លំហូរចរាចរណ៍ផ្លូវ៥១ ៤១ នៅឆ្នាំ២០៣៥

ខ្ញុំមិនអាចស្វែងរកទិន្នន័យផ្លូវការថ្មីៗស្តីពី ចំនួនយានយន្តប្រចាំថ្ងៃ សម្រាប់ផ្លូវជាតិលេខ ៥១ និងផ្លូវជាតិលេខ ៤១ បានទេ។ ហេតុដូច្នេះហើយ ព័ត៌មានខាងក្រោមនេះគ្រាន់តែជាសេណារីយ៉ូ សម្រាប់ការរៀបចំផែនការប៉ុណ្ណោះ មិនមែនជាការព្យាករណ៍ផ្លូវការ ឬជាទិន្នន័យបរិមាណចរាចរណ៍ដែលបានវាស់វែងជាក់ស្តែងនោះទេ។

*តួលេខមូលដ្ឋានទាំងនេះ គឺជាការសន្មតទូទៅសម្រាប់បង្កើតគំរូសេណារីយ៉ូ មិនមែនជាចំនួនជាក់ស្តែងដែលបានផ្ទៀងផ្ទាត់នោះទេ។ បរិមាណជាក់ស្តែងអាចនឹងមានកម្រិតទាបជាង ឬខ្ពស់ជាងនេះយ៉ាងខ្លាំង ដោយអាស្រ័យលើទីតាំងនៃការរាប់ចំនួនយានយន្ត ការកែលម្អផ្លូវ និងសកម្មភាពឧស្សាហកម្មនៅក្នុងតំបន់នោះ។
សេណារីយ៉ូនៃការកើនឡើងចរាចរណ៍ (សម្រាប់ជាឧទាហរណ៍) ការគណនាអត្រាកំណើនប្រចាំឆ្នាំ (Compound growth) សម្រាប់រយៈពេល ៩ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣៥។

ក្នុងអត្រា ៣% ចរាចរណ៍នឹងកើនឡើងប្រហែល ៣០% ក្នុងរយៈពេល ៩ ឆ្នាំ; ក្នុងអត្រា ៦% នឹងកើនឡើងប្រហែល ៦៩%; និងក្នុងអត្រា ៩% នឹងកើនឡើងប្រហែល ១១៧%។ ​​សេណារីយ៉ូដែលមានកំណើន ៩% តម្រូវឱ្យមានកំណើនដ៏រឹងមាំ និងបន្តជាប់លាប់ ដូច្នេះមិនគួរចាត់ទុកថាជាលទ្ធផលដែលរំពឹងថានឹងកើតឡើងពិតប្រាកដនោះទេ។
សម្រាប់ការសិក្សាលើការវិនិយោគ ចំណុចសំខាន់ដែលត្រូវបែងចែកឱ្យដាច់គឺ រវាងរថយន្ត និងម៉ូតូ រថយន្តដឹកទំនិញធុនធ្ងន់ និងចំនួនយានយន្តសរុប។ ការដឹងត្រឹមតែចំនួនយានយន្តសរុបប្រចាំថ្ងៃ មិនអាចប្រាប់យើងបានទេថា តើការចំណាយរបស់អ្នកប្រើប្រាស់ ឬតម្រូវការលំនៅឋាននៅជុំវិញផ្លូវនោះ នឹងមានការវិវត្តទៅក្នុងកម្រិតណា។

AIIB គាំទ្រ​គម្រោង​ជំរុញ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ច្រកទ្វារព្រំដែន​នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ ដំណាក់កាលរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅកម្ពុជា (Cambodia Cross-border Connectivity Enhancement Project – 3CEP) ជាមួយ លោកTomás Herrero និង លោក Corey Wong អ្នកជំនាញការតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយករងគម្រោង សមាជិក​ សមាជិកា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពាក់ព័ន្ធ និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស​KCI-BOTEK JV។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារសំខាន់ៗ នៃការរៀបចំគម្រោង រួមមាន៖ (១)-ការងារគ្រប់គ្រងហិរញ្ញវត្ថុគម្រោង (២) -ការងារកិច្ចលទ្ធកម្មគម្រោង (៣)-ការងារសិក្សាសមិទ្ធិលទ្ធភាព និង(៤) ការរៀបចំគំនូសប្លង់វិស្វកម្មលម្អិត។

កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមនានា និងស្វែងរកដំណោះ​ស្រាយសមស្រប ព្រមទាំងកំណត់ទិសដៅការងារអាទិភាព ដើម្បីធានាបានថាគម្រោងនេះ អាចសម្រេចបានទាន់ពេលវេលា មានប្រសិទ្ធភាព និងក្នុងស្មារតីសហការគ្នាយ៉ាងជិតស្និទ្ធ។

គម្រោង3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារAIIB ដែលសមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិ​បត្តិការដឹកញ្ជូន ក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកប​ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ​ជាពិសេសគម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេស​ចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់៕

មន្រ្តី​ដៃ​គូ​អភិវឌ្ឍន៍​ជប៉ុន​ថ្មី​បាន​មក​ដល់​កម្ពុជា​ ស្រប​ពេល​មន្រ្តី​ជាន់​ខ្ពស់​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លូន​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យលោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ការិយាល័យប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេស​កកម្មការងារ ដោយជោគជ័យនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក Sanui Kazumasa ក៏បានណែនាំខ្លួន លោកស្រីIwama Nozomi ដែលជាសមាសភាពប្រធានតំណាងថ្មីរបស់JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យ​កាន់តែរឹងមាំបន្ថែមទៀត។

តាមរយៈជំនួបនារសៀលនេះ លោក Sanui Kazumasa បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការចូលរួមគាំទ្រដល់សកម្មភាពនានារបស់JICA នាពេលកន្លងមក ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងកម្ពុជា កាន់តែមានភាពរឹងមាំលើគ្រប់វិស័យ។

លោកបានបន្ថែមថា តាមរយៈកិច្ចសហការនេះ បានធ្វើឱ្យរយៈពេល៣ឆ្នាំ និង៦ខែ នៃការបំពេញបេសកកម្មរបស់លោក នៅក្នុងប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់ លោក Sanui Kazumasa ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញ និងសម្របសម្រួល គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសការពង្រីកវិសាលភាពកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជា។

លោកបញ្ជាក់ថា “សមិទ្ធផលទាំងនេះ បានដើរតួនាទីយ៉ាងសំខា​ន់ក្នុងការគាំទ្រ ដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា និងបានពង្រឹងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែចាក់ឫសយ៉ាងជ្រៅ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Iwama Nozomi ក្នុងឱកាសទទួលបានការតែងតាំង ជាប្រធានតំណាងថ្មីរបស់JICA ប្រចាំនៅកម្ពុជា ។

លោកបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លោកស្រីនឹងបន្តវប្បធម៌សហប្រតិបត្តិការដ៏ល្អនេះ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហការ និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ លោកស៊ុន ចាន់ថុលបានបញ្ជាក់ជាថ្មីថា ក.អ.ក. បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ JICA ដើម្បីបន្តសម្របសម្រួល ជំរុញ និងគាំទ្រដល់រាល់បេសកកម្ម និងគម្រោងអភិវឌ្ឍន៍អាទិភាពនានា របស់ជប៉ុននៅកម្ពុជាឱ្យសម្រេចបានជោគជ័យបន្ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

គម្រោង​វិនិយោគ​ផលិតផល​បច្ចេកវិទ្យា​តម្លៃ​​១០០​លាន​ដុល្លារ​នឹង​លេច​រូបរាង​នៅ​រាជធានី​ភ្នំពេញ​

