ដោយៈ សុផារី
ភ្នំពេញៈ ក្រុមហ៊ុន Angkor Resources Corp. បានប្រកាសថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុនEnerCam Resources Corp. (Cambodia) Co. Ltd. បានទទួលអាជ្ញាប័ណ្ណចុងក្រោយសម្រាប់ការរុករក ការអភិវឌ្ឍន៍ និងការផលិតនៅលើប្លុកទី VIII នៅក្នុងដែនសមុទ្រកម្ពុជា។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TheNewswire នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដោយដកស្រង់សម្តីរបស់ លោក Mike Weeks ប្រធានក្រុមហ៊ុន EnerCam ថា “យើងមានការរំភើបចំពោះវឌ្ឍនភាពលើការរុករកប្រេង និងឧស្ម័នរបស់ប្រទេសកម្ពុជា ដោយសារយើងជឿថា នេះគឺជាការផ្លាស់ប្តូរដ៏ធំធេងសម្រាប់ប្រទេសទាំងមូល”។
-->

លោក Mike Weeks បានបន្តថា “ការមានប្រភពថាមពលរយៈពេលវែងផ្ទាល់ខ្លួន រួមមានសម្រាប់LNGឥន្ធនៈ និងផលិតផលជាច្រើនប្រភេទ ដែលនាំចូលមកកម្ពុជា នាពេលបច្ចុប្បន្ន នឹងជំរុញប្រទេសនេះទៅកាន់កម្រិតថ្មីមួយ”។លោកបន្តថា “វាចាប់ផ្តើមជាមួយនឹងការរុករកនៅលើប្លុក VIII ដែលយើងឃើញមានឧស្ម័ន ការជ្រាបប្រេង ដែលបង្ហាញទិសដៅសក្តានុពលសម្រាប់ការរកឃើញ”។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យ ក្រុមហ៊ុន EnerCam Resources Co. Ltd ដែលជាក្រុមហ៊ុនមកពីកាណាដា សិក្សាពីលទ្ធភាពក្នុងការបន្តប្រតិបត្តិការបូមប្រេងពីប្លុក A បន្តពីក្រុមហ៊ុនសិង្ហបុរី KrisEnergy។
កន្លងមក ក្រុមហ៊ុន៤ផ្សេងទៀត ដែលមកពីប្រទេសថៃ ចិន ម៉ាឡេស៊ី និងកាហ្សាក់ស្តង់ មានបំណងចង់មកវិនិយោគការបូមប្រេង នៅកម្ពុជា ដោយអគ្គនាយកដ្ឋានប្រេងកាត មិនទាន់បញ្ជាក់ឈ្មោះក្រុមហ៊ុននីមួយៗបាននោះទេ ក្រៅពីក្រុមហ៊ុនមកពីប្រទេសកាណាដា។

កាសែតដដែលបានឱ្យដឹងទៀតថា តំបន់ដែលមានអាជ្ញាប័ណ្ណស្ថិតនៅជ្រុងនិរតីនៃប្រទេសកម្ពុជា។ ការអនុញ្ញាតនេះ គឺសម្រាប់រយៈពេលរុករកបីឆ្នាំដំបូង និងរយៈពេលបន្តបន្ទាប់ចំនួនពីរទៀត នៃរយៈពេលពីរឆ្នាំនីមួយៗ។ លក្ខខណ្ឌនៃការអភិវឌ្ឍន៍ និងផលិតកម្មគឺសម្រាប់២៥ឆ្នាំជាមួយនឹងការបន្តបន្ថែម។
លោកស្រី Delayne Weeks នាយកប្រតិបត្តិក្រុមហ៊ុន Angkor មានប្រសាសន៍ថា “កម្ពុជាត្រូវការប្រភពថាមពលផ្ទាល់ខ្លួន ហើយយើងទន្ទឹងរង់ចាំយ៉ាងសកម្មក្នុងការរុករក និងផលិតថាមពលសម្រាប់ប្រទេសកម្ពុជា ខណៈពេលដែលបង្កើតគោលការណ៍ ESG ដ៏រឹងមាំនៅក្នុងវិស័យថ្មីមួយរបស់ប្រទេស”។
លោកស្រីបន្តថា “នេះក៏ជាឱកាសដ៏ធំមួយ សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាមួយនឹងវិស័យឧស្សាហកម្មថ្មី ដ៏សំខាន់សម្រាប់កម្ពុជា”។ លោកស្រីបន្តថា ការអនុវត្តឧត្តម្មានុវត្ត សម្រាប់ការបង្កើតថាមពលជាមួយអ៊ីដ្រូកាបូន នាំមកនូវការអភិវឌ្ឍន៍ជាវិជ្ជមាន និងជាគំរូសម្រាប់ប្រទេសទាំងមូល”។
លោកស្រីបន្ថែមថា យើងអាចប្រើអ្វីដែលយើងបានរៀន ពីកន្លែងផ្សេងទៀតដើម្បីកាត់បន្ថយការបញ្ចេញកាបូនិក និងផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់សេដ្ឋកិច្ច និងប្រជាជន៕
