ដោយ៖គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ា លី យ៉ុងផាត់ (ស្តេចកោះកុង) អគ្គនាយកក្រុមហ៊ុនលី យ៉ុងផាត់គ្រុប បាននិងកំពុងវិនិយោគសាងសង់សួនទឹកកម្សាន្តធំទី១ នៅអាស៊ីដោយដាក់ឈ្មោះថា Angkor Water Park ។
តាមព៌តមានរបស់ក្រុមហ៊ុនបានឲ្យដឹងថា សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ នឹងធ្វើការសាងសង់នៅលើផ្ទៃដី៦ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបមរតកសម្តេចតេ ដែលបាននិងកំពុងសាងសង់ទីក្រុងមិត្តភាពកម្ពុជា ចិន(CHINA TOWN) ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ តាមគំរោងសួនទឹកកម្សាន្តដែលមានស្តង់ដាអន្តរជាតិនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ខាងមុខ។
នាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុបលោកឧកញ៉ា សេង ញ៉ក់ បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា សួនទឹកកម្សាន្តនេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ដែលអាចដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ៥០ភាគរយ។
តើអ្វីជាលក្ខណៈពិសេស របស់សួនទឹកកម្សាន្តលក្ខណៈអន្តរជាតិនេះ លោកឧកញ៉ាសេង ញ៉ក់បានពន្យល់ថា លក្ខណៈពិសេសរបស់សួន ទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន ព្រមទាំងសេវាកម្មកំសាន្តជាច្រើនទៀត។
ការវិនិយោគសួនទឹកកម្សាន្តបែបនេះ ជាផ្នែកមួយនៃការទាក់ទាញទេសចរ ណ៍ជាតិ និងអន្តរជាតិ ខណៈដែលក្រុមការងារឯកជនអំពាវនាវម្តងហើយម្តងទៀត ឲ្យវិស័យឯកជនចូលរួមវិនិយោគរមណីយដ្ឋានកែច្នៃ ដើម្បីទាក់ទាញទេសចរណ៍ឲ្យស្នាក់នៅយូរ និងចំណាយប្រាក់ច្រើន៕