មូលដ្ឋាន​ផលិត​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សាការងារជាមួយលោក Zhou Jieshengនាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd.។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក. (Kampu Nuts Agro Product Co., Ltd.) ស្ថិតនៅខេត្តកំពង់ធំ ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង ហើយលោកជា វុទ្ធី ​ការក៏បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូក្រុមហ៊ុនGuangdong Nan Xing Rainbow Nut Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេស ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេស ឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេស លើសពីច្បាប់វិនិយោគ។

បន្ថែមលើនេះ ក្រៅពីវិស័យស្វាយចន្ទី លោកអគ្គលេខាធិការក៏បានស្នើឱ្យក្រុមហ៊ុនគិតគូរវិនិយោគ កែច្នៃកសិផលផ្សេងទៀតដែលមានសក្តានុពលខ្ពស់ ដូចជា ដំទ្បូងមី ស្រូវអង្ករ និងកៅស៊ូ ជាដើមដែលក្រុមហ៊ុនអាចធ្វើការកែច្នៃ ដើម្បីទាញយកផលចំណេញជាអតិបរិមា។

លោក Zhou Jiesheng បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសាវតាក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយ (Pistachio nut) ។ល។ នៅក្នុងទីផ្សារប្រទេសចិនប្រមាណ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ៤ប៊ីលានដុល្លារអាម៉េរិក/ឆ្នាំ។

ក្រុមហ៊ុនមានបំណងពង្រីក ការវិនិយោគមកកម្ពុជាដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជាដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុកផងដែរ។

លោកបានបន្ថែមថា ក្រៅពីការសំទ្បឹងឃើញពីសក្តានុពលនៃវិស័យស្វាយចន្ទី លោកក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយ ពីសហរដ្ឋអាម៉េរិកមកកែច្នៃនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ លោកសង្ឃឹមថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជានាពេលឆាប់ៗខាងមុខ៕

នៅចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុនក្នុងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ការ​រីក​ចម្រើន​នៃ​ទីផ្សារ​សណ្ឋាគារ​លំដាប់​ប្រណិត​នៅ​ទីក្រុង​គូឡាឡាំពួ​ កំពុង​បើក​ឱកាស​ថ្មី​សម្រាប់​វិនិយោគិន​

ដោយ: សហសេវិក
អន្តរជាតិ: ការកើនឡើងនៃប្រាក់ចំណូលពីសណ្ឋាគារ និងការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិននៅក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់នៅទីក្រុងគូឡាឡាំពួ កំពុងធ្វើឱ្យគំរូនៃការវិនិយោគលើអចលនទ្រព្យបែបថ្មីមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

គំរូនេះអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចធ្វើជាម្ចាស់កម្មសិទ្ធិលើផ្នែកនីមួយៗនៃសណ្ឋាគារ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការគ្រប់គ្រងអ្នកស្នាក់នៅ ឬការចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃនោះឡើយ។

យោងតាមក្រុមហ៊ុន ​​JLL ទំហំប្រតិបត្តិការសណ្ឋាគារលំដាប់ប្រណីតនៅក្នុងទីក្រុងគូឡាឡាំពួ បានកើនឡើងដល់ចំនួន ៦៦០ លានរីងហ្គីតនៅចន្លោះឆ្នាំ ២០២៣ និង ២០២៥ កើនឡើងជាង ១៤ ភាគរយ បើធៀបនឹងរយៈពេលស្រដៀងគ្នានេះ មុនពេលមានជំងឺរាតត្បាត។

ចំណែកនៃវិស័យសណ្ឋាគារលំដាប់ប្រណិតនៅក្នុងទំហំប្រតិបត្តិការសណ្ឋាគារសរុប បានកើនឡើងពី ២៦ ភាគរយ ទៅ ៣០ ភាគរយ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិនចំពោះផ្នែកនេះ។

ដំណើរការប្រតិបត្តិការក្នុងទីផ្សារកំពុងមានភាពប្រសើរឡើង ដោយទីក្រុងគូឡាឡាំពួ (Kuala Lumpur) បានកត់ត្រានូវកំណើន ៩,៨ ភាគរយ (គិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន) នៃប្រាក់ចំណូលក្នុងមួយបន្ទប់ ដែលគាំទ្រដោយអត្រានៃការស្នាក់នៅជាមធ្យមចំនួន ៦៨,២ ភាគរយ។

