មនុស្សចាស់នៅកម្ពុជាកើនដល់ 1,2 លាននាក់ ដែលធ្វើឲ្យសង្គមកាន់តែមានបន្ទុកធ្ងន់

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ការកើនឡើងនូវភាពប្រសើរឡើងនៃសុខមាលភាពសង្គម និងកំណើន​ប្រាក់ចំណូលប្រជាពលរដ្ឋ បានធ្វើឲ្យសង្គមកម្ពុជាចាប់ផ្តើមរងសម្ភាធដោយសា​រចំនួនមនុស្សចាស់កំពុងកើនឡើង។

ក្រសួងសង្គមកិច្ចបានកំណត់មនុស្សមានអាយុចាប់ពី 60 ឆ្នាំឡើង ជាមនុ​ស្សចាស់ និងជាជនងាយរងគ្រោះ ប៉ុន្តែឆ្លើយតបបញ្ហានេះ រដ្ឋាភិបាលបានរៀបចំផែនការសកម្មភាពសម្រាប់មនុស្សចាស់ឆ្នាំ 2017- 2020 និងគោលនយោ​បាយស្តីពីមនុស្សចាស់ឆ្នាំ2017 -2030 ដើម្បីធ្វើឲ្យលក្ខខណ្ឌជីវិតរបស់ពួកគាត់កាន់តែល្អប្រសើរ។

អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ លោ​ក មុំ ប៊ុនថន បានថ្លែង ក្នុងឱកាសសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនកា​រសក​ម្មភាពនៃគោលនយោបាយជាតិស្ដីពី មនុស្សវ័យចាស់ 2017- 2030 នាព្រឹកថ្ងៃទី 17 ខែវិច្ឆិកា ថា មនុស្សវ័យចាស់នៅកម្ពុជា ដែលមានអាយុចាប់ពី​​ 60 ​ឆ្នាំឡើងទៅ ជាពិសេស ក្រុមមនុស្សចាស់ជរាក្រីក្រគ្មានទីពឹង និងងាយរងគ្រោះថ្នាក់ ហេតុនេះគោលនយោបាយមនុស្សចាស់ នឹងជួយឲ្យមនុស្សចាស់ មានលក្ខខណ្ឌជីវិតកាន់តែប្រសើរឡើងជាលំដាប់ ហើយតួនាទីរបស់ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវរៀបចំការងារនេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម។

លោកបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងបង្កើតសមាគមមនុស្សចាស់ឲ្យបានចំនួន1646 ឃុំសង្កាត់ នៅក្នុងរាជធានីខេត្ត ហើយក៏មានគម្រោងបង្កើតមជ្ឈមណ្ឌល ថែទាំមនុស្សចាស់ជរាក្រីក្រគ្មានទីពឹងមួយកន្លែងក្នុងទីក្រុងភ្នំពេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ 2017-2030  កាលពីថ្ងៃទី 25 ខែសីហា ឆ្នាំ 2017 កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here