ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ផ្សារ MAKRO ជាផ្សារបោះដុំធំជាងគេនៅទីក្រុងភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុបនិងក្រុមហ៊ុនស៊ីភីគ្រុប មកពីប្រទេសថៃ នឹងបើកដំនើរការនៅខែធ្នូខាងមុខនេះ។
ផ្សារដ៏ធំ ស្ថិតនៅលើផ្ទៃដីទំហំជិត៦ហិកតានេះ បានចាប់ផ្តើមអាជីវកម្មនៅកម្ពុជា និងផ្តោតលើការលក់ទំនិញបោះដុំធំបំផុត ដែលជាផលិតផលផលិតនៅប្រទេសថៃ ដែលមានចំនួនរហូតដល់១៥០០០ប្រភេទ។ ផ្សារនេះ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្បែរគ្នានឹង ផ្សារទំនើប AEON ទី២ របស់ជប៉ុនដែលកំពុងសាងសង់ផងដែរ។
-->
លោកស្រី ស៊ុឆាដា អ៊ីធីចារូគូល អគ្គនាយកក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់ មហាជន បានឲ្យដឹងក្នុងពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ផ្សារម៉ាក្រូនៅកម្ពុជាកាលពីពេលថ្មីៗនេះថា Makro គឺជាផ្សារទំនើបស្តុកលក់ទំនិញបោះដុំរាប់ពាន់មុខធំជាងគេបង្អស់របស់ថៃ គ្រោងនឹងបើកដំណើរការអាជីវកម្មជាផ្លូវការរបស់ខ្លួននៅកម្ពុជាក្នុង ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ។ លោកស្រីបន្តថា ផ្សារម៉ាក្រូ នឹងដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលម្ហូបអាហារដ៏ធំ និងសំខាន់ជាងគេមួយសម្រាប់វិស័យលក់រាយនៅកម្ពុជា។
Makro គឺជាក្រុមហ៊ុនមួយ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនស៊ីភីគ្រុប ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មធំជាងគេរបស់ថៃ។
បច្ចុប្បន្ន ក្រុមហ៊ុនផ្សារទំនើប Makro កំពុងតែជ្រើសរើសបុគ្គលិកចំនួនជាង ២០០នាក់ សម្រាប់បម្រើការងារនៅក្នុងផ្សារទំនើប លក់ទំនិញបោះដុំដ៏ធំមួយ នេះ៕