ក្រុមហ៊ុន JLL បានឱ្យដឹងថា គម្រោងបើកដំណើរការសណ្ឋាគារលំដាប់ប្រណិតថ្មីៗជាច្រើនទៀត ត្រូវបានរំពឹងថា នឹងជំរុញឱ្យការផ្គត់ផ្គង់សណ្ឋាគារថ្មីៗកើនឡើងរហូតដល់ឆ្នាំ ២០២៨។

ក្នុងបរិបទនេះ ការវិនិយោគជាយូនីតរបស់សណ្ឋាគារ (hotel investment units) កំពុងលេចឡើងជាជម្រើសមួយសម្រាប់អ្នកវិនិយោគអចលនទ្រព្យ ដែលចង់ចូលរួមក្នុងវិស័យបដិសណ្ឋារកិច្ច ដោយមិនចាំបាច់ទិញសណ្ឋាគារទាំងមូលនោះទេ។

ក្រុមហ៊ុន JLL បានលើកឡើងថា៖ «ជាទូទៅ ការធ្វើជាម្ចាស់សណ្ឋាគារតម្រូវឱ្យមានការទិញទ្រព្យសកម្មជាសណ្ឋាគារទាំងមូល។ ប៉ុន្តែនៅក្នុងទីផ្សារមួយចំនួន សណ្ឋាគារត្រូវបានដាក់លក់ជាយូនីត (បន្ទប់ ឬឈុតបន្ទប់) ដែលអនុញ្ញាតឱ្យអ្នកវិនិយោគម្នាក់ៗអាចក្លាយជាម្ចាស់ផ្នែកណាមួយនៃសណ្ឋាគារ ដោយមិនចាំបាច់ទិញសណ្ឋាគារទាំងមូលនោះឡើយ»។

តាមរយៈគំរូនេះ អ្នកវិនិយោគអាចទិញយូនីតណាមួយនៅក្នុងសណ្ឋាគារដែលត្រូវបានគ្រប់គ្រងដោយអ្នកជំនាញ។ រាល់កិច្ចការដូចជា ការកំណត់តម្លៃបន្ទប់ ការកក់បន្ទប់ សេវាកម្មសម្អាត សេវាកម្មសម្រាប់ភ្ញៀវ និងការសម្រេចចិត្តប្រតិបត្តិការផ្សេងៗ ត្រូវបានចាត់ចែងដោយប្រតិបត្តិករដែលមានបទពិសោធន៍៕

ក្រុមមន្រ្តីចុះពិនិត្យគម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក

ដោយៈ និស្ស័យ

កណ្តាលៈ លោកឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេក​ទេសចុះពិនិត្យវឌ្ឍនភាពការងារ តាមបណ្តោយផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ខេត្តកណ្តាល រហូតដល់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណើរបេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាង ធនាគារ AIIB ទីប្រឹក្សាបច្ចេកទេស ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមមួយចំនួន។

ជាលទ្ធផល ក្រុមការងារបច្ចេកទេសបានពិនិត្យ និងឯកភាពក្នុងការសិក្សាហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព តាមទីតាំងសាលារៀន ( Safe School Zone) និងការកែលម្អគំនូសប្លង់បច្ចេកទេស ដោយបន្ថែមគន្លងផ្លូវតាមទីតាំងមានរង្វង់មូល ដើម្បីសម្រួលក្នុងធ្វើចរាចរណ៍ និងការសិក្សាបន្ថែមផ្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាត្រង់ទីតាំងផ្លូវភ្ជាប់ (T-Junction)។

ផ្លូវជាតិលេខ៨ មានប្រវែងសរុប១២៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+ ៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ផ្លូវនេះមានសារៈសំខាន់ ក្នុងការតភ្ជាប់រាជធានីភ្នំពេញ តាមខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ ទៅកាន់តំបន់ ភាគខាងកើត និងភាគឦសាន តំបន់ព្រំដែនកម្ពុជា–វៀតណាម៕

ការ​លក់​អាផាតមុិន​នៅ​ទីក្រុងហាណូយ​ដាំ​ក្បាល​ចុះ ​ខណៈ​តម្លៃ​បន្ត​កើន​ឡើង​

ដោយ: សហសេវិក
អន្តរជាតិ: ការលក់អាផាតមិនថ្មីនៅទីក្រុងហាណូយនៃប្រទេសវៀតណាមក្នុងត្រីមាសទី៣ មានត្រឹមតែ ៣១% ប៉ុណ្ណោះនៃចំនួនអាផាតមុិនសរុបដែលបានដាក់លក់ ខណៈកាលពីមួយឆ្នាំមុនតួលេខនេះមានកម្រិតពី ៧០% ទៅ ៨០%។

