ហេតុអ្វីសៀមរាបនៅតែមិនទាន់មានការវិនិយោគច្រើនឡើងវិញស្របនឹងវិបត្តិបានប្រសើរហើយនោះ?

0

ដោយ៖ វឌ្ឍនៈ

សៀមរាប ៖ ខេត្តសៀមរាបជាតំបន់មួយ ដែលទាក់ទាញការវិនិយោគខ្ពស់មួយ លើវិស័យអចលនទ្រព្យនៅមុនវិបត្តិកូវីដ១៩ ប៉ុន្តែដល់វិបត្តិកូវីដ១៩ចូលមកដល់ធ្វើឱ្យសកម្មភាព ការវិនិយោគមួយចំនួនធំនៅក្នុងខេត្តនេះត្រូវជួបប្រទះនឹងបញ្ហា។ មកដល់ពេលនេះ ទោះបីជាស្ថានភាពបានប្រសើរឡើងក្ដី តែការវិនិយោគក្នុងខេត្តទេសចរណ៍មួយនេះនៅតែមិនទាន់បានប្រសើរឡើងវិញនៅឡើយ។

លោក សំ សីហា ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី២១ ខែកក្កដានេះឱ្យដឹងថា ក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ វិស័យអចលនទ្រព្យ នៅក្នុងខេត្តសៀមរាប ហាក់មិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់នោះទេ ទោះបីជាទេសចរណ៍ក្នុងខេត្តនេះបានប្រសើរឡើងវិញ ហើយផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបក៏ត្រូវបានដាក់ដំណើរការឡើងវិញក្ដី។

លោកបន្តថា ថ្វីត្បិតតែភ្ញៀវទេសចរចូលមកទស្សនា និងសម្រាកកម្សាន្តនៅក្នុងខេត្តសៀមរាបច្រើនក៏ពិតមែន តែនៅតែមិនបានដូចកាលមុននៅឡើយទេ។ ចំនួនភ្ញៀវទេសចរបរទេសចូលមកខេត្តសៀមរាបនៅមានចំនួនតិចតួចនៅឡើយ ស្របនឹងភ្ញៀវទេសចរជាតិក៏មានចំនួនតិចតួច មិនដូចមុនកូវីដ១៩។

លោកឱ្យដឹងថា ការបើកដំណើរការផ្លូវថ្មីៗនៅក្នុងក្រុងសៀមរាប គឺជាការជួសជុលផ្លូវចាស់ៗខ្លះ និងមានផ្លូវថ្មីៗមួយចំនួន ដូចជាវាមិនអាចជំរុញឱ្យភ្ញៀវចូលមកកាន់ខេត្តនេះបានច្រើនភ្លាមៗទេ។ អ្វីដែលសំខាន់នោះ គឺតម្រូវការសេវាក្នុងខេត្តនេះ នៅមានចំនួនតិចតួច បើសិនជាមានភ្ញៀវចូលមកលេងច្រើន នឹងធ្វើឱ្យតម្រូវការសេវាទេសចរណ៍កើនឡើង នឹងជំរុញឱ្យមានការវិនិយោគលើសណ្ឋាគារបូទិក ផ្ទះសំណាក់អាហារដ្ឋានច្រើនឡើងវិញ។

លោកបានបន្តថា “បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មមួយចំនួននៅក្នុងខេត្តសៀមរាបនៅតែបន្តបាត់បង់ចំណូលរបស់ខ្លួនដដែលទេ ហើយនៅពេលពួកគាត់បាត់បង់ចំណូល ពួកគាត់នឹងមិនពង្រីកអាជីវកម្មបន្ថែមទៀត ដូច្នេះហើយការដោះដូដីធ្លី សម្រាប់ជាទីតាំងអាជីវកម្មក៏មិនអាចទៅរួចដែរ”។

លោក ព្រាប កុល អ្នកជំនាញនៃវិស័យដីធ្លីនៅអចលនទ្រព្យមួយរូប បានមានប្រសាសន៍ថា “ជាធម្មតា នៅពេលមានបញ្ហាអ្វីមួយ ហើយត្រូវគាំងមួយរយៈ ឬត្រូវបន្ថយល្បឿន ដូច្នេះទំរាំតែបានលឿនដូចដើមវិញក៏ត្រូវការពេលវេលាដែរ។

លោកថា “វាមិនខុសពីយានយន្ត ដែលយើងបើកបរនោះទេ នៅពេលវាឈប់ឬបន្ថយល្បឿន ហើយចង់បានលឿនដូចមុន គឺត្រូវការពេលវេលាបន្តិច ដើម្បីឱ្យបានដូចល្បឿនមុនពេលបន្ថយ។ វិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងដែរ គឺត្រូវការពេលវេលា ដើម្បីស្ដារឱ្យបានខ្លាំងដូចមុនពេលវេលាដែលមានបញ្ហា”។

លោកសំ សីហា រំពឹងថា វិស័យដីធ្លី និងសក្ដានុពលអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ត្រូវការពេលវេលាប្រមាណ២ទៅ៣ឆ្នាំទៀត ដើម្បីឱ្យបានដូចមុនកូវីដ១៩ ហើយក៏ត្រូវប្រើពេលវេលាសន្សឹមៗផងដែរ។

ក្រោយពិភពលោកបានទប់ស្កាត់ការរាលដាល នៃកូវីដ១៩បានមួយកម្រិត ពិភពលោកក៏បានជួបប្រទះនឹងវិបត្តិមួយទៀត គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យអតិផរណាលើពិភពលោកបានកើនឡើង ជាក់ស្ដែងអតិផរណារបស់កម្ពុជាក៏កើនឡើងខ្ពស់មួយកម្រិតដែរ ដែលជាកត្តាមួយគួរពិចារណានិងចូលរួមទប់ស្កាត់។ កត្តានេះបណ្ដាលមកពីតម្លៃប្រេងឡើងសាំង និងធ្វើឱ្យទំនិញផ្សេងៗទៀត ក៏បានកើនឡើង ទៅតាមតម្លៃប្រេងសាំងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here