ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនOCICគ្រោងចំណាយទឹកប្រាក់២០លានដុល្លារ ដើម្បីសាងសង់ការិយាល័យកណ្តាលរបស់ខ្លួន នៅទីក្រុងរណបជ្រោយចង្វារ ភាគខាងកើតឆៀងខាងជើងក្រុងភ្នំពេញ។
អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១៧ វិច្ឆិកានេះថា ការសាងសង់អាគារការិយាល័យកំពស់២០ជាន់នេះ បានចាប់ផ្តើមបុកគ្រឹះហើយ ដោយវានឹងក្លាយជាការិយាល័យកណ្តាលរបស់ OCIC នៅពេលអាគារនេះសាងសង់ចប់។លោកបន្តថា ទឹកប្រាក់២០លានដុល្លារនេះសម្រាប់តែថ្លៃសាងសង់អាគារប៉ុណ្ណោះ មិនរួមបញ្ចូលថ្លៃដីនោះឡើយ។
-->

លោកបន្តថា ក្រៅពីការសាងសង់អាគារការិយាល័យនេះ OCIC នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមានផ្សារទំនើប ផ្ទះល្វែងនិងសេវាកម្មកំសាន្តមួយចំនួនទៀតនៅដើមឆ្នាំ២០១៨ខាងមុខនេះ។លោកបន្តថា បន្ទាប់ពីជៀរដីជូនដល់សហគមន៍រួច ទីក្រុងជ្រោយចង្វារមានផ្ទៃដីនៅសល់ជាង១០០ហិកតា។
តាមគម្រោងទីក្រុងរណប ដែលស្ថិតនៅកៀកនឹងកណ្តាលរាជធានីភ្នំពេញជាងគេនេះ គ្រោងចំណាយថវិកា៣០០០លានដុល្លារ ដើម្បីវិនិយោគតំបន់នេះឲ្យមានភាពរសរវើក។
បច្ចុប្បន្ន OCIC កំពុងសាងសង់ស្ពានយោងដោយខ្សែកាប ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់នេះ ដែលជាតំបន់មានការរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់ពីការសាងសង់ស្ពានជ្រោយចង្វារទី។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ជ្រោយចង្វារជាតំបន់មានសក្តានុពលខ្លាំង ក្នុងការវិនិយោគ ព្រោះតំបន់នេះចាប់ផ្តើមរីកចម្រើនខ្លាំងហើយ ដោយសារវាស្ថិតនៅជិតកណ្តាលរាជធានី ហើយលក្ខខ័ណ្ឌភូមិសាស្ត្រមានភាពអំណោយផល ដោយសារមានទីតាំងនៅជិតទន្លេដែលអំណោយផលដល់ការរស់នៅមានភាពងាយស្រួល។ លោកបន្តថា ដីតំបន់នេះភា គច្រើនគ្រប់គ្រងដោយឧកញ៉ាធំៗ ហេតុនេះប្រសិនជាពួកគាត់ចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍តំបន់នេះ នឹងកាន់តែមានការរីកចម្រើនខ្លាំង។
លោកបន្តថា “មនុស្សរស់នៅតំបន់នេះច្រើន ហើយមនុស្សនឹងកើនឡើងបន្ថែមទៀត នៅពេលគំរោងអភិវឌ្ឍន៍នានាចាប់ផ្តើមសកម្ម ដែលនឹងធ្វើឲ្យមនុស្សចូលទៅរស់នៅកាន់តែច្រើន”៕