ស្ថានភាពនេះកើតឡើង ស្របពេលដែលតម្លៃលក់បានកើនឡើងហួសពីលទ្ធភាពរបស់អ្នកទិញ ហើយអត្រាការប្រាក់ក៏មានកម្រិតខ្ពស់ផងដែរ។

យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ Avison Young តម្លៃអផាតមុិននៅលើទីផ្សារចម្បង (primary market) នៅតែបន្តកើនឡើង ដោយបានងើបឡើងពី ១,៥% ទៅ ២,៣% បើធៀបនឹងត្រីមាសមុន។ របាយការណ៍ដដែលបានបន្ថែមថា ល្បឿននៃការកើនឡើងតម្លៃនេះបានថយចុះចាប់តាំងពីចុងឆ្នាំ ២០២៥ មក។

អាផាតមុិនមានតម្លៃជាមធ្យមចំនួន៤.១៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯនៅតាមតំបន់ទីក្រុងរណបទាំងនៅប៉ែកខាងកើត និងខាងលិចវិញ អាផាតមុិនលំដាប់ខ្ពស់ថ្មីៗមានតម្លៃចន្លោះពី ៣.៣០០ ដុល្លារ ទៅ ៤.៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃអាផាតមុិននៅក្នុងតំបន់កណ្តាលក្រុង និងតំបន់ West Lake West មានភាពខុសគ្នាខ្លាំងជាង ដោយមានចន្លោះចាប់ពីប្រហែល ៥ ៥០០ ដុល្លារ ដល់ ៩ ៨០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕

តើ​អ្វី​ជាមូលដ្ឋាន​គ្រឹះ​នៃ​កម្លាំង​ចលក​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៧ ​ស្រប​ពេល​ស្ថាប័ន​អន្តរ​ជាតិ​ព្យាករណ៍​មាន​ភាព​វិជ្ជមាន?​

ដោយៈ ចំណាន

   ភ្នំពេញៈ នៅក្នុងសេណារីយ៉ូស្នូល គឺការងើបឡើងវិញនៅឆ្នាំ ២០២៧ ប៉ុន្តែមិនមែនមានន័យថា ជាការរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានោះទេ។

ការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក (World Bank) ក្នុងកម្រិត៤,៩% គឺមានភាពវិជ្ជមានជាងការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ដែលមានកម្រិត ៤,០%។

កត្តាជំរុញសំខាន់ៗចំនួន៦ នៃសក្តានុពលកំណើនរបស់កម្ពុជារួមមានដូចជា

១. វិស័យផលិតកម្ម និងការធ្វើពិពិធកម្មការនាំចេញ

កម្ពុជាកំពុងពង្រីកវិសាលភាព ហួសពីវិស័យកាត់ដេរ ទៅកាន់វិស័យគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់អគ្គិសនី ផលិតផលសម្រាប់ធ្វើដំណើរ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត។ ការបញ្ជាទិញទំនិញសម្រាប់ការនាំចេញក្នុងកម្រិតខ្ពស់ អាចទាក់ទាញរោងចក្របន្ថែម បង្កើតការងារ និងជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្ម។

ធនាគារពិភពលោកបានរាយការណ៍ថា ការនាំចេញទំនិញបានកើនឡើង១៩,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦។

ទីតាំងសំខាន់ៗ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងក្រុងបាវិត។

២. ការវិនិយោគផ្ទាល់ពីបរទេស (FDI)

វិនិយោគិនបរទេសកំពុងជួយផ្តល់ហិរញ្ញប្បទាន ដល់សមត្ថភាពផលិតកម្ម និងការធ្វើពិពិធកម្មទៅក្នុងវិស័យនានា ដូចជាគ្រឿងអេឡិចត្រូនិក និងថាមពលកកើតឡើងវិញ។

ធនាគារពិភពលោកបានរាយការណ៍ថា មានលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន៥,១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ ដែលស្មើនឹង១០,១% នៃផលិតផលក្នុងស្រុកសរុប (GDP)។

