វិស័យអចលនទ្រព្យទទួលបានការចុះបញ្ជីធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាច្រើនជាងគេ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការចុះបញ្ជីធ្វើអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទទួលបានកំណើនគួរឱ្យកត់សម្គាល់។ ក្នុងនោះវិស័យអចលនទ្រព្យ និងការចុះបញ្ជីប្រកបអាជីវកម្មលើវិស័យយានយន្តមានចំនួនច្រើនជាងគេ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយពេលថ្មីៗនេះ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា ក្នុងមួយខែៗ ក្រសួងទទួលបានក្រុមហ៊ុនចុះបញ្ជីប្រកបអាជីវកម្មប្រមាណ៧០០ ទៅ៨០០ក្រុមហ៊ុន ដែលជាបរិមាណច្រើនមួយ បន្ទាប់ពីក្រសួងបានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីតាមថ្នាលឌីជីថល។

លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  បានមានប្រសាសន៍ថា ការធ្វើទំនើបកម្មសេវាសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដោយក្របខណ្ឌនេះ សំដៅធ្វើយ៉ាងណាធ្វើបដិវត្តកម្មឌីជីថលឱ្យបានមុនឆ្នាំ២០៣៥។

លោកបន្តថា កម្ពុជាត្រូវមានមូលដ្ឋានមួយនៃការធ្វើបដិវត្តកម្មនេះ ដើម្បីទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។ ក្នុងនោះ ស្នូលសំខាន់នៃការធ្វើបដិវត្តកម្មឌីជីថលមានគោលដៅចំនួនពីរគឺ ទិន្នន័យ និងថ្នាលឌីជីថល ដែលកន្លងមកគណៈកម្មធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃស្ថាប័នសម្របសម្រួល បានរៀបចំថ្នាលមួយចំនួនរួចហើយ ដើម្បីគាំទ្រដល់វិស័យរដ្ឋ និងឯកជន អាចថ្ពក់ចូលគ្នា ដើម្បីក្លាយជានវានុវត្តន៍ សម្រាប់ជាប្រយោជន៍នៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងនៅក្នុងវិស័យរបស់រាជរដ្ឋាភិបាលផងដែរ។

លោកបន្តថា សម្រាប់និន្នាការនៃការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងមួយខែៗ ទទួលបានការចុះបញ្ជីអាជីវកម្មក្នុងរង្វង់ប្រមាណ៧០០ ទៅ៨០០ក្រុមហ៊ុន ដោយរក្សានូវកំណើនស្ថេរភាពល្អប្រសើរ ដែលជាការចូលរួមចំណែកកាន់តែសំខាន់ និងផ្តល់ភាពងាយស្រួលដល់វិនិយោគិន ជាពិសេសវិនិយោគិននៅក្រៅប្រទេស ក្នុងការចុះបញ្ជីវិនិយោគនៅកម្ពុជា។

លោកបណ្ឌិត គង់ ម៉ារី  អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើកឡើងថា សម្រាប់ពេលអនាគត ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បានបង្ហាញយ៉ាងច្បាស់ នៃការពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថល ដែលជាចន្ទល់ថ្មីនៃកំណើនសេដ្ឋកិច្ច និងសង្គម និងជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការឆ្លើយតបទៅនិងវិបត្តិ ជាពិសេសដំណើរការនៃការងើបឡើងវិញ ចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងលើកស្ទួយការប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានលើកឡើងផងដែរថា ការចុះបញ្ជីក្រុមហ៊ុននៅក្នុងក្រសួងសាម៉ី បានត្រឹមត្រូវក៏ជាការទាក់ទាញ និងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគមកពីខាងក្រៅផងដែរ។ អ្នកវិនិយោគ ដែលមកពីបរទេស និងចង់បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស គេត្រូវការក្រុមហ៊ុនមានបញ្ជីស្នាមត្រឹមត្រូវ ទាំងភ្នាក់ងារ និងអ្នកប្រឹក្សា ក៏ដូចជាវាយតម្លៃ។ ប្រសិនបើយើងមិនមានចុះបញ្ជីស្របច្បាប់ មិនមានបញ្ជីស្នាមត្រឹមត្រូវ វាក៏នឹងធ្វើឱ្យបាត់ទំនុកចិត្តមួយផ្នែកពីវិនិយោគិនបរទេសផងដែរ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាទទួលបានក្រុមហ៊ុន ដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអនុម័តរួចមានចំនួន១៤.៦៧៦ក្រុមហ៊ុន គិតជាដើមទុនសរុបមានចំនួនជិត២០ទ្រីលានរៀល ត្រូវប្រមាណជាង៤.៦៧០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here