ដោយៈ ចំណាន

   ភ្នំពេញៈ រោងចក្រ​ Tablets Laptops និងDesktops ចំនួន៤អគារ ទំហំទឹកប្រាក់១០០លានដុល្លារ នឹងលេចរូបរាងឡើងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Group នៅតែបន្តការងារចុះពិនិត្យមើលការងារជាប្រចាំ ហើយកាលពីថ្ងៃ ១០ ខែតុលា ឆ្នាំ ២០២៦ លោកបានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business ចុះពិនិត្យមើលការដ្ឋានសាងសង់រោងចក្រផលិត Tablets, Laptops, Desktops ៤អាគារ ដែលមានទំហំវិនិយោគ ១០០ លានដុល្លារ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លម្អិត៖ https://kh.cc-times.com/posts/31588។

គម្រោងមជ្ឈមណ្ឌលទិន្នន័យ ​AI ​កំពុង​ជំរុញ​តម្រូវការ​ និង​ថ្លៃជួលឃ្លាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន JLL បានឱ្យដឹងថា គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាពិសេសនៅក្បែរតំបន់ Dallas/Fort Worth និងទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើតតម្រូវការថ្មីសម្រាប់ឃ្លាំង និងជំរុញឱ្យថ្លៃជួលកើនឡើងនៅត្រីមាសទី៣។

ក្រុមហ៊ុននានាដូចជា Alphabet, Microsoft, Meta និង Amazon កំពុងវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងការប្រកួតប្រជែងដើម្បីដណ្តើមភាពជាអ្នកដឹកនាំក្នុងវិស័យបញ្ញាសិប្បនិម្មិត (Artificial Intelligence)។

វិស័យនេះទាមទារឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនីក្នុងបរិមាណដ៏ច្រើន ដើម្បីដំណើរការម៉ាស៊ីនមេ (servers) និងបន្ទះឈីបកុំព្យូទ័រ ដែលចាំបាច់ត្រូវធ្វើឱ្យត្រជាក់ជានិច្ច ដើម្បីការពារកុំឱ្យឡើងកម្ដៅខ្លាំងពេក។

ក្រុមហ៊ុន JLL បានអះអាងថា ការពង្រីកមជ្ឈមណ្ឌលទិន្នន័យ កំពុងជំរុញឱ្យមានតម្រូវការយ៉ាងខ្លាំងនៅក្នុងវិស័យឧស្សាហកម្ម នៅតាមមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញសំខាន់ៗ ដូចជាតំបន់ Dallas/Fort Worth។

ក្រុមហ៊ុន JLL បានឱ្យដឹងថា តម្លៃជួលឃ្លាំងជាមធ្យមដែលម្ចាស់អចលនទ្រព្យដាក់ចេញ បានកើនឡើងដល់ ១០,៥៥ ដុល្លារក្នុងមួយហ្វីតការ៉េ កើនឡើង ៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាអត្រាកំណើនប្រចាំឆ្នាំដ៏ឆាប់រហ័សបំផុត ចាប់តាំងពីត្រីមាសទីពីរ ឆ្នាំ២០២៤ មក។

ការពង្រីកវិស័យឧស្សាហកម្មដែលពឹងផ្អែកខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ កំពុងជំរុញតម្រូវការ។ ក្រុមហ៊ុន JLL បានកត់សម្គាល់ឃើញថា តម្រូវការពីសំណាក់អ្នកជួលក្នុងវិស័យសំណង់ ទូរគមនាគមន៍ និងសេវាសាធារណៈ (ដូចជា ទឹក ភ្លើង ជាដើម) មានការកើនឡើង៕

តម្លៃខុនដូថ្មី​នៅ​តំបន់​ទីក្រុងតូក្យូ ​​កើន​ឡើង​លើស​ពី ​១០០ ​លានយ៉េន​ ក្នុង​អំឡុង​ខែ​មេសា​ដល់​ខែកញ្ញា​