ឱកាសក្នុងវិស័យអចលនទ្រព្យ៖ ដីសម្រាប់ឧស្សាហកម្ម រោងចក្រ ឃ្លាំងស្តុកទំនិញ និងលំនៅឋានសម្រាប់កម្មករ។

៣. ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់

ព្រលានយន្តហោះ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម អាចជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន និងតភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់។ ការតភ្ជាប់កាន់តែប្រសើរឡើង ក៏អាចជំរុញការអភិវឌ្ឍពាណិជ្ជកម្ម នៅជុំវិញមជ្ឈមណ្ឌលការងារដែលកំពុងរីកចម្រើនផងដែរ។

តំបន់ដែលគួរពិចារណា៖ ខ្សែរបណ្តោយផ្លូវភ្នំពេញ-តាខ្មៅ តំបន់កំបូល និងតំបន់ឧស្សាហកម្មមួយចំនួន នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

៤. ការងើបឡើងវិញនៃវិស័យទេសចរណ៍

វិស័យទេសចរណ៍ អាចជួយគាំទ្រដល់សណ្ឋាគារ ភោជនីយដ្ឋាន អាជីវកម្មលក់រាយ ការដឹកជញ្ជូន និងការបង្កើតការងារ។ ប្រសិនបើចំនួនភ្ញៀវទេសចរងើបឡើងវិញ ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ អាចទទួលបានអត្ថប្រយោជន៍។

ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍គឺជាចំណុចខ្សោយដ៏សំខាន់មួយនៅឆ្នាំ២០២៦ ដូច្នេះការងើបឡើងវិញគឺជាលក្ខខណ្ឌចាំបាច់សម្រាប់កំណើនដ៏រឹងមាំ ប៉ុន្តែវាមិនមែនជារឿងដែលប្រាកដច្បាស់លាស់នោះទេ។

៥. ការប្រើប្រាស់ ៦. កម្លាំងពលកម្មវ័យក្មេង និងផលិតភាព

កម្ពុជាអាចពង្រឹងកំណើនរយៈពេលវែងរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលកម្មករ ការកែលម្អវិស័យអប់រំ ការទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងការជួយឱ្យអាជីវកម្មក្នុងស្រុកអាចក្លាយជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតបរទេស។

ធនាគារពិភពលោក បានចាត់ទុកការបង្កើនជំនាញ ការលើកកម្ពស់ផលិតភាព និងការបង្កើតការងារ ដែលមានគុណភាព ជាអាទិភាពសម្រាប់កំណើនប្រកបដោយចីរភាព។


៦. តើអ្វីខ្លះដែលអាចរារាំងកំណើនដ៏រឹងមាំ?

ការព្យាករទាំងនេះ អាស្រ័យលើលក្ខខណ្ឌមួយចំនួន ដែលត្រូវបំពេញ វិស័យអចលនទ្រព្យ និងធនាគារ៖ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យក្នុងរយៈពេលយូរ អាចធ្វើឱ្យវិស័យសំណង់ ការផ្តល់ឥណទាន និងទំនុកចិត្តរបស់គ្រួសារនានាធ្លាក់ចុះខ្សោយ។

វិស័យទេសចរណ៍៖ ប្រសិនបើចំនួនភ្ញៀវទេសចរ នៅតែបន្តមានកម្រិតទាប វានឹងរារាំងដល់ការងើបឡើងវិញ នៃវិស័យសេវាកម្ម។
តម្លៃថាមពល៖ ការនាំចូលប្រេងឥន្ធនៈក្នុងតម្លៃខ្ពស់ នឹងធ្វើឱ្យថ្លៃដើមនៃការដឹកជញ្ជូន និងការផលិតកើនឡើង។

ពាណិជ្ជកម្ម និងហានិភ័យភូមិសាស្ត្រនយោបាយ៖ ការថយចុះនៃតម្រូវការសកល ឬភាពតានតឹងក្នុងតំបន់ ដែលអូសបន្លាយពេលយូរ អាចកាត់បន្ថយការនាំចេញ និងការវិនិយោគ។

តម្រូវការក្នុងស្រុក៖ ទោះបីជាការនាំចេញមានភាពរឹងមាំក៏ដោយ ក៏វាមិនប្រាកដថា នឹងនាំមកនូវវិបុលភាពទូទៅនោះទេ ប្រសិនបើអាជីវកម្ម និងគ្រួសារក្នុងស្រុកទទួលបានអត្ថប្រយោជន៍តិចតួច។

