អន្ទាក់ការប្រាក់ វិបត្តិចំណូលធ្វើឲ្យប្រជាពលរដ្ឋទិញលំនៅដ្ឋានមួយចំនួនរងទឹកភ្នែក

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្តីស្រម័យដ៏ត្រចះត្រចង់មួយបានរលាយបាត់ ហើយជំនួសមកវិញដោយទឹកភ្នែក បន្ទាប់ពីពួកគេបានបាត់បង់ទាំងចំណូល និងបាត់បង់ទាំងប្រាក់បង់ប្រចាំខែ នៅពេលផ្ទះរបស់ពួកគេត្រូវបានរឹបអូស ដោយម្ចាស់បុរីមួយចំនួន។


និន្នាការទិញលំនៅដ្ឋាន ដោយគ្មានប្រាក់កក់បានចាប់ផ្តើមពេញនិយ​ម​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែជាមួយនឹងលក្ខខ័ណ្ឌដែលមានសភាពជាអន្ទាក់បំណុលនេះ បានធ្វើឲ្យមនុស្សជាច្រើនរងការឈឺចាប់ មិនហ៊ានបញ្ចេញព៌តមានឲ្យគេដឹង “ដោយសារខ្មាស់គេ” នៅពេលផ្ទះរបស់ពួកគេត្រូវបានរឹបអូស។

អ្នកជំនាញអចលនទ្រព្យម្នាក់បាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គាត់មានបុគ្គលិកម្នាក់ ទិញផ្ទះវីឡាភ្លោះនៅបុរីមួយស្ថិតនៅស្រប​តាមបណ្តោយផ្លួវជាតិលេខ៦អា ដោយមួយខែគាត់ត្រូវបង់ប្រាក់៣០០០ដុល្លារជាង ប៉ុន្តែពេលនេះគ្រួសាររបស់គាត់បានរងវិបត្តិ នៅទីបំផុតប្រាក់ដែលគាត់បង់ ក្នុងរយៈពេលជាង៣ឆ្នាំបានបញ្ចប់ ជាមួយនឹងផ្ទះត្រូវបានម្ចាស់បុរីរឹបអូស ហើយលុយដែលបានបង់ត្រូវដាច់។

អ្នកជំនាញដដែលបានសំណូមពរ ឲ្យគេហទំព័រPropertyarea.asia សរសរពីរឿងនេះ ដើម្បីទុកជាបទពិសោធន៍ដល់ប្រជាជនផង និងឲ្យមន្រ្តី​ រដ្ឋាភិបាលពិចារណាលើរឿងនេះផង ដើម្បីស្វែងរកដំណោះស្រាយតាមដែលអាចធ្វើទៅបាន។

គាត់បន្តទៀតថា “ខ្ញុំពិតជាអាណិតគាត់ ប៉ុន្តែមិនអាចជួយគាត់បាន ដោយសារប្រាក់គាត់ត្រូវបង់ មានរយៈពេលវែង និងមានចំនួនច្រើន”។

ទាក់ទងបញ្ហានេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា​ធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតធ្លាប់បានលើកឡើងជាច្រើនឆ្នាំមកហើយ ដើម្បីឲ្យមានការយកចិត្តទុកដាក់លើបញ្ហានេះ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់ឃើញដំណោះស្រាយណាមួយ កើតមាននោះទេ។

អ្នកជំនាញអចលនទ្រព្យដដែលបានបន្តថា បញ្ហានេះបានកើតមានច្រើនណាស់ ព្រោះអ្នកស្រីបានជួបនិងធ្វើការពាក់ព័ន្ឋ ជាមួយវិស័យនេះជាច្រើនឆ្នាំមកនេះ ពិសេសក្នុងអំឡុងវិបត្តិកូវីដ១៩ រយៈពេលជិត៣ឆ្នាំមកនេះ មានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារបញ្ហានេះ នៅពេលប្រាក់ចំណូ​លរបស់ពួកគេមានបញ្ហា លំហូរសាច់ប្រាក់ត្រូវដាច់ និងសកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក។

ទោះជាយ៉ាងណា អ្នកជំនាញអចលនទ្រព្យ និងហិរញ្ញវត្ថុធ្លាប់បានលើកឡើងជារឿយៗផងដែរថា អ្នកទិញលំនៅដ្ឋានគួរពិចារណា ទៅលើលំហូរសាច់ប្រាក់របស់ខ្លួន និងគួរប្រើប្រាស់ឥណទានពីធនាគារពាណិជ្ជនានា ដែលមានអត្រាការប្រាក់ទាប ធៀបជាមួយអត្រាការប្រាក់ត្រូវបង់នៅតាមបុរីនានា។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួនគិតថា ការទិញផ្ទះបង់រំលស់សុទ្ឋ មានភាពប្រសើរជាងការជួលផ្ទះរបស់គេ ព្រោះពួកគេជួល១០ទៅ២០ឆ្នាំក៏នៅតែជាផ្ទះរបស់គេ ប៉ុន្តែបើសន្សំលុយបង់លំនៅដ្ឋាននៅតាមបុរីនានា ដោយមិនចាំបាច់បង់ប្រាក់កក់ នឹងជួយឲ្យពួកគេមានផ្ទះសម្រាប់ខ្លួនឯងនាពេលអនាគត ដោយពួកគេខសុខចិត្តរងភាពលំបាក។

អ្វីៗមិនប្រាកដថា នឹងរលូនទាំងអស់ដូចការគិតរបស់ពលរដ្ឋមួយចំនួននោះទេ ព្រោះនៅពេលវិបត្តិលំហូរសាច់ប្រាក់កើតឡើង ដោយសារបញ្ហាអ្វីមួយដូចជាវិបត្តិសេដ្ឋកិច្ច វិបត្តិជំងឺឆ្លងសកល នឹងធ្វើឲ្យក្រុមប្រជាពលរដ្ឋងាយរងគ្រោះ នឹងជួបគ្រោះលឿនជាងគេ។

ហេតុនេះ ការយោគយល់ពីម្ចាស់បុរី និងការរៀបចំគោលនយោបាយ ឲ្យមានភាពរ៉ឹងមាំពីស្ថាប័នពាក់ព័ន្ឋ ដើម្បីជួយលើកកំពស់សំណាញ់សុវត្ថិភាពសង្គម និងលើកកំពស់សុខមាលភាពជាតិ នឹងកាត់បន្ថយបាននូវភាព​ងាយរងគ្រោះរបស់ប្រជាពលរដ្ឋ និងអាចការពារពួកគេពីហានិភ័យទាំង​ឡាយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here