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូសាងសង់ថ្មីជាមធ្យមនៅក្នុងតំបន់ទីក្រុងតូក្យូនៃប្រទេសជប៉ុន បានកើនឡើងលើសពី ១០០ លានយ៉េន (ប្រហែល ៦៣០,០០០ ដុល្លារអាមេរិក) ជាលើកដំបូង នៅក្នុងអំឡុងរយៈពេលពីខែមេសា ដល់ខែកញ្ញា ដោយបង្កើតកំណត់ត្រារយៈពេល៤ឆ្នាំជាប់ៗគ្នា។

យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ (Real Estate Economic Institute) តម្លៃខុនដូថ្មីៗជាមធ្យមនៅទីក្រុងតូក្យូ និងខេត្តជិតខាង រួមមាន ខេត្តឈីបា (Chiba) ខេត្តកាណាហ្គាវ៉ា (Kanagawa) និងខេត្តសៃតាម៉ា (Saitama) បានកើនឡើង ២១,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន ១១៤,៩៤ លានយ៉េន។

នៅតំបន់កណ្តាលទីក្រុងតូក្យូ តម្លៃខុនដូជាមធ្យមបានកើនឡើង ៣៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន១៧៩,២៥ លានយ៉េន ក្នុងអំឡុងរយៈពេល ៦ ខែនេះ។

តម្លៃខុនដូនៅក្នុងខេត្ត Chiba បានកើនឡើង ២៤,១ ភាគរយ ដល់ចំនួន ៧៣,៧៦ លានយ៉េន។ ផ្ទុយទៅវិញ តម្លៃខុនដូជាមធ្យមនៅខេត្ត Saitama បានធ្លាក់ចុះ ២,១ ភាគរយ មកនៅត្រឹម ៦៤,៥៧ លានយ៉េន ហើយតម្លៃខុនដូនៅក្នុងខេត្ត Kanagawa បានធ្លាក់ចុះ ១,៦ ភាគរយ មកនៅត្រឹម ៧៧,១៦ លានយ៉េន។

ទន្ទឹមនឹងនេះ ចំនួនខុនដូថ្មីដែលដាក់លក់នៅទូទាំងតំបន់ទីប្រជុំជនតូក្យូក្នុងឆមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២៦ បានធ្លាក់ចុះ ៦ ភាគរយធៀបនឹងមុនមកត្រឹម ៨.៦០១យូនីត៕

រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​ចំនួន២​នៅ​ភូមិភាគឦសាន​ក្រោម​ទុន​៤២​លាន​ដុល្លារ​អាមេរិក​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគ ក្នុងភូមិភាគឦសាន លើកទី៧។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ, ដើមប្រេងខ្យល់) និងរោងចក្រកែច្នៃឈើដាំ ដែលការវិនិយោគទាំង២ នេះនឹងបន្ថែមមូលធនប្រមាណ៤២លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច កំពុងតែប្រឈមនឹងបញ្ហានៃពហុវិបត្តិ ដោ​យស្ថាប័នអន្តរជាតិធំៗ ក៏ដូចជា រាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងឆ្នាំ២០២៦ នឹងមានកំណើនថមថយ បើធៀបនឹងឆ្នាំ ២០២៥ កន្លងទៅ ។ ក្នុងន័យនេះ កិច្ចប្រជុំ ក.វ.ឦសានលើកទី៧នេះ មានបេសកកម្មសំខាន់ ក្នុងការសម្របសម្រួលកិច្ចការវិនិយោគផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគ ផងដែរ ។

កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់ លើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដែលអាចផ្តល់ជូនក្រុមហ៊ុន សម្រាប់បង្កើនការវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ។ ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ មានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តជូនវិនិយោគិន សម្រាប់ការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន។

ទន្ទឹមនេះ ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវ និងស្ពា​ននៅទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃ លើសមត្ថភាពអនុវត្តគម្រោង និងអនុ​លោ​មភាពគតិយុត្ត ដែលក្រុមហ៊ុនត្រូវបំពេញផងដែរ ។ ជារួម អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រ និងសម្របសម្រួលនីតិវិធីខាងលើជូនក្រុមហ៊ុន។

បណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា កិច្ចការនេះមានភាពប្រទាក់ក្រឡាគ្នាខ្លាំង ដែលមិនអាចក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយតែម្នាក់ឯងបាន ដូច្នេះហើយការខិតខំសម្របសម្រួល ប្រកបដោយស្មារតីបុរេសកម្ម និងការប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីផ្តល់នូវដំណោះស្រាយជាកញ្ចប់ជូនដល់ក្រុមហ៊ុន រួមទាំង ៖១).ការចូលរួមស្វែងរកដី សម្រាប់គម្រោងវិនិយោគសក្តានុពលថ្មីៗ ដែលផ្តល់ផ្លែផ្កាជូនប្រជាជនក្នុងតំបន់ និង ប្រទេសជាតិ។

២).ការចូលរួមដោះស្រាយបញ្ហាទន្រ្ទាន កាន់កាប់ដីខុសច្បាប់របស់ប្រជាពលរដ្ឋ លើដីដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគរួចហើយ និង៣).ការសម្របសម្រួលលើការផ្តល់នីត្យានុកូលកម្ម ជូនគម្រោងវិនិយោគលើសម្បទានដី សេដ្ឋកិច្ចមានស្រាប់ ដើម្បីធានាចីរភាពរយៈពេលវែង និង ផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគថ្មីបន្ថែមទៀតនៅលើដីទំនេរ ឱ្យអស់សក្តានុពល។

លោកបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យពេញសក្តានុពល៕

ទូត​ជប៉ុន​មក​ដល់​ថ្មី​បង្ហាញ​ពីឆន្ទៈ​ពង្រីក​កិច្ចសហការ​ជាមួយ​កម្ពុជា​ជាមួយ​ស្ថាប័ន​ជាច្រើន​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ishizuki Hideo ឯកអគ្គរដ្ឋ ទូតជប៉ុនកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជា ឯកអគ្គរាជទូតថ្មីនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោក IshizukI Hideo ក្នុងឱកាសដែលឯកឧត្តមទទួលបានសេចក្តីទុកចិត្តពីរដ្ឋាភិបាលជប៉ុន ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្វរបស់លោកអគ្គរាជទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបពិភាក្សា និងបានសម្តែងនូវក្តីរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការបញ្ជ្រាបទុនវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍធនធានមនុ​ស្ស និងការហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ពីសំណា​ក់ក្រុមហ៊ុនវិនិយោគិនជប៉ុន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរ យោបល់ជុំវិញបច្ចុប្បន្នភាពនៃស្ថានភាពក្នុងតំបន់ និងទូទាំងសកលលោក ដែលកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា ដែលទាមទារឱ្យមានភាពបុរេសកម្ម និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) និងត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រផ្លូវការក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈ​មផ្សេងៗរបស់ធុរជនជប៉ុននៅកម្ពុជាបានទាន់ពេលវេលា។

តាមរយៈជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង ក.អ.ក. និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងយន្តការសន្ទនាផ្លូវការដែលមានស្រាប់ នឹងបន្តជាប្រភពថាមពលដ៏សំខាន់ ក្នុងការទាក់ទាញទុនវិនិយោគពីប្រទេសជប៉ុនបន្ថែមទៀត ដើរទន្ទឹមគ្នានឹងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយបរិយាបន្ន៕

តំបន់​មួយ​ចំនួន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​គម្រោង​ Phnom Penh Greater Corridor​

ដោយៈ ចំណាន

   ភ្នំពេញៈ អាទិភាពដំបូងសម្រាប់ការស្រាវជ្រាវ គឺផ្តោតលើតំបន់ក្នុងខ័ណ្ឌកំបូល តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងផ្លូវជាតិលេខ៤ បន្ទាប់មកគឺតំបន់តាមបណ្តោយផ្លូវ ឆ្ពោះទៅកាន់ព្រលានយន្តហោះនៅភាគខាងត្បូង។

