ដោយៈ គង់ សូរិយា
ភ្នំពេញៈ កិច្ចសន្យាលក់-ទិញដីកម្មសិទ្ធិ (ប្លង់រឹង) និងដីភោគៈ (ប្លង់ទន់) មាននីតិវិធីធ្វើឡើងមិនដូចគ្នាទេ។ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវតែចុះកិច្ចសន្យាលក់-ទិញ អចលនវត្ថុនោះ ដោយធ្វើទៅតាមកិច្ចសន្យាពិសេស មិនមែនធ្វើឡើងទៅតាមកិច្ចសន្យាបែបឯកជនទេ។
កិច្ចសន្យាពិសេសនេះ ត្រូវតែជាកិច្ចសន្យាមានទម្រង់ជាលិខិតយថាភូត ដែលជាប្រភេទកិច្ចសន្យាត្រូវធ្វើឡើងទៅតាមទម្រង់ និងនីតិវិធីតាមការកំណត់ដោយច្បាប់ ពោលគឺជាកិច្ចសន្យា ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដែលមានការដឹងលឺពីអាជ្ញាធរ មានសមត្ថកិច្ចចូលរួមជាមួយផងដែរ។
-->
អ្នកទិញ លក់ត្រូវសសិក្សាលើចំណុចសំខាន់ៗទាំងនេះសិន ដើម្បីទុកជាចំណេះដឹង

ប្រភេទដីកម្មសិទ្ធិ (ប្លង់រឹង)
ការចុះកិច្ចសន្យាចំពោះដីដែលមានប្លង់រឹង ត្រូវធ្វើតាមទម្រង់បែបបទ ដែលដាក់ឱ្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគេហៅថា “លិខិតលក់ផ្តាច់”។ ក្នុងពេលចុះកិច្ចសន្យា ត្រូវមានការផ្តិតមេដៃពីអ្នកទិញ អ្នកលក់ និងសាក្សីម្នាក់តាមច្បាប់កំណត់ ដោយមានការដឹងលឺពីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។
បន្ទាប់មក គេត្រូវយកកិច្ចសន្យានោះ ទៅឱ្យអាជ្ញាធរសុរិយោដី ដើម្បីធ្វើការចុះបញ្ជីផ្ទេរសិទ្ធិ (កាត់ឈ្មោះ)។ មុននឹងទៅមន្ទីរសូរិយោដីចុះបញ្ជីផ្ទេរសិទ្ធិ អ្នកទិញត្រូវទៅបង់ពន្ធប្រថាប់ត្រា៤% ជាមុនសិន។ បន្ទាប់ពីបានបង្កាន់ដៃពន្ធហើយ ទើបមន្ទីរសុរិយោដី ចារលើប្លង់ដីនោះថា អ្នកទិញនឹងក្លាយជាម្ចាស់ដី ចាប់ពីពេលនោះតទៅ។
ប្រភេទដីភោគៈ (ប្លងទន់)
ការលក់ដីដែលមានប្លង់ទន់ គឺមិនចាំបាច់ទៅចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅមន្ទីរសុរិយោដីទេ ពីព្រោះថាដីនោះមិនទាន់ជាដីកម្មសិទ្ធិទេ។ ក្នុងកិច្ចសន្យាលក់-ទិញ គឺគេធ្វើឡើងឱ្យមានការដឹងលឺ នៅត្រឹមអាជ្ញាមូលដ្ឋានឃុំ សង្កាត់ប៉ុណ្ណោះ ដោយមិនចាំបាច់ទៅដល់អាជ្ញាធរសុរិយោដីទេ។ នៅកន្លែងខ្លះ កិច្ចសន្យាលក់-ទិញបែបនេះ គេធ្វើបន្តទៅដល់អាជ្ញាធរក្រុង ស្រុក ខណ្ឌ មួយដំណាក់កាលទៀត ដើម្បីឱ្យអនុភាពស្របច្បាប់កាន់តែខ្ពស់។
យោងតាមឯកសារច្បាប់បានឲ្យដឹងថា អ្នកចុះកិច្ចសន្យាលក់-ទិញទាំងប្លង់រឹង និងប្លង់ទន់ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ស្របតាមច្បាប់។ អ្នកចុះកិច្ចសន្យាលក់ អាចជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល (ក្រុមហ៊ុន ឬអង្គការ)។ បើអ្នកលក់ជារូបវ័ន្តបុគ្គល អ្នកទិញត្រូវពិនិត្យថា ដីដែលគាត់លក់នោះ ជាដីឯកជនរបស់គាត់ ឬជាដីសហកម្មសិទ្ធិ (មានម្ចាស់ច្រើននាក់)។
ចំពោះទ្រព្យរួមបែបនេះ គាត់មិនអាចចុះកិច្ចសន្យាតែម្នាក់ឯងបានទេ គឺត្រូវតែមានអ្នកចុះកិច្ចសន្យាលក់-ទិញទាំងប្លង់រឹង និងប្លង់ទន់ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ស្របតាមច្បាប់។ អ្នកចុះកិច្ចសន្យាលក់ អាចជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល (ក្រុមហ៊ុន ឬអង្គការ)។
បើអ្នកលក់ជារូបវ័ន្តបុគ្គល អ្នកទិញត្រូវពិនិត្យថា ដីដែលគាត់លក់នោះ ជាដីឯកជនរបស់គាត់ ឬជាដីសហកម្មសិទ្ធិ (មានម្ចាស់ច្រើននាក់)។ ចំពោះទ្រព្យរួមបែបនេះ គាត់មិនអាចចុះកិច្ចសន្យាតែម្នាក់ឯងបានទេ គឺត្រូវតែមានកិច្ចព្រមព្រៀងលក់ ពីសំណាក់ម្ចាស់ផ្សេងទៀត។ បើអ្នកលក់ជានីតិបុគ្គលវិញ អ្នកដែលមកចុះកិច្ចសន្យានោះ ត្រូវតែបានទទួលសិទ្ធិត្រឹមត្រូវពីក្រុមប្រឹក្សាភិបាល (អង្គការ) ឬម្ចាស់ភាគហ៊ុន (ក្រុមហ៊ុន) ជាមុនសិន។
រីឯអ្នកលក់វិញ ត្រូវតែសង្កេតទៅលើអ្នកទិញថា គាត់មានសញ្ជាតិខ្មែរឬទេ ពីព្រោះតាមច្បាប់កម្ពុជា ជនបរទេសមិនអាចជាម្ចាស់កម្មសិទ្ធិលើដីបានទេ៕
