ដោយផារី
ភ្នំពេញ ៖ ឆ្នាំ២០២២នេះ បណ្ដាធនាគារនៅក្នុងប្រទេសកម្ពុជានៅតែបន្តផ្ដល់ឥណទានតាមវិស័យនានាដើម្បីជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ក្នុងនោះដែរការផ្ដល់ឥណទានសម្រាប់ ទិញលំនៅឋានក៏ឃើញថាមានកំណើនប្រសើរក្នុងរយៈពេល១ឆមាសកន្លងមកនេះ ។
ដោយផារី
ភ្នំពេញ ៖ ឆ្នាំ២០២២នេះ បណ្ដាធនាគារនៅក្នុងប្រទេសកម្ពុជានៅតែបន្តផ្ដល់ឥណទានតាមវិស័យនានាដើម្បីជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ក្នុងនោះដែរការផ្ដល់ឥណទានសម្រាប់ ទិញលំនៅឋានក៏ឃើញថាមានកំណើនប្រសើរក្នុងរយៈពេល១ឆមាសកន្លងមកនេះ ។
លោកចាន ម៉ាច អគ្គនាយកធនាគារហ្វីលីពបានមានប្រសាសន៍ថា សម្រាប់វិស័យធនាគារនៅតែបន្តរីក លូត លាស់ក្នុងឆ្នាំ២០២២នេះ ទាំងផលបត្រឥណទាននិងប្រាក់បញ្ញើ ហើយធនាគារក៏បានបន្តផ្ដល់ឥណទានដល់វិស័យដែលមានអាទិភាព ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញហើយក្នុងនោះដែរការផ្ដល់ឥណទានសម្រាប់ទិញលំនៅឋានក៏ឃើញថាមានកំណើនខ្ពស់នៅក្នុងរយៈពេលកន្លះឆ្នាំមកនេះ ។
លោកបន្តថា លោកមិនបានចាំតួលេខនិងទឹកប្រាក់ដែលធនាគារហ្វីលីពបានផ្ដល់ទៅអតិថិជនសម្រាប់ទិញលំនៅឋាននោះទេ តែលោកចាំបាច់បានថា ទឹកប្រាក់ដែលធនាគារទាំងអស់ផ្ដល់ជូនអតិថិជនសម្រាប់ទិញលំនៅឋាននោះមានទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិកនិងមានកំណើនប្រមាណ៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១កន្លងទៅនេះ ។
លោកបន្តទៀតថាសម្រាប់ធនាគារហ្វីលីព បានផ្ដល់សហការជាមួយម្ចាស់បុរីនិងអ្នកអភិវឌ្ឍន៍លំនៅឋានដែលបំពេញលក្ខខណ្ឌបានត្រឹមត្រូវជាមួយធនាគារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការលំនៅឋាននិងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ផ្ដាច់ជាមួយម្ចាស់បុរីឬអ្នកអភិវឌ្ឍន៍លំនៅឋាន ។
លោកឧកញ៉ា ហួត អៀងតុង អគ្គនាយក ធនាគារ ហត្ថាក៏បានមានប្រសាសន៍ថា វិស័យសំណង់និងលំនៅឋានក៏ធនាគារហត្ថាបានផ្ដល់ឥណទានច្រើនដែរ បន្ទាប់ពីវិស័យអាទិភាពរបស់យើង ហើយយើងនៅតែបន្តផ្ដល់បន្ថែមទៀតសម្រាប់ការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីបំពេញតម្រូវការ អតិថិជន ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញផងដែរថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២២គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្ដល់ឥណទានទៅតាមវិស័យនានាសរុបមានទឹកប្រាក់៥០,៧ពាន់លានដុល្លារអាមេរិកក្នុងនោះវិស័យសំណង់មានទឹកប្រាក់ច្រើនជាងគេដែលមានចំនួន១៣,៧ពាន់លានដុល្លារអាមេរិក វិស័យលក់ដុំនិងរាយមានទឹកប្រាក់១២,៦ពាន់លានដុល្លារអាមេរិក វិស័យសេវាកម្មមាន៥ពាន់លានដុល្លារអាមេរិក និងវិស័យកសិកម្មមានទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិក ៕