មូលហេតុគឺដោយសារតែ ការងារក្នុងវិស័យឧស្សាហកម្ម វិស័យដឹកជញ្ជូន និងតម្រូវការលំនៅឋាន អាចជួយគាំទ្រគ្នាទៅវិញទៅមកបាន។ របាយការណ៍ស្តីពីចំណុចសំខាន់ៗ នៃវិស័យអចលនទ្រព្យនៅកម្ពុជា (ឆមាសទី២ ឆ្នាំ២០២៥) របស់ក្រុមហ៊ុន Knight Frank បានចាត់ទុកអចលនទ្រព្យឧស្សាហកម្មថា ជាវិស័យដែលមានភាពរឹងមាំ ដោយតម្លៃជួលរោងចក្រ និងឃ្លាំង ត្រូវបានគាំទ្រដោយតម្រូវការជាក់ស្តែង និងការអភិវឌ្ឍតំបន់ឧស្សាហកម្មនានា នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យតម្លៃលំនៅឋានដែលសង្ខេបដោយ Global Property Guide បានលើកឡើងថា ទីផ្សារលំនៅឋាននៅកម្ពុជា នៅតែមានភាពទន់ខ្សោយនៅដើមឆ្នាំ២០២៦។ ស្ថានភាពនេះតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទិញ និងការប៉ាន់ស្មានតម្លៃលក់ចេញវិញ ដោយផ្អែកលើការពិតជាក់ស្តែង។

មុនពេលសម្រេចចិត្តទិញ សូមពិនិត្យមើលឯកសារកម្មសិទ្ធិ (ប្លង់ដី) ហានិភ័យនៃការជន់លិច ការតភ្ជាប់ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង…) តម្លៃលក់ជាក់ស្តែងនៃអចលនទ្រព្យស្រដៀងគ្នា ដែលបានលក់រួច និងតម្រូវការជួលជាក់ស្តែង។

សូមធ្វើការប្រៀបធៀបរវាងចំណូលសុទ្ធ និងថ្លៃដើមសរុបក្នុងការទិញ ជាជាងការជឿជាក់លើតម្លៃដែលបានផ្សព្វផ្សាយ ឬការសន្យាថាតម្លៃនឹងកើនឡើងខ្ពស់នៅថ្ងៃមុខ។

អ្នកជំនាញបានចង្អុលបង្ហាញឲ្យអ្នកវិនិយោគ កំណត់ឱ្យកាន់តែច្បាស់តាមផែនការវិនិយោគរបស់ខ្លួនថា តើអ្នកមានថវិកាវិនិយោគប្រហែលប៉ុន្មាន (គិតជាដុល្លារអាមេរិក)? តើពូកគេរំពឹងចង់បានប្រាក់ចំណេញក្នុងទម្រង់បែបណា?៕

ក្រសួងពាណិជ្ជកម្ម​សម្របសម្រួល​នីតិវិធី​ និង​ឯកសារ​ក្នុង​ការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកវ៉ា រុតសាន បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលនីតិវិធី និងឯកសារក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជានៅព្រំដែនកម្ពុជា-វៀតណាម។

កិច្ចប្រជុំនេះមានការចូលរួមពី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងសហព័ន្ធដំឡូងមីកម្ពុជាជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សាលម្អិតលើការសម្របសម្រួលនីតិវិធី និងឯកសារពាក់ព័ន្ធនានារបស់អ្នកនាំចេញ ព្រមទាំងធានាផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព នៃការនាំចេញកសិផលកម្ពុជា ជាពិសេសផលិតផលដំឡូងមី ដោយផ្តោតសំខាន់លើការទិញ-លក់ដំឡូងមីក្រៀមទៅកាន់ប្រទេសវៀតណាម តាមបណ្តាច្រកព្រំដែនកម្ពុជា-វៀតណាម៕