ដោយគង់ សូរិយា
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា កម្ពុជាបានចំណាយប្រាក់២០០លានដុល្លារ លើការនាំចូលចំណីសត្វពីក្រៅប្រទេស និងស្នើដល់ក្រុមហ៊ុនផលិត និងកែច្នៃចំណីសត្វក្នុងស្រុក គួរធ្វើកិច្ចសន្យាជាមួយកសិករ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។
លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការ នៃពិរព័ណ៌វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វកម្ពុជា ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៨កន្លងមកថា កម្ពុជាមិនអាចហាមឃាត់ ការមិននាំចូលផលិតផលផ្សេងៗពីក្រៅប្រទេសបានឡើយ ជាពិសេសនៅក្នុងតំបន់អាស៊ាន និង តាមរយៈកិច្ចព្រមព្រៀងជាមួយប្រទេសដ៏ទៃទៀត ជាក់ស្តែងនាពេលកន្លងមកនេះ ការនាំចូលចំណីសត្វពីក្រៅប្រទេសមកកម្ពុជា បើគិតជាថវិការមានចំនួនជាង ២០០លានដុល្លារអាមេរិក ដែលបានបង្ហាញពីចំនួនមួយខ្ពស់ក្នុងការនាំចូល។
លោកបន្តថា “ដើម្បីកាត់បន្ថយការនាំចូលផលិតផល ចំណីសត្វពីក្រៅប្រទេស ឲ្យបានជាអតិប្បរមា ក្រុមហ៊ុនផលិតនិងកែច្នៃចំណីសត្វក្នុងស្រុក គួរធ្វើកិច្ចសន្យាជាមួយកសិករ រួមជាមួយការផ្តល់ពីបច្ចេកទេស ក្នុងការប្រមូលផលការទុកដាក់ ការសង្ងួត ដែលជាផ្នែកមួយធ្វើឲ្យភាគីអ្នកដាំដុះ និងភាគីក្រុមហ៊ុនមានការ ចំណេញទាំងថវិការ និងពេលវេលា ព្រោះកម្ពុជាជាប្រទេសមានភាពអនុគ្រោះយ៉ាងខ្លាំងដល់ការដាំដុះ”។
ទាក់ទិននឹងបញ្ហានេះ លោក មុត ពិសិទ្ធ តំណាងក្រុមហ៊ុន C.P Cambodia បានលើកឡើងថា ពាក់ព័ន្ធការផលិតចំណីសត្វក្នុងស្រុក ក្រុមហ៊ុនបានចាប់ដៃគូរជាមួយកសិករ ក្នុងការប្រមូលទិញផលិតផលពីពួកគាត់ដូចជា ពោត ដំឡូងមី ដើម្បីយកមកផលិតកែច្នៃជាចំណីសត្វ និងជាផលិតផលផ្គត់ផ្គង់ដែលមានគុណភាព និងសុវត្ថិភាព ដើម្បី ចែកចាយនៅទីផ្សារក្នុងស្រុក ជាពិសេសការផ្គត់ផ្គង់ដល់ដៃគូចិញ្ចឹមមាន់ ជ្រូនិងសត្វកជាដើម ។
លោកវេង សាខុន បានឲ្យដឹងទៀតថា កម្ពុជាមានដីទូលាំទូលាយ និងមានឱកាសល្អសម្រាប់ប្រជាជនយើង សម្រាប់ពង្រីកលើវិស័យចិញ្ចាឹមសត្វ បច្ចុប្បន្នយើងមានកសិដ្ឋានជាច្រើន ក្នុងការ ពង្រីកចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ផលិតកម្មសាច់ក្នុងស្រុក ដូច្នេះនៅពេលអនាគត កម្ពុជានឹងកាត់បន្ថយការនាំសាច់សត្វ ពីក្រៅប្រទេសបានជាអតិប្បរមា៕