ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា កម្ពុជាអាចចាប់យកកាលានុវត្តន៍ភាព ដែលកើតចេញពីបដិវត្តន៍ឧស្សាហកម្មទី៤ ស្របពេលដែលធនាគាតអភិវឌ្ឍន៍អាស៊ីបានសិក្សារកឃើញថា បដិវត្តន៍នេះនឹងបង្កើតតម្លៃសេដ្ឋកិច្ចដ៏ច្រើនសម្រាប់តំបន់អាស៊ាន។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងក្នុងពិធីបើកសិក្ខាសាលាកម្រិតខ្ពស់ ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមប្រធានបទ “តើបដិវត្តឧស្សាហកម្មទី៤ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាចជំរុញការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដោយរបៀបណា? កាលពីចុងសប្តាហ៍មុនថា កម្ពុជាអាចចាប់យកកាលានុវត្តភាពទាំងឡាយ ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី៤នេះ។
លោកបន្តថា “កម្ពុជាមានលក្ខណៈសម្បត្តិជាច្រើនដូចជា ភាគលាភប្រជាសាស្ត្រ គឺកម្ពុជាកាន់តែសម្បូរ នូវធនធានយុវជនប្រកបដោយចំណេះដឹង ហើយអាចស្រូបយកនូវបច្ចេកវិទ្យាឌីជីថលបានលឿន និងកំណើនយ៉ាងលឿននូវការប្រើប្រាស់ទូរស័ព្ទចល័ត និងទូរស័ព្ទ រួមជាមួយនឹងអត្រាប្រើប្រាស់ខ្ពស់ ការស្រូបយកបច្ចេកវិទ្យា ពីការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើឌីជីថលភាវូបនីយកម្ម យ៉ាងឆាប់រហ័យដែលកំពុង កើតឡើងនៅក្នុងគ្រប់វិស័យដែលសំខាន់ៗផងដែរ។
យោងតាមកាសិក្សារបស់ ADB បានបង្ហាញថា នៅមុនឆ្នាំ២០៣០ បច្ចេកវិទ្យាថ្មីៗ នៃបដិវត្តឧស្សាហកម្ម អាចបង្កើតតម្លៃសេដ្ឋកិច្ច ដែលមានទំហំពី២២០ ទៅ៦២៥ ពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចនៃតំបន់ ASEAN ផងដែរ។
លោកវង្សី វិស្សតបានបន្តថា តាមរយៈបដិវត្តឧស្សាហកម្មទី៤នេះ អាស៊ានមានសក្តានុពលធំធេង ក្នុងការជំរុញសក្តានុពលកំណើនសេដ្ឋកិច្ច និងរក្សានូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់តំបន់របស់យើង តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្នុងបរិបទ នៃការកើនឡើងភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការផ្លាស់ប្តូរយ៉ាងលឿននៃការអភិវឌ្ឍបច្ចេកវិទ្យា។
លោកបន្តថា បច្ចុប្បន្នពិភពលោក កំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តន៍ថ្មីមួយ ឬបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងជះឥទ្ធិពលើដំណើការរបស់រដ្ឋាភិបាល, ដំណើការរបស់អាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ។ ការវិវឌ្ឍយ៉ាងលឿនផ្នែកប ច្ចេកវិទ្យា បាននិងកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសន្តិសុខ ដោយរាប់ចាប់តាំងពីការបើកបរដោយស្វ័យប្រវត្តិ, ដ្រូន (Drone), ពាណិជ្ជកម្មអេឡិកត្រូនិក (e-commerce), បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech), រហូតដល់ការបោះពុម្ព 3D (3D Printing), និងបញ្ញានិមិត្ត (Artificial Intelligence) ជាដើម។
លោករដ្ឋលេខាធិការបានបន្តថា បដិវត្តឧស្សាហកម្មទី៤ នឹងធ្វើការផ្លាស់ប្តូរចនាសម្ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការកាត់បន្ថយថ្លៃដើម បង្កើនផលិតភាព និងពង្រីកវិមាត្រសេដ្ឋកិច្ចកាន់តែធំ តាមរយៈប្រព័ន្ធឌីជីថល ដូចជា ការទូទាត់ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក។ ក្នុងន័យនេះ ASEAN អាចក្លាយជាទីតាំងជួរមុខនៃការផ្លាស់ប្តូរ តាមរយៈការនាំមុខមុនគេ នៃការទទួលយកបច្ចេកវិទ្យាដែលថ្មីបំផុត៕