ហានិភ័យទាំងនេះត្រូវបានលើកឡើង នៅក្នុងការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែកញ្ញា ឆ្នាំ២០២៦។

តើចំណុចនេះមានន័យដូចម្តេច ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជារហូតដល់ឆ្នាំ២០៣០? សម្រាប់ការវិភាគលើទីផ្សារអចលនទ្រព្យ នឹងផ្តល់អាទិភាពលើការសិក្សាស្រាវជ្រាវ ទៅលើវិស័យជាក់លាក់មួយចំនួន ជាជាងសន្មតថាគ្រប់វិស័យទាំងអស់ នឹងរីកចម្រើនឡើងព្រមៗគ្នា៕

ឆ្នាំ២០៣៥ ​ចំនួន​ប្រជាពលរដ្ឋ​នៅ​រាជធានីភ្នំពេញ​អាច​កើន​ដល់​៣,៥​លាននាក់ ​តើ​វិស័យអចលនទ្រព្យ​នឹង​មាន​ឱកាស​ដូច​ម្តេច?​

ដោយៈ ចំណាន

   ភ្នំពេញៈ ការព្យាករណ៍មួយនាពេលបច្ចុប្បន្ន សម្រាប់តំបន់ទីក្រុង បង្ហាញថា ចំនួនប្រជាជននឹងកើនឡើងដល់៣,៣ទៅដល់ប្រមាណ៣,៥លាននាក់នៅឆ្នាំ ២០៣៥។

មានចំណុចសំខាន់មួយទៀត សម្រាប់ការវិភាគលើវិស័យអចលនទ្រព្យរបស់អ្នក គឺថា រាជធានីភ្នំពេញតាមព្រំដែនរដ្ឋបាល និងតំបន់រាជធានីភ្នំពេញទាំងមូល (Greater Phnom Penh) មិនមែនជាទីផ្សារតែមួយនោះទេ។

ទិន្នន័យស្តីពីនគរូបនីយកម្មបានបង្ហាញរួចហើយថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ កំពុងតែពង្រីកទៅកាន់តំបន់ជុំវិញ រាជធានីផងដែរ។

សូចនាករឬការចង្អុលបង្ហាញនេះមានន័យថា ឱកាសក្នុងវិស័យអចលនទ្រព្យឆ្ពោះទៅឆ្នាំ ២០៣៥ មិនមែនមានតែនៅក្នុងតំបន់កណ្តាលរាជធានីភ្នំពេញប៉ុណ្ណោះទេ។ កំណើនប្រជាជននឹងជួយជំរុញតំបន់ផ្សេងៗទៀតកាន់តែខ្លាំងឡើង រួមមាន៖ តំបន់ភាគខាងត្បូង (ភ្នំពេញ-តាខ្មៅ/តំបន់អាកាសយានដ្ឋានតេជោ) តំបន់ភាគខាងលិច (ភ្នំពេញ-កំបូល), តំបន់តាមបណ្តោយផ្លូវនៅភាគខាងជើង និងតំបន់ភាគខាងកើត (តំបន់ទន្លេមេគង្គ/អរិយក្សត្រ)។

តំបន់ទាំងនេះនឹងមានសក្តានុពលជាពិសេស សម្រាប់លំនៅឋានដែលមានតម្លៃសមរម្យ ឬតម្លៃមធ្យម ទីតាំងលក់រាយ ផ្នែកភស្តុភារកម្មលំនៅឋានសម្រាប់ជួល និងដីដែលមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់។

ចំណុចទាំងនេះ គឺជាផ្នែកដែលគួរពិនិត្យមើលបន្ថែម ប៉ុន្តែមិនមែនជាការធានាថា ថ្លៃអចលនទ្រព្យនឹងកើនឡើងនោះទេ។

គម្រោងសាងសង់ព្រលានយន្តហោះ និងផ្លូវថ្នល់អាចជួយសម្រួ​លដល់ការធ្វើដំណើរ ប៉ុន្តែអត្ថប្រយោជន៍ដែលទទួលបាន គឺអាស្រ័យលើចរាចរណ៍ជាក់ស្តែង សកម្មភាពអាជីវកម្ម និងការអភិវឌ្ឍនៅតំបន់ជុំវិញនោះ។

តើអ្វីខ្លះដែលអាចជំរុញកំណើន វិស័យអចលនទ្រព្យនៅចន្លោះឆ្នាំ ២០២៦ ដល់ ២០៣៥?

