អ្នកជំនាញបង្ហាញ០៦ចំណុចត្រូវសិក្សាឱ្យបានច្បាស់មុនសម្រេចចិត្តទិញដីធ្លី

0

ដោយ៖ ជេស៊ីកា

ភ្នំពេញ៖ ដោយសារដីធ្លីជាប្រភេទអចលនទ្រព្យម្យាង ដែលវិនិយោគមានផលចំណេញលឿនជាងគេ​ ច្បាស់លាស់ជាងគេ និងពេញនិយមជាងគេ ហេតុនេះការវិនិយោគលើផ្នែកនេះ គួរតែសិក្សាលើមូលដ្ឋានសំខាន់ៗទាំងនេះជាមុនសិន។ ​​

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ ​បានផ្តល់ពីដំបូន្មានសំខាន់ៗមួយចំនួនដល់អ្នកចង់វិនិយោគលើដីធ្លី ដែលចំណុចសំខាន់ៗទាំងនោះមានចំនួន៦ដូចជា៖

១) គោលបំណង​ (Goal or Purpose)
លោក អ្នកត្រូវមាន​គោលដៅច្បាស់លាស់ថា តើការទិញដីនោះក្នុងគោលបំណងជាការវិនិយោគ លើការអភិវឌ្ឍ​គម្រោង ដូចជា រីសត ឬលំនៅដ្ឋាន, ទិញដើម្បីវិនិយោគបង្កើតជាលំហូរសាច់ប្រាក់ (cash flow) ឬមួយទិញទុកដើម្បីយកចំណេញ ពេលដែលអចលនទ្រព្យនោះឡើងថ្លៃ (capital appreciation)​។

២) ស្វែងយល់ពីទំហំទឹកប្រាក់ក្នុងការវិនិយោគ (Budget and Finance)
បន្ទាប់ពីគោលបំណង​ នៃការវិនិយោគនោះហើយ លោកអ្នកត្រូវសិក្សាពីលទ្ធភាព នៃ​ចំនួនទឹកប្រាក់ ដែលលោកអ្នកអាចលៃលក ក្នុងការ​ទិញ តើការវិនិយោគនោះប្រើប្រាស់លុយខ្លួនឯងសុទ្ធ ឬក៏ការខ្ចីបុលមួយផ្នែកណាមួយពីធនាគារមកកវិនិយោគ ដែលត្រង់ចំណុចនេះលោកអ្នកត្រូវចេះថ្លឹងថ្លែង ពី​លទ្ធភាពក្នុងការដោះស្រាយ ទៅលើបញ្ហាសងត្រលប់។ សណ្ឋានដី ក៏ជាកត្តាសំខាន់ផងដែរ ដែលលោកអ្នកគួរពិចារណា ហើយដើម្បីដឹងពីសណ្ឋានដីនោះ ត្រូវចេះប្រើ Google Map, Google Earth និងបន្ទាប់មកគឺ​ត្រូវទៅមើលទីតាំងជាក់ស្តែង។​

៣) ទីតាំងយុទ្ធសាស្រ្ត (Location)
ទីតាំងជាកត្តាស្លាប់រស់ នៅពេលដែលអ្នកទិញអចលនទ្រព្យ ព្រោះតម្លៃគឺ​អាស្រ័យលើទីតាំងសក្តានុពល ដែលនេះមានន័យថា លោកអ្នកគួរសម្លឹងមើលទីតាំងដី ដែលឋិតនៅតាមបណ្តោយផ្លូវធំ ឬទីតាំងឋិតនៅកែងកាច់ជ្រុង។ ដូច្នេះការ​ទិញអចលនទ្រព្យជាដី លោកអ្នកគួរទិញកន្លែងណាដែលជាទីតាំងយុទ្ធសាស្រ្ត។

ជាថ្មីម្តងទៀត ដូចអ្វីដែលរៀបរាប់ក្នុងចំណុចទីមួយ អ្វីដែលសំខាន់អាស្រ័យលើគោលបំណង​​ ថាតើការទិញដីនោះសម្រាប់ការធ្វើវិស័យកសិ​កម្ម ឬសម្រាប់ការវិនិយោគលើម្រោងផ្តោតលើវិស័យទេសចរណ៍។

៤) ការបែងចែកតំបន់ (Zoning and Protected Zone)
បន្ទាប់ពីដឹងពីគោលបំណងនៃការទិញ ហើយត្រូវទិញនៅកន្លែងណា​។ ដូច្នេះ ការស្វែងយល់ពីការបែងចែកតំបន់នេះ គឺជារឿងសំខាន់ ដែលលោកអ្នកត្រូវសិក្សាពីផែនការមេ (master plan) ថាតើតំបន់នោះ ជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម កសិកម្ម ឬឧស្សាហកម្ម។

មួយវិញទៀត លោកអ្នកក៏ត្រូវដឹង និងប្រុងប្រយ័ត្នផងដែរចំពោះទីតាំងដីមួយចំនួន ដូចជាទីតាំងដែលឋិតក្នុងតំបន់ការពារ (ការកំណត់កម្ពស់ក្នុងការសាងសង់) ឧទ្យានជាតិ ឬជាតំបន់បេតិកភណ្ឌជាដើម។

៥) ហេដ្ឋារចនាសម្ព័ន្ធ (Utilities)
ប្រសិនបើលោក អ្នកទិញដីក្នុងបំណងអភិវឌ្ឍលំនៅដ្ឋាន ចាំបាច់ត្រូវមើលទៅលើទីតាំងដីនោះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែរឬទេ ដូចជាបណ្តាញគមនាគមន៍ (ផ្លូវថ្នល់) បណ្តាញទឹក(ស្អាត) ភ្លើង និងបណ្តាញលូជាដើម។

៦) ផ្លូវច្បាប់ (Legal)
ត្រង់ចំណុនេះ លោកអ្នកត្រូវពិនិត្យទៅលើទិដ្ឋភាពផ្លូវច្បាប់ថា តើទីតាំងដីនោះជាប្លង់ទន់ រឺប្លង់រឹង ហើយទីតាំងដីនោះមានជម្លោះដែរឬទេ។ ព្រោះប្រសិនបើលោក អ្នកទិញចំទីតាំងដីជាប់បណ្តឹងនៅអាជ្ញាធរ ឬតុ​លាការ សុរិយោដីនឹងមិនអាចផ្ទេរឈ្មោះឱ្យបាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here