ធនាគារពិភពលោកដំឡើងការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២នេះ

0

ដោយៈ សុខុម

ភ្នំពេញ: វាជាដំណឹងដ៏គួរឱ្យសាទរមួយ ដែលធនាគារពិភពលោក (World Bank) បានបង្កើនការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដល់៤,៨%នៅក្នុងឆ្នាំ២០២២នេះ បើធៀបនឹងការព្យាករ៤,៥% របស់ធនាគារនេះកាលពីខែមេសា។

ការដំឡើងការព្យាករណ៍ របស់ធនាគារពិភពលោកមួយនេះ ធ្វើឡើង ស្របពេលតម្រូវការ ទូទាំងពិភពលោកកាន់តែធ្លាក់ចុះ ហើយថ្លៃទំនិញកាន់​តែកើនឡើង។

របាយការណ៍របស់ធនាគារពិភពលោកស្ដីពី បច្ចុប្បន្នសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (World Bank East Asia and Pacific Economic Update) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា បង្ហាញថា កត្តាជំរុញកំណើន ដែលផ្តោតលើការនាំចេញ ជាពិសេសវិស័យកាត់ដេរ ស្បែកជើង ទំនិញធ្វើដំណើរ និងឧស្សាហកម្មផលិតកង់ ព្រមទាំងកសិកម្ម បានបន្តជួយគាំទ្រ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា។

របាយការណ៍ដដែលបង្ហាញថា ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា ទទួលបានសន្ទុះដោយសារការវិនិ​យោគ និងទំហំពាណិជ្ជកម្មបានកើនឡើង។ របាយការណ៍នេះបន្ថែមទៀតថា តម្លៃគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តឈានដល់៣១៥លានដុល្លារអាមេរិក ក្នុងត្រីមាសទី២ ដើមឆ្នាំ២០២២។

លោក Aaditya Mattoo អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងបែបសុទិដ្ឋិ​និយមថា ភាពជោគជ័យរបស់កម្ពុជា នៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩ បានជួយឱ្យសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករស់រវើកឡើងវិញ និងបានធ្វើឱ្យការនាំចេញទំនិញកើនឡើង។

យោងតាមរបាយការណ៍បានឱ្យដឹងថា អតិផរណារបស់កម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងដល់៦%នៅឆ្នាំនេះ ដោយសារតែការឡើងថ្លៃចំណីអាហារ និងប្រេងឥន្ធនៈ មុនពេលធ្លាក់ចុះមកនៅត្រឹម៤,២%វិញនៅឆ្នាំក្រោយ។

របាយការណ៍ដដែលបង្ហាញថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់កម្ពុជា រំពឹងទទួលបានកំណើន៥,២% ដោយសារតម្រូវការប្រើប្រាស់កើនឡើង ខណៈអត្រាមានការងារធ្វើកើនឡើង រួមជាមួយនឹងតម្រូវការប្រើប្រាស់រដ្ឋាភិបាលកើនឡើងខ្លាំងអំឡុងឆ្នាំ ដែលត្រូវរៀបចំការបោះឆ្នោតនេះ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here