សក្តានុពលដែលគេមើលឃើញ គឺចំនួនប្រជាជន និងការបង្កើតគ្រួសារថ្មីៗ ការកើនឡើងនៃចំនួនគ្រួសារ អាចបង្កើតតម្រូវការលំនៅឋានបន្ថែម ទោះបីជាកំណើនប្រជាជន ស្ថិតក្នុងកម្រិតមធ្យមក៏ដោយ។ លើសពីនេះ ទំហំគ្រួសារដែលមានសមាជិកតិចជាងមុន ក៏អាចបង្កើនចំនួនលំនៅឋានដែលត្រូវការផងដែរ។

លើសពីនេះនឹងមានឱកាសការងារ និងកំណើនប្រាក់ចំណូល
ការមានការងារធ្វើកាន់តែច្រើន និងប្រាក់ចំណូលខ្ពស់ជាងមុន ជួយបង្កើនលទ្ធភាពក្នុងការទិញផ្ទះ បង់ថ្លៃជួល និងគាំទ្រដល់អាជីវកម្មលក់រាយ។ កំណើនប្រជាជនដែលខ្វះកម្លាំងទិញ អាចនឹងមិននាំឱ្យទីផ្សារអចលនទ្រព្យមានភាពរឹងមាំនោះទេ។

ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ក្នុងទីក្រុង ផ្លូវថ្នល់ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ សេវាសាធារណៈ (ដូចជាទឹក ភ្លើង) និងការតភ្ជាប់ទៅកាន់ព្រលានយន្តហោះ ដែលមានភាពប្រសើរជាងមុន អាចពង្រីកតំបន់ដែលមនុស្សអាចរស់នៅ និងធ្វើការបាន។

ការវិនិយោគពីបរទេស និងការពង្រីកអាជីវកម្ម ការវិនិយោគប្រកបដោយជោគជ័យ ក្នុងវិស័យផលិតកម្ម សេវាកម្ម ទេសចរណ៍ និងភស្តុភារកម្ម (logistics)អាចបង្កើតការងារ និងពង្រឹងតម្រូវការសម្រាប់លំនៅឋាន ការិយាល័យ សណ្ឋាគារ និងអចលនទ្រព្យសម្រាប់ឧស្សាហកម្ម៕

ក្រុម​មន្រ្តី​ជជែក​លើក​រណី​ដីរដ្ឋ​ចំនួន​៤កន្លែង ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​សេដ្ឋកិច្ច​មាន​ទីតាំង​នៅ​ខេត្ត​ចំនួន​៣​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីមកពីក្រសួងពាក់ព័ន្ធ នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួង បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើករណីដីរដ្ឋចំនួន៤កន្លែង ដែលជាកម្មសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីដីរដ្ឋចំនួន៤ កន្លែង ដែលជាកម្មសិទ្ធិរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេ​ខាធិការ ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ., តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រដ្ឋបាលខេត្តក្រចេះ និង ខេត្តកំពង់ស្ពឺ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ព្រមទាំងក្រុមការងារ នៃលេខាធិការដ្ឋាន គ.ប.ទ. និង មន្រ្តីជំនាញពាក់ព័ន្ធ។

អង្គប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើករណីការស្នើចុះបញ្ជីដីរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ និងករណីដីរដ្ឋចំនួន២កន្លែង ដែលទើបទទួលបានបណ្ណកម្មសិទ្ធិដីធ្លី៕

 

ក្រុមផ្នែកឯកជនជជែកអំពីបញ្ហាក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈ ចំណាន

   ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ”តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន​ តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា តំណាងសមាគមអគ្គិសនីជនបទ តំណា​ងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិក នៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រ​ឈ​មថ្មីៗបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខនេះ។

កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ៧៦១ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ ដែលនិយាយអំពី តម្លៃសេវាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។ ២. បញ្ហាទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារប្រកបអាជីវកម្មអចលនវត្ថុ ដោយគ្មានអាជ្ញាប័ណ្ណ និង៣. បញ្ហាទាក់ទងនឹងកម្រៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈសម្រា​ប់ការផ្តល់សេវាកម្មអចលនវត្ថុ៕