ដោយៈ ជេស៊ីកា
ភ្នំពេញៈ កំនើនយឺតនៃការលក់លើផ្នែកមួយចំនួន នៃវិស័យសំណង់ និងអចលនទ្រព្យបានជម្រុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករណ៍ថា វិស័យនេះ នឹងសម្រេចបានកំណើនយឺត ក្នុងរង្វង់២,៥ភាគរយប៉ុណ្ណោះនៅក្នុងឆមាសទី១ឆ្នាំនេះ។
ដោយៈ ជេស៊ីកា
ភ្នំពេញៈ កំនើនយឺតនៃការលក់លើផ្នែកមួយចំនួន នៃវិស័យសំណង់ និងអចលនទ្រព្យបានជម្រុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករណ៍ថា វិស័យនេះ នឹងសម្រេចបានកំណើនយឺត ក្នុងរង្វង់២,៥ភាគរយប៉ុណ្ណោះនៅក្នុងឆមាសទី១ឆ្នាំនេះ។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យអចលនទ្រព្យ មានសន្ទុះកើនឡើងដែរ តែស្ថិតក្នុងល្បឿនយឺត ដោយកំណើនស្ថិតក្នុងរអត្រា២,៥ភាគរយ ដោយសារការថមថយនៃសកម្មភាពទិញ-លក់ អចលនទ្រព្យថ្លៃខ្ពស់ ជាពិសេសខុនដូ និងអាផាតម៉ិន។
របាយការណ៍ដដែលបានបង្ហាញថា សកម្មភាពទិញ-លក់ ជួលអចលនទ្រព្យតម្លៃទាប និងមធ្យមជាពិសេសលំនៅឋាន រំពឹងថានៅបន្តមានសកម្មភាព។ ជាក់ស្តែង គិតត្រឹម៤ ខែដើមឆ្នាំ ចំនួនលក់លំនៅឋាន (ផ្ទះល្វែង និងវីឡា) បានកើនឡើងក្នុងអត្រា ៦,៧% ក្នុងឆ្នាំ២០២២។
សម្រាប់វិស័យសំណង់វិញ ក៏មានសន្ទុះកើនឡើងដែរ ហើយក៏ស្ថិតក្នុងកម្រិត៣,០% ដោយសារការបន្តថមថយ សកម្មភាពសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ខណៈដែលសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យម នៅបន្តអត្រាកំណើនទាប។
ជាក់ស្ដែង ផ្អែកលើទិន្នន័យ៥ខែដើមឆ្នាំ ចំនួនគម្រោងសំណង់ដែល បានអនុម័ត បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្លាក់ចុះ ក្នុងអត្រា -៣៦,១% និង -២០,០ភាគរយ។
ទោះជាយ៉ាងណា ចំនួនសកម្មភាពសំណង់លំនៅឋាន ជាពិសេសសំណង់ផ្ទះល្វែង និងវីឡាបានកើនឡើង ប្រមាណ១៨៣,២% និង ៦០,៤% រៀងគ្នា គិតត្រឹម៥ខែដើមឆ្នាំ ក្នុងឆ្នាំ ២០២២ នេះ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងផងដែរថា វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានក្នុងរង្វង់៥,៣% ក្នុងឆ្នាំ២០២២នេះ។
លោកបន្តថា “សកម្មភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថាសេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានកំនើនល្អប្រសើរ ដោយកំណើនការនាំចេញនៃវិស័យកម្មន្តសាល កំណើនវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម ជាមួយនឹងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍”។
លោកបន្តទៀតថា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដូចជា ហានិភ័យនៃការធ្លាក់ចុះ កំណើនសេដ្ឋកិច្ចសហភាពអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការនាំចេញ និងការថមថយកំណើនសេដ្ឋកិច្ចចិន ដែលអាចបន្ថយកំណើនការវិនិយោគ និងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ៕